ព្រីនស៍ ស៊ុបភើម៉ាឃីត នឹងពង្រីកវិសាលភាពផ្សារទំនើបរបស់ខ្លួនឲ្យបាន១០ទីតាំងនៅភ្នំពេញក្នុងឆ្នាំនេះ​



ភ្នំពេញ៖ ព្រីនស៍ ស៊ុបភើម៉ាឃីត នឹងពង្រីកវិសាលភាពទីតាំងផ្សារទំនើបរបស់ខ្លួនឲ្យបាន១០ទីតាំងក្នុងរាជធានីភ្នំពេញក្នុងឆ្នាំនេះ ដើម្បីបំពេញតម្រូវការទិញទំនិញពីប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង។

លើកឡើងនៅក្នុងពិធីសម្ភោធន៍ផ្សារទំនើបទី៩ របស់ព្រីនស៍ស៊ុបភើម៉ាឃីត នៅជិតរង្វង់មូលកាំកូស៊ីធី នាព្រឹកថ្ងៃទី ៣០ ខែតុលានេះ លោក ឈិន ចិពីង នាយកប្រតិបត្តិផ្សារទំនើប Prince SuperMarket បានបញ្ជាក់ថា ការពង្រីកទីតាំងផ្សារទំនើបរបស់ព្រីនស៍ ជាបន្តបន្ទាប់នៅក្នុងរាជធានីភ្នំពេញនេះ គឺដោយសារយើងបានមើលឃើញពីតម្រូវការកើនឡើងនៃការទិញទំនិញឲ្យមានគុណភាព និងអនាម័យ ជាមួយនឹងតម្លៃសមរម្យ ពីប្រជាពលរដ្ឋក្នុងទីក្រុងមានការកើនឡើង ខណៈដែលកម្រិតជីវភាពពលរដ្ឋកម្ពុជា កំពុងមានភាពល្អប្រសើរ។

លោកបន្តថា វត្តមានរបស់ព្រីនស៍ស៊ុបពើម៉ាឃីត ក្នុងទីផ្សារកម្ពុជា មិនត្រឹមតែអាចបំពេញបាននូវតម្រូវការរបស់អតិថិជនប៉ុណ្ណោះទេ តែក្រុមមហ៊ុនយើង ក៏បានចូលរួមបង្កើតជាការងារដល់ពលរដ្ឋកម្ពុជាផងដែរ ដែលជាក់ស្ដែងក្រុមហ៊ុនព្រីនស៍ បានផ្តល់ឱកាសការងារប្រមណ៨០%ជូនដល់ពលរដ្ឋកម្ពុជា នៃចំនួនបុគ្គលិកសរុបរបស់ខ្លួន។

លោកបញ្ជាក់ថា ផ្សារទំនើបទី៩ Prince SuperMarket នេះ មានទំនិញចំរុះជាច្រើនពាន់មុខ ដោយទំនិញទាំងនោះ ប្រមាណជា ៧០% ជាផលិតផលរបស់ខ្មែរ និងក្រៅពីនោះជាផលិតផលនាំចូលពីក្រៅប្រទេសដូចជា ចិន ថៃ និងជប៉ុន ជាដើម។ ផ្សារទំនើបនេះ មានគោលការណ៍រួម ៤យ៉ាងគឺ សេវាកម្ម, ផលិតផល, តម្លៃ, ភាពស្រស់នៃទំនិញ សម្រាប់ប្រជាជនកម្ពុជាដែលមានជីវភាពមធ្យម ដែលអាចទិញទំនិញប្រកបដោយគុណភាពល្អ ជាពិសេសគឺការបញ្ចុះតម្លៃ និងការផ្តល់ជូននូវរង្វាន់ផ្សេងៗ ក៏ដូចជាការបញ្ជុះតម្លៃពិសេស៥០% ក្នុងឱកាសបុណ្យអំទូក១ថ្ងៃផងដែរ។ ក្រៅពីនោះក្រុមហ៊ុន ក៏មានបំរើនូវសេវាដឹកជញ្ជូនដោយឥតគិតថ្លៃផងដែរ សម្រាប់អតិថិជនដែលបញ្ជីទិញចាប់ពី១៥ដុល្លារឡើងទៅ។

គួរបញ្ជាក់ថា នេះជាសាខាទី៩ហើយ របស់ផ្សារទំនើប Prince SuperMarket ដែលត្រូវបានវិនិយោគដោយ ក្រុមហ៊ុន Prince Real Estate Group ហើយជាចក្ខុវិស័យរបស់ក្រុមហ៊ុនគ្រោងនឹងពង្រីកឲ្យបានច្រើនទីតាំងបន្ថែមទៀត ក្នុងរាជធានីភ្នំពេញ ដោយក្នុងឆ្នាំនេះ នឹងបើកឲ្យបាន ១០សាខាបន្ថែម មុននឹងឈានទៅខេត្តព្រះសីហនុ សៀមរាប និងប៉ោយប៉ែតជាដើម ៕

ដោយ៖ ស្រីពេជ្រ

X
5s