ពិធីបញ្ចុះបឋមសិលាអគារមជ្ឈមណ្ឌលបច្ចេកវិទ្យា (Tech Center)
ថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ២១ ខែតុលា ឆ្នាំ២០១៩ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (NIPTICT) បានប្រារព្ធពិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់អគារ មជ្ឈមណ្ឌលបច្ចេកវិទ្យា (Tech Center) ក្រោមអធិបតីភាព ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាមូលនិធិ ស.អ. ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួងប.ទ អនុប្រធាននិងសមាជិកក្រុមប្រឹក្សាមូលនិធិ ស.អ. តំណាងក្រុមហ៊ុនមិត្តហ្វូន មន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាមូលនិធិ ស.អ. សាស្ត្រាចារ្យ និស្សិត NIPTICT និងស្ថាប័នដែលជាដៃគូនានា។
មជ្ឈមណ្ឌលបច្ចេកវិទ្យា (ហៅជាភាសាអង់គ្លេសថា Tech Center) សាងសង់ឡើងដោយប្រើប្រាស់មូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យ ប.គ.ព (មូលនិធិ ស.អ.) ដែលជាមូលនិធិមួយកើតចេញអំពីការចង្អុលបង្ហាញពីច្បាប់ស្តីពីទូរគមនាគមន៍ ដោយកំណត់ឱ្យប្រតិបត្តិករទូរគមនាគមន៍បង់វិភាគទានចំនួន ០១ ភាគរយនៃចំណូលដុលដើម្បីចូលរួមអភិវឌ្ឍន៍ដល់ការបណ្តុះបណ្តាលធនធានមនុស្ស និងការស្រាវជ្រាវនិងការអភិវឌ្ឍផ្នែកទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យទ-ប.គ.ព របស់កម្ពុជា។
អគារមជ្ឈមណ្ឌលបច្ចេកវិទ្យា មានកម្ពស់ ០៤ ជាន់ និងទំហំអគារសរុប ៣៨០០ម៉ែត្រក្រឡា នឹងក្លាយជាមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថលដំបូងគេនៅកម្ពុជា ដែលកើតឡើងពីកិច្ចសហការរួមគ្នារវាងវិទ្យាស្ថានជាតិ NIPITCT ដែលជាគ្រឹះស្ថានស្រាវជ្រាវរបស់រដ្ឋ និងក្រុមហ៊ុន Viettel (Cambodia)។
អគារមជ្ឈមណ្ឌលបច្ចេកវិទ្យា (Tech Center) នឹងត្រូវប្រើប្រាស់សម្រាប់ជម្រុញការស្រាវជ្រាវ និង ប្រែក្លាយ សមិទ្ធផលដែលកើតចេញពីការស្រាវជ្រាវនិងអភិវឌ្ឍន៍ផ្នែកបញ្ញាសប្បនិម្មិត(AI) វិទ្យាសាស្រ្តទិន្នន័យ (Data Science) អ៊ិនធឺណិតនៃវត្ថុ(IoT) បច្ចេកវិទ្យាពពក (Cloud Computing) សុវត្ថិភាពអ៊ិនធឺណិត ទៅជាបច្ចេកវិទ្យាឌីជីថលដែលអាចធ្វើអាជីវកម្មបានដូចជាបច្ចេកវិទ្យាបម្រើឱ្យរដ្ឋាភិបាលឌីជីថល (GovTech) បច្ចេកវិទ្យាសម្រាប់អប់រំ (EduTech) បច្ចេកវិទ្យាសម្រាប់កសិកម្ម (AgriTech) បច្ចេកវិទ្យាសម្រាប់ហិរញ្ញវត្ថុ (FinTech) បច្ចេកវិទ្យាសម្រាប់សុខាភិបាល (HealthTech) ។ល។
ឯកឧត្តម សេង សុភាព ប្រធានវិទ្យាស្ថានជាតិ NIPTICT ដែលជាសេនាធិការនៃការអនុវត្តគម្រោង ស.អ. បានមានប្រសាសន៍ថា ការសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យា (Tech Center) នេះ នឹងចូលរួមជំរុញដល់ការស្រាវជ្រាវរបស់សិស្ស-និស្សិតលើវិស័យបច្ចេកវិទ្យា ហើយកិច្ចការនេះស្របទៅនឹងផែនការ ស.អ. និងគោលដៅទី២ របស់វិទ្យាស្ថានជាតិ NIPTICT គឺការស្រាវជ្រាវវិទ្យាសាស្ត្រលើបច្ចេកវិទ្យាឌីជីថលផងដែរ។
តំណាងក្រុមហ៊ុន Viettel (Cambodia) បានមានប្រសាសន៍ថា ក្រុមហ៊ុន Viettel (Cambodia) ពិតជាមានសេចក្តីសោនស្សរីករាយជាខ្លាំងដែលបានចូលរួមចំណែកជំរុញដល់ការកសាងធនធានមនុស្សលើកិច្ចការស្រាវជ្រាវ និងអភិវឌ្ឍន៍ក្នុងវិស័យឌីជីថលនេះ។ លោក បានបន្តទៀតថា តាមរយៈអគារនេះ សិស្ស-និស្សិត នឹងទទួលបាន បទពិសោធន៍ថ្មីៗទាំងចំពោះការសិក្សានិងការប្រកបការងារ ដែលវានឹងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន។
ថ្លែងក្នុងសុន្ទរកថាក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យា ឯកឧត្តមត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាមូលនិធិ ស.អ. បានមានប្រសាសន៍ថា ក្រុមប្រឹក្សាមូល-និធិ ស.អ. សម្រេចឱ្យវិទ្យាស្ថានជាតិ NIPTICT អនុវត្តគម្រោងសាងសង់ Tech Center នេះគឺដើម្បីជំរុញដល់ការស្រាវជ្រាវនិងការអភិវឌ្ឍនៅកម្ពុជា ដោយអគារនេះនឹងបង្កើតជាទីកន្លែងមួយសម្រាប់ធ្វើកិច្ចសហប្រត្តិបត្តការក្នុងកិច្ចការស្រាវជ្រាវស្របនឹងតម្រូវការទីផ្សារបច្ចេកវិទ្យានាពេលបច្ចុប្បន្ន ដោយមានការចូលរួមពីស្ថាប័នស្រាវជ្រាវសាធារណៈ និងវិស័យឯកជន ក្នុងគោលដៅជំរុញការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេវិទ្យាឌីជីថលដើម្បីជួយដល់វិស័យផ្សេងៗ ដូចជា វិស័យអប់រំ វិស័យសុខាភិបាល វិស័យកសិកម្ម និងវិស័យឧស្សាហកម្ម ដែលស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៤ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលនាពេលកន្លងមក ដើម្បីត្រៀមខ្លួនចាប់យកសេដ្ឋកិច្ចឌីជីថល និងចាប់យកកាលានុវត្តភាពនៃបដិវត្តន៍ឧស្សាហកម្ម ៤.០។
គួរបញ្ជាក់ផងដែរថា អគារមជ្ឈមណ្ឌលបច្ចេកវិទ្យា (Tech Center) នេះ ជាសមិទ្ធផលទីពីរនៃការសាងសង់ក្នុងក្របខ័ណ្ឌមូលនិធិ ស.អ. ដែលគ្រោងនឹងសាងសង់រួចរាល់ក្នុងរយៈ១៨ ខែ។ ចំពោះអគារមជ្ឈមណ្ឌលនវានុវត្តន៍ (Innovation Center) ដែលជាសមិទ្ធផលទី១ នឹងត្រូវដាក់ឱ្យដំណើរការក្នុងដើមឆ្នាំ២០២០ ខាងមុខនេះ។
សូមបញ្ជាក់ថា វិទ្យាស្ថានជាតិ NIPTICT គឺជាគ្រឹះស្ថានស្រាវជ្រាវនិងបណ្ដុះបណ្ដាល ឯកទេសបច្ចេកវិទ្យាឌីជីថលដំបូងគេបំផុតនៅកម្ពុជា ស្ថិតនៅក្រោមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
វិទ្យាស្ថានជាតិ NIPTICT មានបេសកកម្មចំនួន ៣ធំៗ ៖
• ការអប់រំបណ្ដុះបណ្ដាលជំនាញឌីជីថល
• ការស្រាវជ្រាវវិទ្យាសាស្ត្រលើបច្ចេកវិទ្យាឌីជីថល
• និងការលើកកម្ពស់សហគ្រិនភាព និងនវានុវត្តន៍នៅកម្ពុជា
រាជធានីភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់
លោក បេ ចន្ត្រា
នាយកទំនាក់ទំនងសាធារណៈ
វិទ្យាស្ថានជាតិ NIPTICT
+855 (0)12 316781