បរិស្ថានបៃតង ក្លាយជាប្រធានបទសំខាន់ក្នុងកម្មវិធីពិព័រណ៍កុមារនិងគ្រួសារប្រចាំឆ្នាំលើកទី ៧
នាព្រឹកថ្ងៃសៅរ៍ទី ១៩ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ ក្រុមហ៊ុនអនុស្សាអ៊ីវេនផ្លេននើរ បានរៀបចំពិព័រណ៍កុមារនិងគ្រួសារប្រចាំឆ្នាំលើកទី ៧ ក្រោមប្រធានបទ “កុមារនិងបរិស្ថាន - Green Generation” នៅសាលសន្និសិទ្ន និងពិព័រណ៌កោះពេជ្រ។ កម្មវិធីពិព័រណ៍កុមារនិងគ្រួសារប្រចាំឆ្នាំលើកទី ៧ បានបើកក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក សេង ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុនអនុស្សាអ៊ីវេនផ្លេននើរ លោក លោកស្រី ភ្ញៀវជាតិ អន្តរជាតិ ក្រុមហ៊ុននានា សាលារៀន មាតាបិតា និងកុមារា កុមារីជាច្រើន។
ថ្លែងក្នុងឱកាសនោះលោក សេង ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុនអនុស្សាអ៊ីវេនផ្លេននើរ បានលើកឡើងថានេះជាលើកទី ៧ ហើយដែលក្រុមហ៊ុនអនុស្សាអ៊ីវេនផ្លេននើរបានរៀបចំកម្មវិធីពិព័រណ៍កុមារនិងគ្រួសារ និងលើកយកប្រធានបទ “កុមារនិងបរិស្ថាន - Green Generation” នេះឡើង។ លោកថ្លែងបន្តថា កាលពីមុនយើងអាចនឹងមិនសូវយកចិត្តទុកដាក់ ឬចាប់អារម្មណ៍ថាផែនដីរបស់យើងកំពុងឡើងកំដៅដោយសារ កំណើននៃការចោលសំរាម និងគ្មានការគ្រប់គ្រងសំណល់បានល្អ តែពេលនេះយើងអាចទទួលស្គាល់ហើយថាផែនដីយើងពីជាមានការកើនឡើងកំដៅពិតមែន។
ការរៀបចំក្នុងសាលពីព័រណ៌ពោរពេញដោយពណ៌បៃតងតំណាងបរិស្ថាន មានរៀបចំជាកន្លែងលេងដែលអាចឲ្យកុមារដាំដើមឈើ កន្លែងកែច្នៃរបស់របរចាស់ៗដើម្បីប្រើប្រាស់ឡើងវិញ ការគូសលើថង់ក្រណាត់ ឬថង់បរិស្ថានជាដើម។ លោកសង្ឃឹមថា ប្រធានបទក្នុងឆ្នាំនេះនឹងចូលរួមចំណែកបណ្ដុះ និងបញ្ជៀបការយល់ដឹងរបស់កុមារលើបញ្ហាបរិស្ថាន ហើយួកគេនឹងបន្តអនុវត្តការថែរក្សាបរិស្ថានឲ្យបានល្អប្រសើរ។
ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិត សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក៏មានមតិស្វាគមន៍ក្នុងពិធីនោះថា “ពិព័រណ៍ពាណិជ្ជកម្មថ្ងៃនេះធ្វើឡើងក្នុងគោលដៅតម្រង់ទិសទៅរកការកសាងធនធានមនុស្ស និងថែរក្សាបរិស្ថាន និងផ្សព្វផ្សាយផលិតផលប្រើប្រាស់ទូទៅរបស់កុមារ ហើយខ្ញុំសង្ឃឹមថាក្នុងរយ:ពេល០២ ថ្ងៃនេះ មាតាបិតា និងបុត្រធីតា នឹងមានឱកាសចូលរួមដោយសេរីក្នុងកម្មវីធីកម្សាន្តផ្សេងៗ ដើម្បីទទួលបាននូវបទពិសោធន៍ និងចំណេះដឹងថ្មីៗបន្ថែម ពីអ្នកជំនាញដែលមកពីសាលាជាតិ និងអន្តរជាតិល្បីៗ ក្នុងការអប់រំកូនចៅរបស់ខ្លួន។
ពិព័រណ៍ពាណិជ្ជកម្មនេះ ក៏និងមានការដាក់តាំងបង្ហាញសម្ភារ:បរិស្ថាន និងផលិតផលកុមារ និងគ្រួសារយ៉ាងច្រើន និងជាឱកាសស្វែងរកដៃគូពាណិជ្ជកម្មផងដែរ សម្រាប់អ្នកដែលមានបំណងពង្រីកអាជីវកម្មរបស់ខ្លួននៅតាមមូលដ្ឋាន។
តាំងនាមឲ្យឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏បានមានប្រសាសន៍ក្នុងការបើកដំណើរការកម្មវិធីពិព័រណ៍កុមារនិងគ្រួសារដែរថា “ជាមួយនឹងប្រធានបទពិសេសប្រចាំឆ្នាំលើកទី៧នេះ “កុមារនិងបរិស្ថាន - Green Generation” នឹងចែករំលែកនូវភាពសប្បាយរីករាយ និងចំណេះដឹងអំពីការថែរក្សាបរិស្ថាន ការដាំដើមឈើ ការកែច្នៃរបស់របរចាស់ទៅជារបស់ថ្មី អត្ថប្រយោជន៍នៃថង់ក្រណាត់ និងការគ្រប់គ្រងសម្រាម។
ប្រធានបទឆ្នាំនេះមានគោលបំណងផ្សព្វផ្សាយ និងផ្សាភ្ជាប់ចំណេះដឹងពីបរិស្ថានដល់កុមារតូចៗនិង បង្កើតទំលាប់ល្អក្នុងការបន្ថយនិងគ្រប់គ្រងសម្រាម។ ឯកឧត្តម ក៏បានបញ្ជាក់ដែរថា ការអភិវឌ្ឍធនធានមនុស្សនៅតែស្ថិតក្នុងវិស័យអាទិភាពសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា ហើយការអបរំកុមារឲ្យយល់ដឹងពីបរិស្ថាន និងការគ្រប់គ្រងសំរាមក៏ជាភាពចាំបាច់មួយដែលយើងគ្រប់គ្នាត្រូវចូលរួម។
ក្នុងរយៈពេល២ថ្ងៃនៃពិព័រណ៍ឆ្នាំនេះ កុមារនឹងទទួលបានបទពិសោធន៍ថ្មីពីការរៀនកែច្នៃសម្ភារៈដែលពួកគេឈប់ប្រើប្រាស់នៅផ្ទះ រៀនដាំរុក្ខជាតិបៃតងនៅផ្ទះ រៀនបន្ថយផ្លាស្ទិកនិងប្រើប្រាស់ឡើងវិញក្នុងការរស់នៅប្រចាំថ្ងៃ។
ក្នុងនោះ នឹងមានការរៀបចំទីធ្លាកម្សាន្ដធំៗសម្រាប់កុមារដូចជា ទីធ្លាដាំដើមឈើ គូររូបនិងផាត់ពណ៌លើថង់ក្រណាត់ អានសៀវភៅ ល្បែងកម្សាន្ដកុមារ ធ្វើកូនឡានពីសំបងឡាំង កូនបាល់ រួមជាមួយការប្រកួតលើឆាកដូចជា ការប្រកួតសង់ DoyDoy និយាយជាសាធារណៈ គូររូប កែច្នៃផ្លាស្ទិក ប្រកួតទារកវារ រាំ ដើរម៉ូត ដើម្បីបង្ហាញសមត្ថភាពនិងបង្កើនភាពក្លាហានរបស់កុមារ ហើយអ្វីៗទាំងអស់ក៏នឹងត្រូវធ្វើឡើងដោយផ្សារភ្ជាប់ជាមួយធម្មជាតិ។
គួរបញ្ជាក់ដែរថា ក្រុមហ៊ុនអនុស្សាអ៊ីវេនផ្លេននើរ បានចាប់ផ្ដើមរៀបចំពិព័រណ៍កុមារនិងគ្រួសារជាលើកដំបូងនៅក្នុងឆ្នាំ២០១៤ ដែលមានការចូលរួមពីសំណាក់មាតាបិតានិងបុត្រធីតាប្រមាណជាង២,៥០០នាក់ និងបន្ដរៀបចំជារៀងរាល់ឆ្នាំរហូតដល់កាលពីឆ្នាំទៅមិញ ចំនួនមាតាបិតានិងបុត្រធីតាដែលបានចូលរួមពិព័រណ៍កុមារនិងគ្រួសារប្រចាំឆ្នាំលើកទី៦ មានការកើនរហូតដល់៣៣,០០០ម៉ឺននាក់។ ពិព័រណ៍កុមារនិងគ្រួសារប្រចាំឆ្នាំដែលរៀបចំឡើងដោយក្រុមហ៊ុនអនុស្សាអ៊ីវេនផ្លេននើរ តែងលើកយកប្រធានបទសំខាន់ៗដើម្បីជាការអប់រំដល់កុមារ ហើយនៅឆ្នាំបន្តបន្ទាប់ទៀតអាចនឹងមានការលើកយកប្រធានបទដទៃទៀតដូចជា ទេសចរណ៍ ស្ថាបត្យកម្ម និងអ្វីផ្សេងៗទៀតដែលខ្មែរយើងល្បីល្បាញ។ ការតាំងពិព័រណ៌នេះដែរមានផលិតផលជាង ៥ ០០០មុខទំនិញ និងមានមាតាបិតា បុត្រធិតា ប្រមាណជាង បីម៉ឺនបីពាន់នាក់ (៣៣ ០០០) ចូលរួម ជាពិសេសកុមារដែលមានអាយុចន្លោះ ពី ១-១៣ឆ្នាំ៕
ដោយ៖ យ៉ាយ៉ា