ទោះ Carino មិនមែនជាភាសាជាតិ តែផលិតផលនិងក្តីស្រលាញ់ជារបស់ខ្មែរដែលយើងគួរគាំទ្រ
Carino ជាយីហោសំលៀកបំពាក់ក្នុងស្រុកមួយដែលមានម្ចាស់ជាកូនខ្មែរ ចំណែកការផលិត និងច្នៃម៉ូតក៏ជាស្នាដៃកូនខ្មែរ។ អ្នកនាង ទឹម លក្ខិណា ជាស្ថាបនិកហាង Carino បានមានប្រសាសន៍ថា ឈ្មោះ Carino នេះជាក់ស្តែងជាជាភាសាអេស្ប៉ាញ មានអត្ថន័យថា ការស្រលាញ់។ ការចាប់ផ្តើមអាជីវកម្មមួយនេះក៏កើតចេញពីក្តីស្រលាញ់របស់អ្នកនាងលើវិស័យសំលៀកបំពាក់ ដូច្នេះហើយទើបបានជាអ្នកនាងសម្រេចចិត្តយក Carino ដាក់ជាឈ្មោះយីហោផលិតផលរបស់អ្នកនាង។
ទម្រាំអាចមានថ្ងៃឈរជើងបានដូចសព្វថ្ងៃ Carino ជួបរឿងរ៉ាវជាច្រើនដែលពេលខ្លះវាបានធ្វើឲ្យអ្នកនាង ទឹម លក្ខិណាស្ទើរបោះបង់វាចោល បញ្ហាដែលចាត់ទុកថាជារឿងធ្ងន់ធ្ងរបំផុតគឺគ្មានការគាំទ្រពីសំណាក់អតិថិជនក្នុងស្រុកផ្ទាល់តែម្តង។ តែទោះជាយ៉ាងណាអ្នកនាងមិនបោះបង់ក្តីស្រមៃ និងក្តីស្រលាញ់របស់ខ្លួនចោលឡើយ មានតែបន្តជំនះការលំបាក ជំនះភាពបាក់ទឹកចិត្ត ក៏ដូចជាជំនះភាពរឹះគន់ទាំងឡាយមើលលើសំលៀកបំពាក់ម៉ាក Carino នេះ។ អ្វីដែលអ្នកនាងត្រូវធ្វើបន្ទាប់ពីការមិនទុកចិត្តលើគុណភាព និងការមិនឲ្យតម្លៃផលិតផលក្នុងស្រុក គឺការទាញយកទំនុកចិត្តពីអតិថិជន ផ្តល់ជូនអតិថិជននូវសេវាកម្មល្អ ព្យាយាមស្វែងរកវិធីសាស្រ្តលក់គ្រប់មធ្យោបាយដូចជា ការតាំងពិព័រណ៌ ការឡាយលក់តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកជាដើម។
ជាងនេះទៅទៀត Carino បច្ចុប្បន្នបានផ្តល់ភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនដូចជា ទទួលយកគំនិត មតិយោបល់ ការច្នៃជាម៉ូតផ្សេងៗរបស់អតិថិជន ហើយយកវាមកផ្គួបបញ្ចូលគ្នាជាមួយគំនិតអ្នកច្នៃម៉ូតក្នុងហាង រួចរចនាចេញជាម៉ូតជូនអតិថិជនវិញ។
សហគ្រិនស្រ្តីវ័យក្មេងរូបនេះបន្តប្រសាសន៍ថា ទោះបីត្រូវខាតអស់ជាងមួយឆ្នាំ ត្រូវរងពាក្យរឹះគន់ជាច្រើនក្តីក៏អ្នកនាងមិនព្រមបោះបង់អាជីវកម្មមួយនេះចោលដោយសារអ្នកនាងគិតថា រាប់ពីពេលចាប់ផ្តើមមកទល់ពេលនេះ អ្នកនាងបានជួយបណ្តុះបណ្តាលស្ត្រីឲ្យមានជំនាញកាត់ដេរយ៉ាងតិចក៏ ៥០ នាក់ដែរ។ Carino បានចូលរួមជួយសង្គមក្នុងការកាត់បន្ថយភាពក្រីក្រពិសេសស្រ្តី និងមួយចំនួនដែលជាស្រ្តីមេម៉ាយ ចៀសវាងការធ្វើចំណាកស្រុកទៅធ្វើជាពលករនៅក្រៅប្រទេស។
អ្នកនាងសង្ឃឹមថា អាជីវកម្មរបស់អ្នកនាងមួយនេះនៅតែបន្តអាចជួយសង្គមខ្មែរបានកាន់តែប្រសើរជាងនេះ អាចផ្តល់ចំណូល និងចំណេះជំនាញដល់ស្រ្តីបានកាន់តែច្រើន។ ជាងនេះទៀតអ្នកនាង លក្ខិណា ក៏សង្ឃឹមថាប្រជាពលរដ្ឋខ្មែរនឹងងាកមកគាំទ្រផលិតផលខ្មែរ ទទួលស្គាល់ថាផលិតផលដែលផលិតក្នុងស្រុកក៏មានគុណភាពមិនចាញ់ផលិតផលនាំចូលពីបរទេសឡើយ៕
ដោយ៖ យ៉ាយ៉ា