សែលកាត ចាប់ដៃជាមួយ ធនាគារ កាថេយូណៃធីត ដើម្បីពន្លឿនការគ្របដណ្តប់ផ្នែកហិរញ្ញវត្ថុ
ក្រុមហ៊ុនទូរស័ព្ទ សែលកាត ប្រកាសចាប់ដៃគូលើកម្ចីទិញទូរស័ព្ទ ជាមួយធនាគារកាថេយូណៃធីត នៅកម្ពុជា និង Cathay Financial Holdings ក្នុងគោលបំណងបង្រួមគម្លាតផ្នែកឌីជីថល ដល់អតិថិជនជាពិសេសនៅតាមជនបទ។
ភាពជាដៃគូនេះ នឹងជួយសម្រួលដល់ការផ្តល់ប្រាក់កម្ចីផ្ទាល់ខ្លួនដល់អតិថិជន សែលកាត។ ប្រាក់កម្ចីទិញ ទូរស័ព្ទ គឺជាដំណោះស្រាយដែលមិនតម្រូវឱ្យ អតិថិជនបង្ហាញខ្លួនដោយផ្ទាល់នៅធនាគារ ក្នុងអំឡុងពេលដាក់ ពាក្យសុំនោះទេ។ ផ្ទុយទៅវិញ ការស្នើសុំប្រាក់កម្ចីអាចធ្វើបាន នៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុនសែលកាតដែលមានទីតាំងនៅលើមហាវិថីព្រះសីហនុ។
កម្ចីទិញទូរស័ព្ទ នឹងកាត់បន្ថយពេលវេលារង់ចាំយ៉ាងច្រើន សម្រាប់អតិថិជនបើប្រៀបធៀបទៅនឹង ធនាគារធម្មតា រួមជាមួយការគាំទ្រផ្នែកហិរញ្ញប្បទានតាមតម្រូវការផងដែរ។
លោក Ian Watson នាយកប្រតិបត្តិ ក្រុមហ៊ុនសែលកាត មានប្រសាសន៍ថា៖ “ចក្ខុវិស័យរបស់យើង គឺជួយរៀបចំឱ្យប្រទេសកម្ពុជា មានការផ្លាស់ប្តូរផ្នែកឌីជីថល ដើម្បីពន្លឿនការគ្របដណ្តប់ផ្នែកហិរញ្ញវត្ថុ និងផ្តល់ភាពងាយស្រួលដល់អតិថិជនសែលកាតទាំងអស់ដែលរស់នៅក្នុងទីក្រុង និងក៏ដូចជានៅតំបន់ជនបទ។
លោក Marcus Lopez អនុប្រធាននាយកប្រតិបត្តិ និងជាប្រធានផ្នែកឌីជីថល ទិន្នន័យ និងបច្ចេកវិទ្យានៅក្រុមហ៊ុន Cathay Financial Holdings បានមានប្រសាសន៍ថា៖ “យើងរីករាយណាស់ដែលបានសហការជាមួយសែលកាត ក្នុងការកែប្រែជីវភាពរបស់អតិថិជនជាច្រើនរបស់សែលកាត។ ភាពជាដៃគូនេះនឹងអនុញ្ញាតឱ្យយើងបង្កើត គំរូ ឥណទានស្វាហាប់តាមរយៈវិធីសាស្រ្តដែលអាស្រ័យលើទិន្នន័យ និងការជួយរកដំណោះស្រាយដល់អតិថិជន។ ដោយមានការិយាល័យជាង ២១៤កន្លែងនៅទូទាំងពិភពលោក និងវត្តមានច្រើនក្នុងទីផ្សារអាស៊ីប៉ាស៊ីហ្វិក យើងខ្ញុំ បើកលទ្ធភាពដល់រាល់ឱកាស ក្នុងការបង្កើតបរិយាកាសធុរកិច្ចឱ្យកាន់តែរំភើបនៅក្នុងតំបន់។”
នាយកប្រតិបត្តិនៃធនាគារកាថេយូណៃធីត កញ្ញា Alice Chuang មានប្រសាសន៍ថា៖ ”ក្នុងនាមជាធនាគារក្រៅស្រុក យើងមានកិត្តិយស ណាស់ដែលបានចូលរួម និងសហការជាមួយក្រុមហ៊ុនសែលកាត ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេ នៅក្នុងប្រទេសកម្ពុជា ។ យើងទន្ទឹងរង់ចាំនាំមកនូវសេវាកម្មហិរញ្ញវត្ថុ ប្រកបដោយ ភាពច្នៃប្រឌិតបន្ថែមទៀតនៅក្នុងតំបន់តាមមាគ៌ានៃការផ្លាស់ប្តូរឌីជីថលរបស់ធនាគារកាថេយូណៃធីត។ ភាពជាដៃគូ នេះគូសបញ្ជាក់ពីការផ្លាស់ប្តូរដែលធនាគារកាថេយូណៃធីត មានឆន្ទៈក្នុងការធ្វើ និងការប្តេជ្ញាចិត្តរបស់យើង ចំពោះ ប្រជាជនកម្ពុជា តាមរយៈការទទួលយកបច្ចេកវិទ្យាដែលបង្កើតតម្លៃដល់អតិថិជនរបស់យើង។ យើងមានសេចក្តី សោមនស្សរីករាយដែលថាការសហការនេះនឹងបម្រើដល់អតិថិជនកាន់តែច្រើនពីក្រុមហ៊ុនសែលកាត នៅក្នុង ប្រទេសកម្ពុជា។”