មជ្ឍមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរី បានរៀបចំកម្មវិធីចែករំលែកមួយស្ដីអំពី ជំងឺលើសឈាម​



ជំងឺលើសសម្ពាធឈាម ឬការហៅជាទូទៅថាជាជំងឺលើសឈាម កំពុងកើតមានស្ទើរទូទៅចំពោះមនុស្សចាស់មិនមែនតែក្នុងប្រទេសកម្ពុជាទេ គឺចំពោះប្រជាជនជុំវិញពិភពលោកយើងតែម្តង។ ជាងនេះទៅទៀតជំងឺលើសឈាមកំពុងក្លាយជាឃាតករលាក់មុខដែលបានឆក់យកជីវិតមនុស្សមិនតិចនោះទេជារៀងរាល់ថ្ងៃ។ បើតាមវេជ្ជបណ្ឌិតឯកទេសខាងផ្នែកជំងឺនេះ បានឲ្យដឹងថាជំងឺលើសឈាមមិនមែនជាជំងឺទេ តែវាជាវិបត្តិ ឬជាអាការៈរោគសញ្ញាដែលបង្កឲ្យមានផលពិបាកធ្ងន់ធ្ងរ។

ដោយមើលឃើញពិផលវិបាក និងភាពប្រឈមនៃគ្រោះថ្នាក់នេះហើយ មជ្ឍមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរី (Singapore Medical Center) បានរៀបកម្មវិធីជំនួបអាហារថ្ងៃត្រង់តុមូលជាមួយអ្នកសារព័ត៌មានកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ដើម្បីជាការចែករំលែកចំណេះដឹងស្តីពីមូលហេតុ ផលវិបាក និងវិធីការពារជំងឺលើសសម្ពាធឈាមនេះ។

លោកវេជ្ជបណ្ឌិត មាន វាសនា វេជ្ជបណ្ឌិតឯកទេសទូទៅប្រចាំមជ្ឍមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរី  បានធ្វើការពន្យល់ថា ជំងឺលើសសម្ពាធឈាមជាជំងឺរ៉ាំរ៉ៃមិនអាចព្យាបាលបានទេ បន្ទាប់ពីកើនជំងឺនេះអ្នកជំងឺត្រូវទទួលការព្យាបាលដោយការប្រើថ្នាំជាប្រចាំអស់មួយជីវិត។ លោកវេជ្ជបណ្ឌិតបានមានប្រសាសន៍ទៀតថា សម្រាប់ប្រជាជនកម្ពុជាយើងគេសង្កេតឃើញថាអ្នកដែលរស់នៅទីក្រុងតែងប្រឈមនឹងការកើតជំងឺលើសឈាមច្រើនជាងអ្នករស់នៅជនបទ។

អ្នកជំងឺម្នាក់អាចចាត់ទុកថាមានជំងឺលើសសម្ពាធឈាម គឺនៅពេលដែលសម្ពាធឈាមរបស់គាត់ឡើងដល់ ១៤០/៩០ មីលីម៉ែត្របារត ខណៈសម្ពាធឈាមល្អគឺ ១២០/៨០ មីលីម៉ែត្របារត ហើយការវាស់នោះត្រូវបា្រកដថាមិនបានធ្វើឡើងនៅពេលដែលគាត់មានអារម្មណ៍រំភើប ខឹង ភ័យខ្លាច ហត់ខ្លាំង គាត់ទើបតែឡើងជណ្តើរ ឬរត់រួច ការមិនបានសម្រាន្តពីយប់ ឬបន្ទាប់ពីគាត់ទទួលទានកាហ្វេ ដែលទាំងអស់នេះធ្វើឲ្យបេះដូងដើរញាប់ ប្រឹងប្របាច់ឈាមក៏ជាហេតុនាំឲ្យសម្ពាធឈាមឡើងខ្ពស់។ 


ការវាស់សម្ពាធឈាមតែម្តងមិនអាចធ្វើរោគវិនិច្ឆ័យបានថាអ្នកជំងឺមានជំងឺលើសសម្ពាធឈាមបានឡើយ ដូច្នេះទើបគ្រូពេទ្យទាមទារឲ្យអ្នកជំងឺបន្តធ្វើការតាមដានវាស់សម្ពាធ ឈាមជាប់គ្នាមួយសប្តាហ៍ បន្ទាប់ពីការពិនិត្យលើកទី១ បង្ហាញថាសម្ពាធឈាមរបស់គាត់ឡើងដល់ ១៤០/៩០ មីលីម៉ែត្របារត។

ចំពោះមូលហេតុដែលនាំកើតជំងឺលើសឈាម មាន ជក់បារី លើសជាតិខ្លាញ់ ផឹកស្រាច្រើន លើសគីឡូ ទទួលទានប្រៃ កត្តាអាយុ ឬមានជំងឺ ដូចជា ទឹកនោមផ្អែម មានបញ្ហាតម្រង​នោម សរសៃឈាមបេះដូង សុទ្ធតែប្រឈមមុខខ្ពស់នឹងជំងឺលើសឈាម។ ការទទួលទានថ្នាំដើម្បីព្យាបាលជំងឺមួយចំនួនក៏ជាកត្តារុញច្រានឲ្យអ្នកជំងឺកើតមានការ​លើស​សម្ពាធ​ឈាមដូចគ្នាដែរ។

ជំងឺលើសសម្ពាធឈាមនេះ បង្កជាផលលំបាកជាច្រើនចំពោះអ្នកជំងឺផ្ទាល់ ចំពោះក្រុមគ្រួសារ និងចំពោះសង្គមដូចគ្នា។ តាមរបាយការណ៍មួយពីអង្គការសុខភាពពិភពលោក WTO បានឲ្យដឹងថា ក្នុងការសិក្សាក្នុងចំណោមបុរស៤នាក់ មាន ១នាក់ ដែលកើតជំងឺលើសឈាម ខណៈការសិក្សាលើស្រ្តី ៥ នាក់ មាន១នាក់ មានជំងឺនេះ វាអាចបង្ហាញឲ្យឃើញថាបុរសមានការប្រឈមខ្លាំងចំពោះការកើតជំងឺលើសសម្ពាធឈាម។

ជាការទទូចរបស់វេជ្ជបណ្ឌិត អ្នកជំងឺត្រូវមានការប្រុងប្រយ័ត្នចំពោះការធ្វើរបបអាហារ ការទទួលទានកុំឲ្យប្រៃពេក មិនទទួលទានខ្លាញ់ឆ្អែត (ពិសេសខ្លាញ់សត្វ) ទទួលទានត្រី និងបន្លៃឲ្យបានច្រើន ធ្វើលំហាត់ប្រាណជាប្រចាំដើម្បីឲ្យចរន្តឈាមធ្វើការបានល្អ និងរត់ស្រួល។ ការលំហែ ឬការកំសាន្តនានាដែលអាចជួយឲ្យអារម្មណ៍ល្អស្រស់ស្រាយក៏ជាកត្តាសំខាន់ជួយឲ្យយើងមានសុខភាពល្អដែរ អ្វីដែលចាំបាច់គឺការពិនិត្យសុខភាពជាប្រចាំជាមួយវេជ្ជបណ្ឌិតជំនាញ។

ដើម្បីដឹងថាខ្លួនមានជំងឺលើសឈាមឬទេ អ្នកជំងឺគួរគប្បីជួបពិភាក្សា ធ្វើការពិគ្រោះជាមួយគ្រូពេទ្យជំនាញបើមានករណីសង្ស័យណាមួយដូចជា ឧស្សាហ៍ឈឺក្បាល រោយក ឈឺទ្រូង និងអាការៈមួយចំនួនទៀត ចៀសវាងការទិញថ្នាំផ្តេសផ្តាសគ្មានវេជ្ជបញ្ជាត្រឹមត្រូវ។ 

លោកអ្នកក៏អាចទៅពិគ្រោះយោបល់ពាក់ព័ន្ធនឹងជំងឹលើសសម្ពាធឈាមនេះ រួមជាមួយបញ្ហាសុខភាពផ្សេងៗទៀតបាន នៅមជ្ឍមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរី (Singapore Medical Center) ព្រោះមានវេជ្ជបណ្ឌិតជាជនជាតិខ្មែរ ជនជាតិសិង្ហបុរី ក៏ដូចជាជនជាតិថៃដែលសុទ្ធសឹងជាវេជ្ជបណ្ឌិតឯកទេស។  

គួរបញ្ជាក់ថា មជ្ឍមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរី (Singapore Medical Center) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០១៧ ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងសុខាភិបាល មន្ទីរពាណិជ្ជកម្ម ក៏ដូចជាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕

ដោយ៖ យ៉ាយ៉ា

 

X
5s