គន្លឹះងាយៗ ៤ យ៉ាងដើម្បីឲ្យអ្នកអាចសម្របខ្លួនក្នុងបដិវត្តឧស្សាហកម្ម ៤.០ បានយ៉ាងងាយស្រួល
បដិវត្តឧស្សាហកម្ម ៤.០ កំពុងចាប់ផ្តើម ហើយប្រទេសជាច្រើនក្នុងពិភពលោកកំពុងពិភាក្សាពីបដិវត្តឧស្សាហកម្ម ៤.០ នេះ។ បដិវត្តឧស្សាហកម្ម ៤.០ បានផ្តោតសំខាន់លើកាប្រើប្រាស់បច្ចេកវិទ្យា និងប្រព័ន្ធស្វ័យប្រវត្តិកម្មនៃដំណើរការផលិតក្នុងរោងចក្រ និងការងារមួយចំនួនទៀតដែលមនុស្សយន្តនឹងមកជំនួសការងាររបស់មនុស្ស។
ការប្រើប្រាស់ទូរស័ព្ទដៃស្មាតហ្វូន មាស៊ីនថតឌីជីថល ឧបករណ៍ចាប់សញ្ញា (sensors) និងប្រព័ន្ធផ្សព្វផ្សាយសង្គម បង្កើតបានព័ត៌មានច្រើនជាងពេលណាៗទាំងអស់ ដែលព័ត៌មាន ទិន្នន័យទាំងនោះភាគច្រើនបានដាក់នៅលើប្រព័ន្ធអ៊ីនធឺណេត ហើយស្ទើរគ្រប់គ្នាអាចទាញយកមកប្រើប្រាស់បាន។
ស្របពេលជាមួយគ្នានេះផងដែរ មានមនុស្សមួយចំនួនចាប់ផ្តើមមានការព្រួយបារម្ភពីការមកដល់នៃបដិវត្តឧស្សាហកម្ម ៤.០ នេះផ្អែកលើកត្តាបញ្ហាផ្សេងៗគ្នា។ តាមការសិក្សាមួយពីសកលវិទ្យាល័យ Oxford បានបង្ហាញថា រយៈពេល ២០ឆ្នាំក្រោយ ៣៥ ភាគរយនៃការងារទាំងអស់នៅចក្រភពអង់គ្លេសអាចប្រឈមនឹងហានិភ័យពីការជំនួសការងារដោយស្វ័យប្រវត្តិកម្ម។ វាមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា គ្រប់ការងារ និងគ្រប់ឧស្សាហកម្មទាំងអស់ដើម្បីពិចារណាពីផលប៉ះពាល់នៃការផ្លាស់ប្តូរថ្មីនេះ និងរបៀបដែលវានឹងផ្លាស់ប្តូរទស្សនវិស័យការងារក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។
ចំពោះអ្នកដែលមានការព្រួយបារម្ភពីផលប៉ះពាល់ការងារ និងជំនាញនៃបដិវត្តឧស្សាហកម្ម ៤.០ នេះ អាចចាប់អារម្មណ៍លើ ៤ ចំនុចខាងក្រោមនេះបាន៖
១) ស្វែងរកការងារដែលទាក់ទងនឹងទិន្នន័យ
សព្វថ្ងៃនេះ ទិន្នន័យជាអ្វីៗទាំងអស់ដែលមនុស្សគ្រប់គ្នាត្រូវការ សម្រាប់ជាធនធានក្នុងការសិក្សា ការស្រាវជ្រាវ និងពិសេសសម្រាប់អាជីវកម្ម។ ការងារផ្នែកទិន្នន័យនេះទទួលបានប្រាក់ខែខ្ពស់ ឱកាសអាជីពដ៏អស្ចារ្យ និងជាការងារដែលអាចផ្លាស់ប្តូរ (ពេលវេលា) ទាំងនេះបានធ្វើឱ្យវិស័យនេះក្លាយជាកន្លែងដ៏គួរឱ្យទាក់ទាញដើម្បីធ្វើការ។
២) ពិចារណាការងារណាមួយសម្រាប់អនាគតដែលទាក់ទងនឹងទិន្នន័យនេះ
អ្នកដែលមិនទាន់មានការងារធ្វើ ឬកំពុងសិក្សាគឺមិនសូវចោទជាបញ្ហាទេ តែអ្នកដែលកំពុងមានអាជីពរួចហើយគឺជាអ្នកដែលត្រូវគិតគូរពីការងារនាពេលអនាគត។ មិនមែនតម្រូវឲ្យគ្រប់គ្នាសុទ្ធតែប្តូរជំនាញ ឬធ្វើការងារផ្នែកទិន្នន័យនេះទាំងអស់ទេ តែអ្នកត្រូវមានចំណេះដឹងពាក់ព័ន្ធនឹងវិទ្យាសាស្រ្តកុំព្យូទ័រឲ្យបានច្រើន ពិសេសការប្រើប្រាស់ទិន្នន័យនេះឯង។
៣) ប្រើទិន្នន័យក្នុងការស្វែងរកការងារដ៏ល្អមួយ
រស់ក្នុងសម័យដែលប្រើប្រាស់ទិន្នន័យធ្វើជាអាវុធ និងអាហារ អ្នកត្រូវតែចេះប្រើទិន្នន័យទាំងនេះឲ្យបានល្អបំផុត។ វេទិកា (Platform) ធំៗដូចជា LinkedIn ជាដើមបានចាត់ទុកថាជាអ្នកវិជ្ជាជីវៈផ្គូរផ្គង់ក្នុងការស្វែងរកការងារឲ្យត្រូវនឹងជំនាញរបស់អ្នកបានយ៉ាងល្អ។
៤) ធ្វើជាមិត្តជាមួយបញ្ញាសិប្បនិម្មិត
និយាយពីបដិវត្តឧស្សាហកម្ម ៤.០ គឺត្រូវតែនិយាយពីបញ្ញាសិប្បនិម្មិត (Artificial intelligence ឬ AI) ដែលវាជាចំនុចល្អបំផុតក្នុងដំណើរការការងារក្នុងផ្នែកផលិតកម្ម ព្រោះការងារភាគច្រើនកំពុងត្រូវបានគិតក្នុងការយកមនុស្សយន្តដើម្បីជំនួសកម្លាំងមនុស្ស។ ហើយក៏មានការងារមួយចំនួនដែលគេនឹងប្រើបញ្ញាសិប្បនិម្មិតដូចជាផ្នែកបំរើអតិថិជន ផ្នែកមួយចំនួននៃហិរញ្ញវត្ថុ និងការងារមួយចំនួនទៀត។ បើយើងព្យាយាមធ្វើជាមិត្តជាមួយបញ្ញាសិប្បនិម្មិត នោះអ្នកមានឱកាសច្រើនក្នុងការអភិវឌ្ឍខ្លួន ពិសេសអាចទាញផលចំនេញពីបញ្ញាសិប្បនិម្មិតនេះដោយប្រើវាដោះស្រាយបញ្ហាក្នុងសង្គមជាដើម។
ដោយ៖ យ៉ាយ៉ា