អនុវត្តតាមវិធី ១២ នេះ កូនៗរបស់អ្នកនឹងកាន់តែឆ្លាត ជោគជ័យ និងសុខភាពល្អ
កូនៗឆ្លាត ជោគជ័យ និងសុខភាពល្អ តើឪពុកម្ដាយឯណាមិនចង់បាននោះ? ការពិតគឺបែបនេះ! ប៉ុន្តែលទ្ធផលនេះគឺទាមទារឲ្យអ្នកក្នុងនាមជាឪពុកម្តាយត្រូវមានវិធីសាស្ត្រជាច្រើនផងដែរ។ សូមអនុវត្តតាមវិធី ១២ ខាងក្រោមនេះ ជឿជាក់ថា វិធីទាំងនេះនឹងរួមចំណែកធ្វើឲ្យកូនៗរបស់អ្នកទទួលបានលទ្ធផលល្អ។
១. មើលនិងអានព័ត៌មានផ្សេងៗជាមួយគ្នា ហើយពិភាក្សាប្រធានបទទាំងនោះ
ប្រធានបទអ្វីក៏ដោយរាប់ទាំងកម្មវិធីទូរទស្សន៍ ភាពយន្ត ព័ត៌មានផ្សេងៗ ឬអានអ្វីក៏ដោយ អ្នកគួរចំណាយពេលនៅកំដរពួកគេ។ បន្ទាប់មកអ្នកពិភាក្សាលើប្រធានបទទាំងនោះជាមួយពួកគេ ឲ្យពួកគេគិត និងបញ្ចេញយោបល់ដែលសកម្មភាពនេះធ្វើឲ្យពួកគេចាប់ផ្តើមចេះវិភាគបានកាន់តែស៊ីជម្រៅ និងអាចពង្រឹងជំនាញទំនាក់ទំនងរបស់ពួកគេ។
២. បង្ហាញពួកគេពីរបៀបរៀនពីកំហុស
ការស្ដីបន្ទោសកូនៗរបស់អ្នកនៅពេលពួកគេមានកំហុស មិនមែនជាវិធីល្អឡើយ ត្បិតអីវាកាន់តែជំរុញឲ្យពួកគេមានអារម្មណ៍អាក់អន់ចិត្ត ឬបាក់ទឹកចិត្តទៀតផង។ ជំនួសមកវិញ អ្នកគួរជួយបណ្ដុះពួកគេឲ្យមានគំនិតអភិវឌ្ឍមួយគឺការរៀនសូត្រពីកំហុស។ អ្នកគួរប្រាប់ពួកគេថា កំហុសគឺជាបទពិសោធន៍ ហើយវាជាផ្នែកមួយនៃការរៀនសូត្រ។ អ្នកមិនត្រូវធ្វើឲ្យពួកគេមានអារម្មណ៍បាក់មុខពេលបង្កើតកំហុសទេ។ អ្នកត្រូវលើកទឹកចិត្តឲ្យពួកគេព្យាយាមឡើងវិញ ចេះឆ្ងល់ និងចេះគិតដែលទាំងនេះនឹងធ្វើឲ្យពួកគេជោគជ័យទាំងនៅក្នុងសាលា និងជីវិត។
៣. អប់រំពួកគេឲ្យក្លាយជាមនុស្សមានសីលធម៌ល្អ
នៅពេលអ្នកបង្រៀនកូនៗឲ្យចេះស្រលាញ់រាប់អាន និងផ្តល់តម្លៃដល់មនុស្សជុំវិញខ្លួនពីតូចទៅ ដំបូន្មានទាំងនេះនឹងធ្វើឲ្យពួកគេបន្តអនុវត្ត ហើយនឹងក្លាយជាមនុស្សល្អម្នាក់នៅពេលធំឡើង។ អ្នកគួរពិភាក្សាជាមួយកូនៗរបស់អ្នកពីតូចៗទៅ ឲ្យពួកគេចេះធ្វើល្អ ជួយទុក្ខធុរៈ មិនឆ្មើងឆ្មៃ និងគោរពឲ្យតម្លៃដល់មនុស្សជុំវិញខ្លួនៗ ជាពិសេសក្មេងៗដែលកំពុងមានបញ្ហា។ សកម្មភាពទាំងនេះពិតជាមានតម្លៃខ្លាំងណាស់សម្រាប់កសាងភាពជោគជ័យរបស់ពួកគេនៅពេលធំដឹងក្តី។
៤. ជួយពួកគេឲ្យក្លាយជាមនុស្សមានឥទ្ធិពល
ការជួយកូនៗរបស់អ្នកឲ្យក្លាយជាមនុស្សមានឥទ្ធិពលពិតជាសំខាន់ខ្លាំងណាស់។ នៅក្នុងសកម្មភាពរបស់ពួកគេប្រចាំថ្ងៃ អ្នកត្រូវជួយពួកគេឲ្យចេះបង្កើតជម្រើសដែលត្រឹមត្រូវពីព្រោះថា ទង្វើដែលកើតចេញពីការសម្រេចចិត្តរបស់ពួកគេនេះអាចមានឥទ្ធិពលដល់អ្នកដទៃ ជាពិសេសនៅតាមបណ្ដាញសង្គមជាដើម។ អ្នកត្រូវបង្រៀនពួកគេឲ្យមានឥទ្ធិពលក្នុងន័យវិជ្ជមានជានិច្ច។ អ្នកអាចជួយណែនាំពួកគេឲ្យចេះពិចារណា និងសួរខ្លួនឯងថា តើអ្វីដែលពួកគេចង់ផុស ឬផ្សព្វផ្សាយនោះជាព័ត៌មានពិតឬអត់? បានប្រយោជន៍អ្វីខ្លះ? អាចជួយអ្នកដទៃបានអត់? ចាំបាច់ដែរទេ? ជាដើម ហើយបើចម្លើយអវិជ្ជមាននោះ ពួកគេគួរគិតឡើងវិញមុនសម្រេចចិត្តធ្វើបែបនោះ។
ប្រភពរូបភាព៖ Freepik
៥. កោតសរសើរ និងលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេ
ការកោតសរសើរ និងការលើកទឹកចិត្តដោយផ្តល់រង្វាន់ ឬលុយកាក់ដល់ការខិតខំប្រឹងប្រែងរបស់ពួកគេ គឺជារឿងមួយសំខាន់ណាស់។ វានឹងធ្វើឲ្យពួកគេមានអារម្មណ៍ថា ការខិតខំរបស់ពួកគេត្រូវបានផ្តល់តម្លៃ និងយកចិត្តទុកដាក់ពីអ្នក។ ក៏ប៉ុន្តែបើទោះបីជាកូនៗរបស់អ្នកទទួលបានលទ្ធផលសិក្សាមិនល្អក៏ដោយ អ្នកគួរជំរុញលើកទឹកចិត្តឲ្យពួកគេខិតខំបន្ថែមទៀត និងព្យាយាមបង្ហាញគន្លឹះថ្មីៗដែលធ្វើឲ្យពួកគេទទួលបានលទ្ធផលល្អជាងមុន។ សូមចាំថា ទោះសមិទ្ធផលពួកគេតិចតួចក៏ដោយ អ្នកត្រូវតែកោតសរសើរលើកទឹកចិត្តពួកគេដែលនេះជាផ្នែកមួយនាំមកនូវភាពជោគជ័យពេលអនាគត។
៦. កុំចាំតែបង្រៀនពួកគេ អនុវត្តឲ្យពួកគេមើលផង
ការផ្តល់អំណាចឥទ្ធិពលដល់កូនៗរបស់អ្នកជាធម្មតាមានន័យថា គឺជាការជួយណែនាំពួកគេឲ្យចេះស្វែងរកអំណាចឥទ្ធិពលផ្ទាល់ខ្លួន ។ ការឲ្យអំណោយ មិនមែនជាការផ្តល់ អំណាចឥទ្ធិពលដល់ពួកគេទេ។ វាទាមទារការយល់ដឹង និងកំណត់បានពីអត្តសញ្ញាណនៃអំណាចឥទ្ធិពលនោះ។ ការបំផុសគំនិត ការទទួលយកដោយគ្មានលក្ខខណ្ឌ និងភាពក្លាហានដើម្បីអនុញ្ញាតឲ្យកូនៗរបស់អ្នករៀនពីកំហុសរបស់ពួកគេ ទាំងនេះគឺជារបៀបផ្តល់អំណាចឥទ្ធិពលដល់កូនៗរបស់អ្នក ហើយវាបានមកតាមរយៈការផ្តល់ជាភាពគំរូ និងការដឹកនាំអនុវត្តរបស់អ្នកមុនពួកគេ។
៧. ដាក់កិច្ចការសាលាឲ្យធ្វើនៅផ្ទះ
ក្នុងនាមជាឪពុកម្តាយ អ្នកត្រូវប្រាកដថា កូនៗរបស់អ្នកមានកិច្ចការសាលាត្រូវធ្វើ ព្រមទាំងផ្តល់ពេលវេលាឲ្យបានគ្រប់គ្រាន់ និងទីកន្លែងរៀនសូត្រឲ្យបានសមរម្យដើម្បីឲ្យកូនៗរបស់អ្នកអាចធ្វើកិច្ចការសាលាទាំងនោះបានគ្រប់ជ្រុងជ្រោយ។ នេះជាតួនាទីរបស់ពួកគេក្នុងនាមជាសិស្ស ហើយវាគឺជាទម្លាប់ល្អមួយដែលអាចជួយបង្រៀនពួកគេឲ្យចេះទទួលខុសត្រូវ មានភាពរឹងមាំ និងអាចរៀបចំខ្លួនបានល្អដើម្បីអនាគតពួកគេនៅពេលអនាគត។
៨. ផ្តល់ឱកាសឲ្យពួកគេចេះបង្រៀនអ្នក
អ្នកចង់ប្រាប់ពិភពលោកបានដឹងប្រសិនបើអ្នកមានចំណាប់អារម្មណ៍អ្វីមួយ។ សាកគិតទៅមើល៍ តើកូនៗរបស់អ្នកគិតបែបណានៅពេលពួកគេស្ថិតនៅក្នុងស្ថានភាពដូចអ្នកដែរ? ត្រង់ចំណុចនេះ ពេលខ្លះអ្នកគួរអនុញ្ញាតឲ្យកូនៗរបស់អ្នកដើរតួជាគ្រូម្នាក់ដែលមិនត្រឹមតែបង្ហាញពីអ្វីដែលពួកគេបានរៀននៅសាលានោះទេ ក៏ប៉ុន្តែអ្នកក៏ត្រូវធ្វើឲ្យពួកគេមានអារម្មណ៍ល្អពីអ្វីដែលពួកគេបានរៀនដែរ។ អ្នកត្រូវអបអរសាទរនូវសមិទ្ធផលរបស់ពួកគេទោះបីតូច ឬធំក៏ដោយ។
ប្រភពរូបភាព៖ Freepik
៩. ឲ្យពួកគេបានលេងកម្សាន្តគ្រប់គ្រាន់
តើមានអនុស្សាវរីយ៍អ្វីខ្លះដែលអ្នកបានចាំជាងគេកាលពីអ្នកនៅក្មេង? ទាំងនោះគឺជាហេតុផលដែលអ្នកត្រូវធ្វើរឿងនេះដល់កូនៗរបស់អ្នក។ ការលេងកម្សាន្ត គឺជាចំណង់ចំណូលចិត្តដែលក្មេងៗត្រូវធ្វើ ហើយវាជាសកម្មភាពរបស់ក្មេងៗដើម្បីចង់បង្ហាញទៅកាន់ពិភពលោក។ មុនពួកគេក្លាយជាមនុស្សពេញវ័យ អ្នកត្រូវអនុញ្ញាតឲ្យពួកគេបន្សល់ទុកអនុស្សាវរីយ៍ល្អៗ ការលេងកម្សាន្ត និងសមត្ថភាពដើម្បីចោទសួរបញ្ហាដែលកើតមានឡើងព្រមទាំងចម្លើយដែលឆ្លើយតបទៅនឹងចម្ងល់ទាំងនោះ។ នៅពេលក្មេងៗធ្វើអ្វីដែលពួកគេស្រឡាញ់ ពួកគេនឹងចូលកាន់តែកៀកទៅនឹងប្រព័ន្ធអប់រំផ្លូវការ និងការប្រកួតប្រជែងផ្ទាល់ខ្លួនមួយដោយភាពរីករាយជាងមុន។
១០. កុំភ្លេចមើលថែសុខភាពផ្លូវចិត្ត និងផ្លូវកាយរបស់អ្នកឲ្យបានល្អ
ដោយសារតែកូនៗរបស់អ្នកងាយនឹងរៀនសូត្រយកតម្រាប់តាមសកម្មភាពផ្សេងៗនៅជុំវិញពួកគេ ក្នុងនាមអ្នកជាឪពុកម្ដាយ ត្រូវផ្តល់ភាពជាគំរូមួយសម្រាប់ពួកគេ។ ទម្លាប់ប្រចាំថ្ងៃរបស់អ្នករាប់ទាំងការដេកដើរ ឈរអង្គុយ ហូបចុក ការប្រាស្រ័យទំនាក់ទំនង របៀបនិយាយស្តី របៀបមើលថែទាំសុខភាព ការអប់រំមើលថែកូនៗជាដើម សុទ្ធតែមានឥទ្ធិពលដល់ការគិត និងទង្វើរបស់ពួកគេ។ ឥទ្ធិពលនោះវិជ្ជមានឬអត់ គឺអាស្រ័យថា តើអ្នកបានបង្កើតទម្លាប់ និងរៀបចំឥរិយាបថល្អកម្រិតណា។ សូមចាំថា បើអ្នករៀបចំខ្លួនជាឪពុកម្ដាយល្អម្នាក់ កូនៗរបស់អ្នកនឹងមើលទៅកាន់ពិភពលោកក្នុងន័យភាពវិជ្ជមានជាមិនខាន។
១១. កំហឹង ពិបាកចិត្ត ឈឺចាប់ ទុកឲ្យពួកគេរៀនស្គាល់វាដោយខ្លួនឯង
ជារឿយៗឪពុកម្តាយច្រើនព្យាយាមធ្វើយ៉ាងណាឲ្យកូនៗរបស់ខ្លួនសប្បាយចិត្ត ឬបង្អាក់ពួកគេនៅពេលពួកគេខឹង ពិបាកចិត្ត ឈឺចាប់ និងខកចិត្តអ្វីមួយជាដើម។ អ្នកអាចដាស់តឿនពន្យល់ពួកគេថា អ្វីៗនឹងល្អប្រសើរឡើងវិញ ក៏ប៉ុន្តែនៅក្នុងស្ថានភាពនោះ ពួកគេយល់ថា អារម្មណ៍ពួកគេមិនល្អដូចអ្នកនិយាយទេ។ សូមបណ្តោយឲ្យពួកគេ ខឹង ទទួលអារម្មណ៍សោកសៅ ខកចិត្ត ឬ ឈឺចាប់សិនចោះ។ ទាំងនេះនឹងធ្វើឲ្យពួកគេទទួលបានបទពិសោធន៍ និងអាចរៀនសូត្របានថា តាមពិតទៅអារម្មណ៍ទាំងនេះគឺជារឿងធម្មតារបស់មនុស្ស។
១២. ឲ្យពួកគេទទួលបានអាហារហូបចុកត្រឹមត្រូវ និងមានជីវជាតិគ្រប់គ្រាន់
អាហារអាចល្អ ឬមិនល្អសម្រាប់សុខភាព ហើយការទទួលទានអាហារមិនគ្រប់គ្រាន់តាមក្បួនសុខភាពក៏ធ្វើឲ្យពួកគេមានសុខភាពមិនល្អដែរ។ ការផ្តល់អាហារឲ្យបានត្រឹមត្រូវ និងមានជីវជាតិគ្រប់គ្រាន់សម្រាប់កូនៗរបស់អ្នកទទួលទាននឹងធ្វើឲ្យបញ្ញាស្មារតី និងសុខភាពផ្លូវកាយរបស់ពួកគេរឹងមាំល្អ។ នេះរួមចំណែកសំខាន់ដល់ភាពជោគជ័យរបស់ពួកគេទាំងការសិក្សា និងក្នុងជីវិតនៅពេលពួកគេធំឡើង៕
ប្រភព៖ Businessinsider