មានទម្លាប់មិនល្អ១០នេះ នឹងធ្វើឲ្យអ្នកបាត់បង់ការគោរពនៅកន្លែងធ្វើការ
ទាំងទម្លាប់ក្តីឥរិយាបថប្រចាំថ្ងៃរបស់អ្នកក្តី គឺពិតជាខុសគ្នារវាងជីវិតផ្ទាល់ខ្លួនរបស់អ្នក និងកន្លែងការងារ។ នៅកន្លែងការងារ ទោះចង់ឬមិនចង់ អ្នកត្រូវរៀបចំខ្លួនឲ្យមានវិជ្ជាជីវៈស័ក្ដិសមជាបុគ្គលិកគំរូទាំងគុណភាពការងារ សីលធម៌ និងការទំនាក់ទំនងជាដើម។ ផ្ទុយទៅវិញ បើអ្នកនៅប្រកាន់អត្តចរិតមិនល្អ ១០ ចំណុចខាងក្រោមនេះ អ្វីដែលអ្នកនឹងទទួលបានគឺការបាត់បង់ទំនុកចិត្ត និងការគោរពនៅកន្លែងការងារជាមិនខាន។
១.ចូលចិត្តចែករំលែកព័ត៌មានផ្ទាល់ខ្លួនច្រើនពេក
ពិធីជប់លៀង ដំណើរកម្សាន្ត ការណាត់ជួប ឬសកម្មភាពរឿងរ៉ាវឯកជនជាច្រើនទៀត ទំនងក្លាយជាប្រធានបទដ៏ក្តៅគគុករបស់អ្នកនៅកន្លងការងារ។ រឿងដែលគួរតែលាក់ទុក ឬមិនសមនឹងនិយាយចេញមក អ្នកបែរជាលាតត្រដាងប្រាប់ឲ្យក្រុមការងារបានដឹងបើទោះបីជាពួកគេមិនបានស្នើឲ្យអ្នកនិយាយចេញមកក៏ដោយ។ នេះជាទង្វើមួយខ្វះការពិចារណា និងបាត់បង់ភាពថ្លៃថ្នូរចំពោះខ្លួនឯង។
២.ត្អូញត្អែរពីនេះពីនោះច្រើនជ្រុល
វាគួរទទួលបានការលើកទឹកចិត្ត និងស្វាគមន៍ប្រសិនបើនៅកន្លែងការងារបានផ្តល់ឱកាសឲ្យបុគ្គលិកម្នាក់ៗលើកឡើងពីបញ្ហាផ្សេងៗដែលជាតម្រូវការសម្រាប់ជួយកែលំអការងារឲ្យដើររលូនទៅមុខ។ ប៉ុន្តែមានបុគ្គលិកខ្លះមិនបែបនេះឡើយ។ ពួកគេលើកបញ្ហានេះបញ្ហានោះ ស្នើនេះស្នើនោះ បង្ហាញគំនិតអវិជ្ជមានស្ទើរតែគ្រប់រឿងទាំងអស់។ ជៀសវាងបញ្ហានេះ អ្នកគួរតែធ្វើខ្លួនជាបុគ្គលិកផ្តល់ដំណោះស្រាយ ហើយបើឃើញកំហុសកើតឡើង គួរតែផ្តល់មតិកែលំអទើបជារឿងល្អ។
៣.ពូកែកុហក ឬលួចរបស់របរនៅកន្លែងការងារ
បុគ្គលិកមួយចំនួនមានទន្លាប់កុហកនេះកុហកនោះ ហើយពួកគេគិតថា ជារឿងធម្មតាតូចតាចវាមិនធ្ងន់ធ្ងរ។ ចំណុចមួយទៀត គឺការលួចរបស់របរផ្សេងៗនៅកន្លែងការងារបើទោះបីជាសម្ភារទាំងនោះតូចតាចក្តី យូរៗទៅវាក្លាយជាទម្លាប់ ហើយឈានទៅដល់ការបង្កើតកំហុសធំឡើងៗ។ សម្រាប់មនុស្សទូទៅ នេះជាទង្វើមួយពិបាកនឹងទទួលយកបានដែលធ្វើឲ្យអ្នកបាត់បង់តម្លៃ មិនចាំបាច់តែនៅកន្លែងការងារនោះឡើយ។
៤.ធ្វើអ្វីក៏យឺត
សម្រាប់អ្នក ការមកយឺតមិនថា មកធ្វើការ ប្រជុំ ឬ ការងារយឺតយ៉ាវ មើលទៅហាក់បីដូចជាធម្មតា។ ក៏ប៉ុន្តែសម្រាប់បុគ្គលិកផ្សេងៗទៀតពួកគេនឹងមើលមកអ្នកថា អ្នកជាមនុស្សមិនគោរពពេលវេលា មិនឲ្យតម្លៃដល់ក្រុមហ៊ុន ឬថ្នាក់ដឹកនាំជាដើម។ ទន្ទឹមនឹងនេះ វាឆ្លុះបញ្ចាំងផងដែរថា អ្នកជាមនុស្សខ្វះការរៀបចំដែលមិនអាចផ្តល់ភាពជាគំរូបាននៅពេលអនាគតបានឡើយ។
៥.ចូលចិត្តផុស ឬចែករំលែករឿងរ៉ាវ Drama
មានពេលខ្លះ អ្នកជួបសុខ ពេលខ្លះទុក្ខ ខកបំណង អស់សង្ឃឹម បាក់ទឹកចិត្ត ចង់ឲ្យគេអាណិត និងចង់ឲ្យឲ្យគេចាប់អារម្មណ៍រឿងផ្ទាល់ខ្លួនរបស់អ្នកជាដើម។ គ្មានអ្នកណាម្នាក់ដែលអាចគេចផុតពីបញ្ហាជីវិតទាំងអស់នេះបានទេ។ ក៏ប៉ុន្តែក្នុងនាមជាមនុស្សមានវិជ្ជាជីវៈ ការគ្រប់គ្រងអារម្មណ៍ខ្លួនឯងគឺជារឿងល្អបំផុត។ អ្នកមិនត្រូវឲ្យអារម្មណ៍បែបរវើរវាយរបស់អ្នកទម្លុះទម្លាយរឿងរ៉ាវ Drama ទាំងនេះទៅមនុស្សជុំវិញអ្នកបានដឹង ឬតាមរយៈការចែករំលែកនៅលើបណ្ដាញសង្គមឡើយ បើមិនដូច្នេះទេ អ្នកនឹងបាត់បង់ការគោរពជាមិនខាន។ សូមចាំថា គ្មានអ្នកណាយល់ពីខ្លួនអ្នកច្រើនជាងខ្លួនអ្នកទេ។
៦.បុគ្គលិកមាត់ចាបមាត់ព្រាប
នៅកន្លែងការងារអ្នកនឹងអង្កេតដោយខ្លួនឯងបានថា មានបុគ្គលិកខ្លះចង់ឲ្យអ្នកនិយាយរឿងអ្នកនេះអ្នកនោះ ជាពិសេសជីវិតផ្ទាល់ខ្លួនរបស់គេដូចជា និយាយដើមអ្នករួមការងារដូចគ្នា ឬចៅហ្វាយរបស់អ្នកជាដើម។ យ៉ាងណាមិញសូមចាំថា នៅពេលអ្នកបានចូលអន្ទាក់របស់ពួកគេហើយ ពួកគេក៏កំពុងវាយតម្លៃអ្នកនៅក្នុងពេលដំណាលគ្នានេះផងដែរ។ ពួកគេនឹងមើលមកអ្នកថា ជាមនុស្សមិនគួរឲ្យទុកចិត្តបាន និងពូកែនិយាយដើមអ្នកដទៃ។ បើអ្នកជាមនុស្សបែបនេះ អ្នកនឹងក្លាយជាផ្ទាំងស៊ីបដែលពួកគេត្រូវប្រុងប្រយ័ត្ននៅពេលនៅជាមួយអ្នក។
៧.សម្ភីគម្រោះគម្រើយ ឬគ្រោតគ្រាត
ដោយសារតែជាចរិតធម្មជាតិរបស់អ្នក ការប្រើពាក្យសម្តី គម្រោះគម្រើយ គ្រោតគ្រាត ឬទ្រគោះបោះបោកបានក្លាយជាទម្លាប់របស់អ្នកនិយាយចេញមកដោយខ្វះការពិចារណា។ ក៏ប៉ុន្តែនៅកន្លែងការងារទោះចង់ឬមិនចង់ អ្នកដាចខាតមិនត្រូវយកអារម្មណ៍ផ្ទាល់ខ្លួនប្រើប្រាស់ពាក្យពេចន៍ទាំងនោះមកលាយឡំនឹងកន្លែងការងាររបស់អ្នកឡើយ។ ជាធម្មតានៅកន្លែងការងារ អ្នកនឹងធ្វើការជាមួយមនុស្សដែលមានប្រភពផ្សេងៗគ្នា ប៉ុន្តែមានគោលការណ៍រួមមួយគឺ ភាពមានវិជ្ជាជីវៈក្នុងការទទួលខុសត្រូវការងាររបស់ខ្លួន។ ទំនាក់ទំនងល្អប្រកបដោយសីលធម៌ គឺជារឿងដែលត្រូវបានលើកទឹកចិត្ត។
៨.ស្លៀកពាក់មិនបានសមរម្យ ឬសាមញ្ញពេកមិនសមជាបុគ្គលិក
កន្លែងការងារ មិនមែនជាកន្លែងដើរលេង ហើយក៏មិនមែនកន្លែងហាត់ប្រាណ ឬដើរផ្សារដែរ។ ដូច្នេះ ការស្លៀកពាក់ឲ្យបានសមរម្យមានវិជ្ជាជីវៈស្របតាមគោលការណ៍របស់ក្រុមហ៊ុន គឺជារឿងដែលត្រូវយកចិត្តទុកដាក់។ បើអ្នកស្លៀកពាក់ហួសហេតុជ្រុល ឬសាមញ្ញជ្រុលពេល នោះក្រុមការងារនឹងមើលមកអ្នកថា អ្នកបុគ្គលិកក្មេងខ្ចីគ្មានវិជ្ជាជីវៈដែលជាការបាត់បង់តម្លៃមួយនៅក្នុងក្រុមហ៊ុន។
៩.ពូកែតែនិយាយ តែធ្វើតិច
នៅក្នុងចំណោមក្រុមការងារអ្នកប្រហែលជាខិតខំសម្ដែងឲ្យមនុស្សគ្រប់គ្នាចាប់អារម្មណ៍មើលមកអ្នកថា អ្នកជាមនុស្សឆ្លាត ពូកែនិងមានគំនិតលេចធ្លោជាងគេ។ អ្នកអាចនឹងមោទនភាពខ្លួនឯងទៅនឹងពាក្យសម្ដីដ៏ប៉ិនប្រសព្វឈានមុខគេរបស់អ្នក ខណៈដែលជាក់ស្តែង ការអនុវត្តរបស់អ្នកបែរជានៅឆ្ងាយហួសពីអ្វីដែលអ្នកបានយាយទៅទៀត។ ទង្វើបែបនេះមិនអាចផ្តល់ភាពជាគំរូបានឡើយ។ អ្នកនឹងទទួលបានការគោរពពីក្រុមការងារ ប្រសិនបើអ្នកជាមនុស្សផ្ដួចផ្ដើមគំនិត ហើយក៏ជាអ្នកផ្ដួចផ្ដើមធ្វើមុនគេផងដែរ។
១០.ពូកែស្ដីបន្ទោសទម្លាក់កំហុសបុគ្គលិកដទៃទៀត
ជាទូទៅ មនុស្សនឹងឲ្យតម្លៃ និងគោរពដល់អ្នកណាម្នាក់ដែលមានទំនួលខុសត្រូវខ្ពស់ចំពោះកំហុសរបស់ខ្លួន។ ការស្តីបន្ទោស ឬទម្លាក់កំហុសទៅលើអ្នកដទៃ មិនអាចទទួលបានការគោរពអ្វីឡើយ។ ផ្ទុយទៅវិញ អ្វីដែលអ្នកនឹងទទួលបានគឺមានតែភាពស្អប់ខ្ពើមតែប៉ុណ្ណោះ។ ឱកាសដើម្បីធ្វើឲ្យអ្នកក្លាយជាអ្នកដឹកនាំគេបាននៅពេលអនាគតគឺ ការទទួលខុសត្រូវ និងការជួយជ្រោមជ្រែងអ្នកដទៃឲ្យជោគជ័យនេះឯង៕
ប្រភព៖ Businessinsider