នេះ​ជា​ផ្នត់​គំនិត​៥ យ៉ាង​ដែល​យុវជន​​ភាគច្រើន​យល់​ខុស​ពី​រឿង​លុយ​កាក់​



មនុស្ស​ម្នាក់ៗ​មាន​ហេតុផល​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ពួកគេ​មិន​អាច​គ្រប់គ្រង​លុយកាក់​​ឲ្យ​បាន​ត្រឹមត្រូវ។ នៅ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ ហេតុផល​របស់​ពួកគេ​មួយ​ចំនួន​អាច​ទទួល​យក​បាន ខណៈ​ដែល​ហេតុផល​របស់​​អ្នក​​ផ្សេង​ទៀត​គឺ​បង្ហាញ​ឡើង​គ្រាន់តែ​ជា​ការ​យកលេស​ដោះសា​តែប៉ុណ្ណោះ។ អ្នក​ខ្លះ​​ស្ទើរតែ​ពេញ​មួយ​ជីវិត​ទៅ​ហើយ នៅ​មិន​ទាន់​​លើកដៃ​កាន់​ប៊ិច​ ហើយ​សរសេរ​ថា តើ​មួយ​ខែៗ​ខ្លួន​បាន​ចំណាយ​អ្វី​ខ្លះ? 

នេះ​ជា​កំហុស​ដ៏​ធំ​មួយ​ ពីព្រោះ​ថា ភាព​ជោគជ័យ​លើ​គោលដៅ​ហិរញ្ញវត្ថុ​ គឺ​អ្នក​ត្រូវតែ​ដឹង​ពី​ចរន្ត​ចេញចូល​ប្រាក់​របស់​អ្នក។ ក៏ប៉ុន្តែ​នេះ​វា​មិន​គ្រោះថ្នាក់​ដូច​មនុស្ស​មួយ​ចំនួន ជា​ពិសេស​យុវជន​តែម្តង​ដែល​ពេល​ខ្លះ​​មាន​ទស្សនៈ​ផ្នត់​គំនិត​ពាក់ព័ន្ធ​ទៅ​នឹង​លុយ​កាក់​នេះ។ នៅ​ខាងក្រោម​នេះ គឺ​ជា​​ការ​យល់​ខុស​ចំនួន​ ៥ ចំណុច​ដែល​កើត​មាន​​ឡើង​សម្រាប់​​​យុវជន​​តែម្តង។ ​​

១.ខ្ញុំ​ត្រូវ​មាន​ប្រាក់​​ចំណូល​​អកម្ម​ឲ្យ​បាន​ច្រើន​
ចំណូល​អកម្ម (Passive Income) ​គឺ​ជា​ក្តី​ស្រមៃ​មួយ​របស់​មនុស្ស​​ជា​ពិសេស​យុវជន​​ជំនាន់​ថ្មី​ដែល​ស្រេកឃ្លាន​​ចង់​​បាន​​សេរីភាព​ហិរញ្ញវត្ថុ ពីព្រោះ​វា​​ជា​ប្រភេទ​ចំណូល​មួយ​ដែល​មិន​ចាំបាច់​ធ្វើ​អ្វី​សោះ ក៏​អាច​មាន​លុយ​ហូរ​ចូល​ជា​បន្តបន្ទាប់។ ក៏ប៉ុន្តែ​នៅ​ក្នុង​ទិដ្ឋភាព​ជាក់ស្តែង វា​មិន​ងាយស្រួល​ដូច​អ្នក​គិត​ឡើយ។ វា​ត្រូវការ​​ចំណេះដឹង​ហិរញ្ញវត្ថុ ពេលវេលា ​ភាព​ឆ្លាតវៃ ការ​ខិតខំ​ប្រឹងប្រែង​​ខ្លាំង​មែនទែន និង​កាលៈទេសៈ​ផងដែរ។ 

ជាជាង​ផ្តោត​លើ​ប្រាក់​ចំណូល​អកម្ម នៅ​ពេល​ដែល​អ្នក​នៅ​ក្មេង​បែប​នេះ អ្នក​គួរ​ផ្តោត​លើ​ការ​ពង្រឹង​អាជីព​ការងារ​របស់​អ្នក​ឲ្យ​បាន​ខ្លាំង​ជាមុន​សិន។ រៀន​ធ្វើ​ការ​ឲ្យ​គេ យក​បទពិសោធន៍ បង្ហាញ​សមត្ថភាព​ឲ្យ​អស់ ធ្វើ​ការ​ឲ្យ​អស់​ពី​លទ្ធភាព ខិតខំ​​ព្យាយាម​ បង្ហាញ​គំនិត​ច្នៃប្រឌិត នោះ​ចំណូល​ប្រាក់ខែ​របស់​អ្នក​ក៏​កើន​ឡើង​ផង​ដែរ។ បើ​ក្រុមហ៊ុន​អ្នក​មិន​ដំឡើង​ប្រាក់​ខែ​ស្រប​តាម​សមត្ថភាព​របស់​អ្នក ដាក់​ពាក្យ​ធ្វើ​ការ​នៅ​កន្លែង​ថ្មី​ទៀត។ ​

២.ខ្ញុំ​នឹង​អាច​សន្សំ​លុយ​បាន​កាន់តែ​ច្រើន​គ្រាន់តែ​ព្យាយាម​សន្សំ​ជាង​នេះ!
តាម​ពិត​ទៅ​អ្នក​​បាន​ដឹង​រួច​ហើយ​ថា សន្សំ​លុយ​គឺ​ជា​រឿង​សំខាន់ ហើយ​នៅ​​ពេល​ទន្ទឹម​នឹង​គ្នា​នេះ អ្នក​ត្រូវ​ការ​ហាត់ប្រាណ ទទួលទាន​អាហារ​ឆ្ងាញ់ៗ ជួបជុំ​គ្រួសារ ដើរ​កម្សាន្ត ចំណាយ​នេះ​ចំណាយ​​នោះ​​កាន់តែ​ច្រើន​ជាង​មុន​ជាដើម។ តើ​នេះ​​អ្នក​គិត​ថា ការ​​ខំ​សន្សំ​លុយ​របស់​អ្នក​មិន​មាន​ឧបសគ្គ​ឬ? 

ជា​ធម្មតា ការ​ព្យាយាម​សន្សំ​ជាង​សព្វមួយដង មិន​មាន​ប្រយោជន៍​អ្វី​ដោះ​អ្នក​ទេ ហើយ​ការ​ព្យាយាម​សន្សំ​ដោយ​​ប្តូរ​ទៅ​ទិញ​របស់របរ​ថោកៗ​ក៏​មិន​បាន​ការ​អ្វី​ដែរ។ ចំណែក​ការ​កាត់​បន្ថយ​​​ចំណាយ​លើ​អ្វី​ផ្សេងៗ ដែល​អ្នក​ធ្លាប់​ចំណាយ​ក៏​គ្មាន​ប្រយោជន៍​ដូចគ្នា។ ​

ដើម្បី​ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា អ្នក​ត្រូវ​អង្គុយ​ចុះ ហើយ​​ងាក​មក​សួរ​ខ្លួនឯង​ពី​​អ្វី​ដែល​អ្នក​ចាំបាច់​ត្រូវតែ​ធ្វើ​ពី​ជំហាន​មួយ​ទៅ​ជំហាន​មួយ​ទៀត។ មើល​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អ្នក​​មើល៍ ហើយ​សួរ​ខ្លួនឯង​ថា តើ​អ្នក​ត្រូវ​ព្យាយាម​ធ្វើ​​អ្វី ខ្លះ​ដើម្បី​ទប់ទល់​ការ​ចំណាយ​ទាំងអស់​នោះ​? តើ​ការងារ​ណា​ខ្លះ​ដែល​ប្រើ​កម្លាំង និង​ចំណេះ​ច្រើន​ដែរ ប៉ុន្តែ​បាន​ចំណូល​តិច​ត្រឡប់​មក​វិញ? តើ​មាន​ការងារ​អ្វី​ខ្លះ​ដែល​អ្នក​ខិតខំ​ព្យាយាម​​ខ្លាំង​ហើយ​ប៉ុន្តែ​នៅ​តែ​គ្មាន​បាន​ផល? តើ​អ្នក​គួរ​ធ្វើ​អ្វី​ដើម្បី​ឲ្យ​ស្ថានភាព​​ហិរញ្ញវត្ថុ​របស់​អ្នក​ល្អ​ប្រសើរ​ជាង​នេះ? 

កិច្ចការ​ដំបូង​ដែល​អ្នក​ត្រូវ​ចាប់​ផ្តើម​ធ្វើ គឺ​ត្រូវ​ពិនិត្យ​មើល​ចំណូល​ចំណាយ​របស់​អ្នក​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត​ដោយ​គ្មាន​ករណី​លើកលែង​សូម្បី​តែ​មួយ​កាក់​មួយ​សេន​។ បន្ទាប់​មក​ធ្វើ​របាយការណ៍​ហិរញ្ញវត្ថុ ដាក់​យុទ្ធសាស្ត្រ​​ចេញ​ផែនការ​រក​គន្លឹះ​ស្វែងរក​ប្រាក់​ចំណូល​បន្ថែម​។

៣.ខ្ញុំ​នឹង​ចាប់​ផ្តើម​​សន្សំ​លុយ​​ទុក​ក្នុង​ចំនួន​មួយ​ឲ្យ​បាន!
អ្នក​ប្រហែល​ទទួល​បាន​យោបល់​ល្អៗ​ ឬ​ចំណេះដឹង​ហិរញ្ញវត្ថុ​​ពី​អ្នក​ជំនាញ​​ដើម្បី​សន្សំ​លុយ​ទុក​​ក្នុង​ចំនួន​ណាមួយ​ដែល​អ្នក​គិត​ថា ល្អ​សម្រាប់​អ្នក។ តាម​ពិត​ទៅ​ ដំបូន្មាន​ដែល​ថា អ្នក​ត្រូវ​កាត់​បន្ថយ​ការ​ចំណាយ​របស់​អ្នក​ឲ្យ​តិច​ជាង​មុន គឺ​ជា​ដំបូន្មាន​គ្មាន​ប្រយោជន៍​សោះ​ឡើយ​។ មនុស្ស​ដែល​ប្ដេជ្ញា​ធ្វើ​បែប​នេះ អាច​ធ្វើ​បាន​ត្រឹមតែ ២ ឬ ៣​ថ្ងៃ​ដំបូង​តែប៉ុណ្ណោះ បន្ទាប់​មក​ពួកគេ​ក៏​ចាប់​ផ្តើម​ចាយវាយ​​តាម​ទម្លាប់​ចាស់​វិញ​ពីព្រោះ​ពួកគេ​​​មាន​អារម្មណ៍​ថា ដូច​ជា​​នៅ​មិន​សុខ មិន​ចេះ​ទ្រាំ និង​ពិបាក​ធ្វើ​​ដែល​ត្រូវ​គិតគូរ​​លុយកាក់​តាំង​ពី​មួយកាក់មួយសេន​ឡើង។ 

ទន្ទឹម​​នឹង​នេះ​ ងាក​មក​មើល​ខ្លួន​អ្នក​វិញ ​អ្នក​ក៏​មិន​អាច​ធ្វើ​បាន​ដែរ​ពីព្រោះ​ថា អ្នក​កត់ត្រា​​តាមដាន​លុយ​ចំណាយ​របស់​អ្នក​បាន​តែ​នៅ​ពេល​ដែល​អ្នក​បាន​ដក​លុយ​​ចាយ​ពី​ហោប៉ៅ​​រួចហើយ​តែប៉ុណ្ណោះ ។ នៅ​ពេល​ចុងខែ​មក​ដល់ អ្នក​​ចាប់​ផ្តើម​មាន​អារម្មណ៍​ភ្ញាក់ផ្អើល សោកស្តាយ និង​យល់​ថា​ខ្លួនឯង​បង្កើត​កំហុស​ដែល​បាន​ចំណាយ​ហួស​ពី​ចំណូល​របស់​អ្នក។ 

គន្លឹះ​ដ៏​ល្អ​មួយ​ដើម្បី​ជួយ​អ្នក​ក្នុង​រឿង​នេះ គឺ​ត្រូវ​​បង្កើត​​គម្រោង​​ចំណាយ​មួយ​សម្រាប់​អ្នក​នៅ​ពេល​​ខាងមុខ។  អ្នក​ត្រូវ​បែងចែក​ចំណូល​ដែល​អ្នក​រក​បាន​ទៅ​ជា​ ៤​ផ្នែក​សម្រាប់​​​ធ្វើ​ជា​ខ្ទង់ចំណាយ​​​​លើ​តម្រូវការ​​ប្រចាំ​ថ្ងៃ​ដែល​អាច​ការពារ​អ្នក​មិន​ឲ្យ​​ចាយវាយ​ខ្ជះខ្ជាយ​ ហើយ​ផុងខ្លួន​​ធ្លាក់​ជា​ទាសករ​នៃ​បំណុល។

-ប្រាក់​សម្រាប់​ការ​​ចំណាយ​ថេរ​៖ អ្នក​ត្រូវ​​ប្រើ​ប្រាក់​ចំណូល ៥០ ទៅ ៦០% សម្រាប់​ចំណាយ​​ដែល​ទៀងទាត់​ប្រចាំ​ខែ​ដូច​ជា ថ្លៃ​បង់​រំលោះ​ផ្ទះ ជួល​ផ្ទះ បង់​រំលោះ​រថយន្ត ថ្លៃ​ទឹក​ភ្លើង ​គ្រឿង​ទេស ហូបចុក​ជាដើម។

-ប្រាក់​សម្រាប់​វិនិយោគ​រយៈពេល​វែង៖ អ្នក​ត្រូវ​​ទុក​ប្រាក់​ចំណូល ១០% សម្រាប់​វិនិយោគ​លើ​មុខរបរ ពង្រីក​ជំនួញ ការ​បណ្តុះបណ្តាល ​ឬ​សម្រាប់​ចូលនិវត្តន៍​ជាដើម។ 

-ប្រាក់​សម្រាប់​សន្សំ​ទុក​​សម្រាប់​ចាយវាយ​តាម​គោលដៅ​៖ ប្រាក់​នេះ​ត្រូវ​សន្សំ​ពី ៥ ទៅ ១០% នៃ​ចំណូល​ប្រាក់​ចំណូល​ដូច​ជា​យក​ទៅ​ដើរ​កម្សាន្ត​កន្លែង​ឆ្ងាយៗ ទិញ​កាដូ គ្រា​មាន​អាសន្ន​ជាដើម។ 

-ប្រាក់​សម្រាប់​ចំណាយ​​ដោយ​សេរី​៖ ប្រាក់​នេះ​មាន​ចន្លោះ​ពី ២០% ទៅ ៣៥% នៃ​ចំណូល​របស់​អ្នក​សម្រាប់​យក​ទៅ​ចំណាយ​ដូច​ជា ញាំ​អាហារ​នៅ​ខាងក្រៅ ជប់លៀង មើល​កុន ដើរ​ផ្សារ ទិញ​សំលៀកបំពាក់​ជាដើម។

៤.ខ្ញុំ​នឹង​ចាប់​ផ្តើម​វិនិយោគ 
អ្នក​ចង់​វិនិយោគ? វិនិយោគ​ដោយ​របៀបណា? អ្នក​មាន​លុយ​ប៉ុន្មាន​​ហើយ? នេះ​ជា​សំនួរ​ចាក់ដោត​មួយ។ មាន​មនុស្ស​​មិន​តិច​ទេ​ដែល​សុទ្ធតែ​គិត​ដូច​អ្នក​តាំង​ពី​​ប៉ុន្មាន​ឆ្នាំ​មុន​។  ប៉ុន្តែ​​ពួកគេ​នៅតែ​មិន​អាច​ធ្វើ​បាន​រហូត​មក​ដល់​ពេល​នេះ។ ហេតុ​អ្វី? ពីព្រោះ​ពួកគេ​យល់​ថា ​ខ្លួន​មិន​ទាន់​មាន​សមត្ថភាព​អាច​វិនិយោគ​បាន​នៅ​ឡើយ​ទេ ហើយ​​ក៏​មិន​ចង់​​​ខាត​លុយ​ដែល​ពួកគេ​រក​បាន​ទាំង​លំបាក​​​​ដោយ​​ទទេៗ​នោះ​ដែរ។ 

ប៉ុន្តែ​អ្នក​​នឹង​បន្ត​ឈឺចាប់​រហូត​​ព្រោះ​ពី​ថា ប្រសិន​បើ​អ្នក​មិន​ព្រម​វិនិយោគ​ទេ លុយ​របស់​អ្នក​នឹង​បាត់​តម្លៃ​ដោយសារ​តែ​អតិផរណា​កើនឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ហើយ​អ្នក​​នៅតែ​ព្រងើយ​កន្តើយ​រហូត​ដល់​អាយុ ៧០ ឆ្នាំ​ដែល​ជា​​ស្ថានភាព​​មួយ​យឺត​ពេល​ទៅ​ហើយ។ 

សូម​កុំ​ទុក​ឲ្យ​ពេល​វេលា​កន្លង​ផុត​ទៅ។ អ្នក​មិន​ចាំបាច់​ត្រូវការ​ប្រាក់​ច្រើន​ដើម្បី​វិនិយោគ​ទេ។ រៀន​វិនិយោគ​ពី​ប្រាក់​បន្តិចបន្តួច​ឡើង​ទៅ ស្រាវជ្រាវ​សិក្សា​ស្វែងយល់​ពី​ការ​វិនិយោគ ហើយ​បន្ទាប់​មក​ចាប់​ផ្តើម​អនុវត្ត​ផង រៀន​វិនិយោគ​ផង។ 

៥.ចង់​មាន​បាន មិនមែន​ជា​រឿង​ល្អ​ទេ
ភាព​ងប់ងុល​ និង​ការ​លោភលន់​​នឹង​លុយកាក់​គឺ​​ជា​រឿង​មួយ​មិន​ល្អ ​ប៉ុន្តែ​ដើម្បី​​​ឲ្យ​អនាគត​​​របស់​អ្នក  និង​មនុស្ស​ជា​ទីស្រឡាញ់​របស់​អ្នក​មាន​អនាគត​ល្អ តើ​​វា​ជា​អ្វី? ​រឿង​មួយ​ដែល​មិន​អាច​ប្រកែក​បាន​គឺ​ថា មាន​លុយ​កាន់តែ​ច្រើន​ ​នោះ​លំហ​សេរីភាព​​ហិរញ្ញវត្ថុ  និង​ជម្រើស​របស់​អ្នក​ព្រម​ទាំង​មនុស្ស​ដែល​នៅ​ជុំវិញ​អ្នក​ មាន​កាន់តែ​ច្រើន​ទៅ​​តាម​ហ្នឹង​ដែរ​។ 

ភាព​មាន​បាន មិនមែន​​សំដៅ​លើ​តែ​រឿង​លុយ​នោះ​ទេ។ ភាព​​មាន​បាន​គឺ​ជា​ជីវិត​មួយ​ដែល​ស៊ីវិល័យ ហើយ​​ជីវិត​របស់​អ្នក​មាន​លុយ​ក៏​​ប្រតិបត្តិ​មិន​ដូចគ្នា​ដែរ។ អ្នក​ខ្លះ​យល់​ថា មាន​លុយ​ធ្វើ​ឲ្យ​ខ្លួន​មាន​​សេរីភាព​ចាយវាយ​តាម​តែ​អំពើ​ចិត្ត​តាម​អ្វី​ដែល​ខ្លួន​​ចង់​បាន​។ អ្នក​ខ្លះ​ទៀត​យល់​ថា មាន​លុយ​​អាច​ទិញ​របស់​ថ្លៃៗ ទំនើបៗ រស់​នៅ​ក្នុង​ផ្ទះ វីឡា​ស្កឹមស្កៃ អាច​​ចាយប្រាក់​ដោយ​​សុខ​ស្រួល​។ ប៉ុន្តែ​អ្នក​មាន​ខ្លះ​ទៀត​យល់​ថា មាន​លុយ​ធ្វើ​ឲ្យ​ខ្លួន​មាន​ពេល​នៅ​ជួបជុំ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ ចូលរួម​កិច្ចការ​សង្គម កសាង​នេះ​កសាង​នោះ​ជាដើម។ អ្នក​មាន​លុយ​មាន​សេចក្តី​សុខ​ដោយសារ​លុយ​តាម​របៀប​ផ្សេង​គ្នា។ ​​​

អ្នក​មិន​ត្រូវ​មាន​ទស្សនៈ អវិជ្ជមាន​ចំពោះ​លុយ​ឡើយ។ អ្នក​ត្រូវ​​តែ​បណ្ដុះ​ខ្លួនឯង​ឲ្យ​ស្រលាញ់​លុយ និង​បង្ហាញ ក្តី​ស្រមៃ​ដែល​អ្នក​នឹង​មាន​នៅ​ពេល​មាន​លុយ​។ ត្រូវ​ធ្វើ​ឲ្យ​លុយ​​ក្លាយ​ជា​កម្លាំង​ចលករ​មួយ​រុញច្រាន​អ្នក​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង និង​​ផ្តល់​ក្តី​សុខ​មួយ​ឲ្យ​អ្នក​តាម​របៀប​ដែល​អ្នក​ត្រូវការ​ដោយ​មិន​បៀតបៀន​អ្នកដទៃ៕

ប្រភព៖ NCBC ​​

 

X
5s