លី ហួរ វេរលុយនិងធនាគារ ស្ថាបនាចាប់ដៃគ្នាធ្វើប្រតិបត្តិការសេវាហិរញ្ញវត្ថុតាមភ្នាក់ងារជាង៤ពាន់កន្លែង​



ភ្នំពេញ៖ ក្រុមហ៊ុន លី ហួរ វេរលុយ និងធនាគារ ស្ថាបនា ចាប់ដៃគ្នាធ្វើប្រតិបត្តិការផ្តល់ជម្រើសសេវាកម្មហិរញ្ញវត្ថុ ទាំងការផ្ទេរប្រាក់ និងទូទាត់កម្ចីសម្រាប់តម្រូវការផ្ទាល់ខ្លួន និងអាជីវកម្មក្នុងស្រុក ជាមួយនឹងភ្នាក់ងារលី ហួរ វេរលុយ ជាង៤៥០០ កន្លែង នៅទូទាំងប្រទេស។

ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា នាថ្ងៃទី២៦ ខែសីហានេះបានប្រកាសជាផ្លូវការនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយក្រុមហ៊ុន លី ហួរ ផេប៉្រូ ភីអិលស៊ី (លី ហួរ វេរលុយ) ដែលជាក្រុមហ៊ុនផ្តល់សេវាផ្ទេរប្រាក់ និងទូទាត់ប្រាក់ ដើម្បីផ្តល់ជម្រើសកាន់តែងាយស្រួលដល់អតិថិជនក្នុងការផ្ទេរប្រាក់ទៅមក រវាងគណនីធនាគារ ស្ថាបនា និង លី ហួរ ផេប៉្រូ LYFE Wallet តាមរយៈការប្រើប្រាស់ Sathapana Mobile និង Ly Hour Veluy App។

លោក លឹម អូន ប្រធាននាយកប្រតិបត្តិធនាគារ ស្ថាបនា បានប្រសាសន៍ថា៖ “កិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុនានា ដែលរួមទាំងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន លី ហួរ ផេប៉្រូ គឺជាការបង្ហាញនូវការផ្តោតយកចិត្តទុកដាក់ខ្ពស់របស់យើង ក្នុងការពង្រីកវិសាលភាពសេវាកម្មផ្នែកឌីជីថល ជាពិសេសតាមរយៈ Sathapana Mobile”។

លោកបន្តទៀតថា  ធនាគារ ស្ថាបនា បានឃើញពីការផ្លាស់ប្តូរជាវិជ្ជមាននៃកំរិតជីវភាពប្រជាជនកម្ពុជារាប់ពាន់នាក់ តាមរយៈការផ្តល់នូវសេវាកម្មកាន់តែទំនើប និងកាន់តែប្រសើរ ជាមួយបច្ចេកវិទ្យាកាន់តែទំនើបរបស់ធនាគារ ស្ថាបនា ហើយជាមួយនឹងកិច្ចសហប្រតិបត្តិការដៃគូថ្មីរបស់យើងជាមួយលី ហួរ ផេប៉្រូ នឹងផ្តល់ភាពកាន់តែងាយស្រួលដល់ អតិថិជនជាមួយនឹងការប្រើប្រាស់Ly Hour Veluy App (LYFE Wallet) និងភ្នាក់ងារជាង ៤៥០០កន្លែង ទូទាំងប្រទេសកម្ពុជា”។

ថ្លែងក្នុងពិធីចុះហត្ថលេខា ឧកញ៉ា លី សុភាព ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ ផេប្រ៉ូភីអិលស៊ី (លី ហួរ វេរលុយ) មានប្រសាសន៍ឲ្យដឹងថា  ការចាប់ដៃគ្នារវាងក្រុមហ៊ុនទាំងពីរ នឹងក្លាយជាយន្តការមួយដ៏មានប្រសិទ្ធភាពក្នុងការជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋនិងផ្តល់នូវភាពងាយស្រួលដល់ពួកគាត់ក្នុងការធ្វើប្រតិបត្តិការសេវាហិរញ្ញវត្ថុទាំងនេះ។

លោកបន្ដថា បន្ទាប់ពីដាក់ដំណើរការសេវាកម្មនេះ អតិថិជនរបស់ ធនាគារ ស្ថាបនា នឹងមានភាពងាយស្រួលក្នុងការបង់ប្រាក់កម្ចីតាមរយៈភ្នាក់ងារ លី ហួរ វេរលុយ ជាង៤៥០០កន្លែងទូទាំងប្រទេសកម្ពុជា៕

ដោយ៖ ស្រីពេជ្រ

X
5s