ហេតុអ្វីអ្នកគួរជ្រើសរើសបុគ្គលិកដែលមិនមានលក្ខណសម្បត្តិគ្រប់គ្រាន់ស្របតាមការចង់បានរបស់អ្នក?
អ្នកដែលស្វែងរកការងារធ្វើម្នាក់ៗមានជម្រើសជាច្រើនដើម្បីចាប់យកឱកាសការងារនៅលើទីផ្សារដ៏ប្រកួតប្រជែងមួយនៅពេលបច្ចុប្បន្ននេះ។ ទន្ទឹមនឹងនេះ ដើម្បីអាចទាក់ទាញបុគ្គលិកដែលមានទេពកោសល្យមកធ្វើការនៅ ក្នុងក្រុមហ៊ុន ឬស្ថាប័នរបស់ខ្លួនបាន និយោជកត្រូវពិចារណាឡើងវិញនូវយុទ្ធសាស្ត្រជួលបុគ្គលិក។
បើយោងតាមការសិក្សាថ្មីមួយពីក្រុមហ៊ុនជ្រើសរើសបុគ្គលិក Adecco និយោជកនៅទូទាំងសហរដ្ឋអាមេរិកកំពុងប្រឈមមុខទៅនឹងបញ្ហានៃការជួលបុគ្គលិកដែលស្របតាមលក្ខខណ្ឌចង់បានរបស់ខ្លួន។ អ្នកសម្ភាសន៍ការងារជាច្រើនបានលើកឡើងថា ពួកគេមានការពិបាកក្នុងការស្វែងរកបុគ្គលិកដែលមានបទពិសោធន៍ និងត្រូវជំនាញដែលចំនួននេះមានត្រឹមតែ ៥០% ជាងប៉ុណ្ណោះនៅក្នុងចំណោមបុគ្គលិកដែលត្រូវបានជ្រើសរើស ។
ហេតុផលនេះទើបមានការផ្តល់ដំបូន្មានថ្មីៗជាច្រើនបានលើកឡើងពីបញ្ហានេះ ហើយស្នើឲ្យក្រុមហ៊ុនដែលត្រូវការជ្រើសរើសបុគ្គលិកត្រូវមានភាពបត់បែនជាងមុន។ បើមិនដូច្នោះទេ អ្នកអាចប្រថុយក្នុងការចំណាយពេលយូរជាងការរំពឹងទុកដើម្បីអង្គុយរង់ចាំបុគ្គលិកមានសមត្ថភាពស្របតាមតម្រូវការរបស់អ្នកមកធ្វើការដែលនេះអាចបណ្តាលឲ្យផលិតភាព និងប្រាក់ចំណេញរបស់អ្នកមានផលប៉ះពាល់។
ខាងក្រោមនេះជាមូលហេតុសំខាន់ចំនួន ២ដែលអ្នកគួរងាកមកចាប់អារម្មណ៍ជ្រើសរើសបុគ្គលិកដែលមិនទាន់មានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីធ្វើការឲ្យអ្នក៖
១.ផ្ដោតលើភាពសម្របខ្លួនបានរបស់បេក្ខជនទៅនឹងវប្បធម៌ការងារក្នុងក្រុមហ៊ុនរបស់អ្នកជាធំនៅអំឡុងពេលសម្ភាសន៍ការងារ
ក្នុងករណីជាច្រើន ការជួលបុគ្គលិកឲ្យសម ទៅនឹងវប្បធម៌ការងាររបស់អ្នក អាចមានសារៈសំខាន់ជាងការជួលបុគ្គលិកដោយផ្អែកលើកត្តាបទពិសោធន៍ជាសំខាន់។ ប្រសិនបើអ្នកជួលបុគ្គលិករបស់អ្នកដោយសំអាងលើសំអាងលើការឆ្លើយតបទៅនឹងតម្រូវការគ្រប់ចំណុចក្នុងការលក្ខខណ្ឌការងាររបស់អ្នកដូចជា ជំនាញ និងបទពិសោធន៍ប៉ុន្តែបុគ្គលិកនោះហាក់មានកម្រិតវប្បធម៌មិនសមស្របនឹងវប្បធម៌ការងាររបស់អ្នកទេ នេះវាអាចជះឥទ្ធិពលអវិជ្ជមានដល់ក្រុមការងាររបស់អ្នក។
ហេតុដូច្នេះហើយនៅពេលសម្ភាសន៍ការងារ អ្នកត្រូវយកចិត្តទុកដាក់លើចំណុចនេះ ហើយសាកសួរបេក្ខជននោះ២ ឬ ៣សំនួរ។ សំនួរនេះគួរតែរកឲ្យឃើញថា ពួកគេគឺជាបុគ្គលិកមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការបន្តការសិក្សារៀនសូត្រ និងចង់អភិវឌ្ឍសមត្ថភាពកាន់តែខ្ពស់នៅពេលអនាគត។ អ្នកគួរតែជ្រើសរើសបុគ្គលិកប្រភេទនេះ បើទោះបីជាពួកគេមិនមាន ឬមានបទពិសោធន៍មិនគ្រប់គ្រាន់តាមការចង់បានរបស់អ្នកក៏ដោយ។
ផ្ទុយទៅវិញ បើអ្នកចង់ស្វែងរកបុគ្គលិកដែលមានសមត្ថភាព និងបទពិសោធន៍ខ្ពស់ស័ក្ដិសមទៅនឹងអ្វីដែលអ្នកចង់បាន ក៏ប៉ុន្តែបុគ្គលិកនោះមានអាកប្បកិរិយាមារយាទមិនល្អ ខ្វះសេចក្តីថ្លៃថ្នូរ ខ្វះសីលធម៌ មានអំនួតខ្លាំង ឬក៏ថា ទំនងជាមិនអាចធ្វើឲ្យវប្បធម៌ការងាររបស់អ្នកមានឥទ្ធិពលលើបុគ្គលិកប្រភេទនេះបាន ការបំពេញការងាររបស់ក្រុមការងាររបស់អ្នកនឹងក្លាយជារឿងគ្រោះថ្នាក់។
២.ផ្តល់ការបណ្តុះបណ្តាល និងបំពាក់បំប៉នបន្ថែម
បុគ្គលិកដែលមានគុណសម្បត្តិស្របតាមវប្បធម៌ការងាររបស់ក្រុមហ៊ុន គឺជាអ្នកដែលងាយនឹងបញ្ជ្រាបខ្លួនបានកាន់តែឆាប់រហ័សជាមួយក្រុមហ៊ុនដើម្បីចាប់ផ្តើមការងាររបស់ពួកគេ។ ទន្ទឹមនឹងនេះ ការបណ្តុះបណ្តាលបង្ហាត់បង្រៀនបុគ្គលិកប្រភេទនេះ វាងាយស្រួលជាងការការបណ្តុះបណ្តាលបុគ្គលិកដែលមានសមត្ថភាព និងបទពិសោធន៍ប៉ុន្តែពិបាកសម្របខ្លួនជាមួយនឹងវប្បធម៌ក្រុមហ៊ុន។
នៅពេលអ្នកសម្ភាសន៍ការងារក្រៅពីការផ្ដោតលើបុគ្គលិកដែលមានលក្ខណសម្បត្តិស្របតាមវប្បធម៌ការងារទៅនឹងក្រុមហ៊ុនរបស់អ្នកហើយនោះ អ្នកត្រូវប្រាប់ពួកគេពីចំណុចខ្វះខាតរបស់បុគ្គលិកនោះ ហើយអ្នកត្រូវបង្ហាញពួកគេថា អ្នកនឹងជួយព្យាយាមបណ្តុះបណ្តាលលើចំណុចខ្វះខាតនោះបន្ថែមដោយរបៀបណា។
អ្នកមិនត្រូវយកបញ្ហាសញ្ញាប័ត្រមកធ្វើជាហេតុផលធំជាងគេនៅក្នុងមុខតំណែងការងារក្នុងក្រុមហ៊ុនរបស់អ្នកឡើយ។ នៅពេលដែលពួកគេឈានជើងចូលក្នុងក្រុមហ៊ុនរបស់អ្នកហើយ អ្នកត្រូវបណ្តុះបណ្តាលពួកគេជាមុនសិន ហើយជួយពួកគេឲ្យទទួលបានចំណេះដឹងបន្ថែមលើមុខជំនាញរបស់ខ្លួន។ ការធ្វើបែបនេះ មានន័យថា ក្រុមហ៊ុនរបស់អ្នកពិតជាបានចាប់អារម្មណ៍ក្នុងការវិនិយោគលើភាពជោគជ័យរបស់ពួកគេ៕
ប្រភព៖ Inc