J Trust Bank ប្រកាសធ្វើប្រតិបត្តិការសេវាកម្មហិរញ្ញវត្ថុដំបូងរបស់ខ្លួន ក្រោយទិញភាគហ៊ុនពីANZ Royal​



ភ្នំពេញ៖ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានប្រកាសពីការបើកប្រតិបត្តិការបំរើសេវាកម្មហិរញ្ញវត្ថុដល់អតិថិជនជាលើកដំបូងរបស់ខ្លួនជាផ្លូវការ នៅថ្ងៃទី១៩ សីហានេះ ក្រោយធនាគារខ្នាតធំរបស់ជប៉ុនមួយនេះ ទើបតែប្រកាសទិញភាគហ៊ុនពីធនាគារANZ Royal កាលពីថ្មីនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន បានឲ្យដឹងថា ធនាគារ ANZ Group របស់អូស្ត្រាលី បានលក់ចំណែកភាគហ៊ុនដែលខ្លួនបានកាន់កាប់នៅក្នុងធនាគារ ANZ Royal (កម្ពុជា) ឲ្យទៅធនាគារ J Trust របស់ជប៉ុន កាលពីខែឧសភា ឆ្នាំ ២០១៨កន្លងទៅ ដោយធនាគារជប៉ុនថ្មីមួយនេះ នឹងផ្តោតសំខាន់ទៅលើធនាគារបែបឌីជីថល ដើម្បីជំរុញសេវាកម្មហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។

ក្នុងសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយដោយក្រុមហ៊ុន J Trust នាអំឡុងពេលទិញភាគហ៊ុន កាលពីឆ្នាំមុន បានបញ្ជាក់ថា ក្រុមហ៊ុនហិរញ្ញវត្ថុមួយនេះ នឹងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាទាំងមូល ក៏ដូចជាវិស័យហិរញ្ញវត្ថុនៅក្នុងតំបន់ ហើយនឹងប្រើប្រាស់ជំនាញរបស់ខ្លួន ដើម្បីលើកកម្ពស់ និងបង្កើនសកម្មភាពអាជីវកម្មធនាគារនៅកម្ពុជាឲ្យកាន់តែប្រសើរឡើង។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានអបអរសាទរដល់ក្រុមហ៊ុន ចេ ត្រាសធ៍ របស់ជប៉ុន ដែលមកបណ្តាក់ទុននៅកម្ពុជា ព្រមទាំងចាប់ដៃគូជាមួយក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង ដោយក្នុងនោះសម្តេច បានណែនាំឲ្យលោក ណូប៊ូយ៉ុង ស៊ិ ហ្វូជិសាវ៉ា (Nobuyushi Fujisawa) ប្រធានធនាគារ ចេ ត្រាស់ធ៍ (J Trust Bank) ជួយដល់ក្រុមហ៊ុនខ្មែរ ដែលមានតំរូវការឥណទាន តាមរយៈការផ្តល់នូវកម្ចីតាមរយៈធនាគារនេះ។

គួរកត់សម្គាល់ថា ជប៉ុន ស្ថិតក្នុងចំណោមបណ្ដាប្រទេសឈានមុខគេ ផ្នែកបច្ចេកវិទ្យាជឿនលឿនដែលបានជួយជំរុញឱ្យមានការរីកចម្រើន មិនត្រឹមតែក្នុងប្រទេសខ្លួនប៉ុណ្ណោះទេ ថែមទាំងនៅទូទាំងសកលលោកទៀតផង។

ស្របគ្នានេះ ដោយឈរលើ និមិត្តរូបនៃគុណភាព និងទំនុកចិត្តជាងគេរបស់ជប៉ុននោះ J Trust Royal Bank បានអះអាងថា ខ្លួនពិតជាមានមោទកភាពដែលឈានមកកាន់ប្រទេសកម្ពុជា ហើយសន្យាថានឹងធ្វើឱ្យជីវិតពលរដ្ឋកម្ពុជាអ្នកកាន់តែប្រសើរឡើងជាមួយនឹងបច្ចេកវិច្ចេកវិទ្យាវិវឌ្ឍន៍ថ្មី។ គ្រប់ទីកន្លែង ដែល J Trust Royal Bank ធ្វើប្រតិបត្តិការ គឺតែងតែធ្វើការខិតខំប្រឹងប្រែងជំរុញឱ្យមានការរីកចម្រើន អាជីវកម្មជោគជ័យ និងធ្វើឱ្យជីវិតអ្នកកាន់តែប្រសើរឡើង។

គួរបញ្ជាក់ថា ក្រុមហ៊ុន J Trust ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧៧ ក្នុងប្រទេសជប៉ុន ដោយដាក់ឈ្មោះថា Ikko Shoji Co,. Ltd. ។ ក្រុមហ៊ុននេះ ទទួលបានជោគជ័យជាបន្តបន្ទាប់រហូតដល់ចុងក្រោយ បានប្តូរឈ្មោះថា J Trust Co., Ltd. នៅខែកក្កដា ឆ្នាំ២០០៩ មកទល់ពេលបច្ចុប្បន្ន។ បច្ចុប្បន្ន ធនាគារ J Trust បាននឹងកំពុងធ្វើប្រតិបត្តិការអាជីវកម្មហិរញ្ញវត្ថុនៅប្រទេសជាច្រើនដូចជា ជប៉ុន កូរ៉េខាងត្បូង ម៉ុងហ្គោលី និងសិង្ហបុរី ជាដើម ដោយបានផ្តល់ជូននូវ សេវាកម្មធនាគារដូចជា សេវាកម្មទទួលប្រាក់បញ្ញើ ផ្តល់ប្រាក់កម្ចី និងផ្តល់សេវាកម្មបង់រំលស់ជាដើម ៕

ដោយ៖ ស្រីពេជ្រ

X
5s