ហេតុ​អ្វី​បរាជ័យ​គឺ​ជា​វិធី​ដ៏​​ឆាប់រហ័ស​​បំផុត​​ធ្វើ​ឲ្យ​​អ្នក​ជោគជ័យ?​



តើ​បរាជ័យ​គឺ​ជា​រឿង​ល្អ​ដែរ​ឬទេ? តាម​ពិត​ទៅ​មាន​មនុស្ស​ច្រើន​ណាស់​ដែល​ទទួលស្គាល់​ថា ការ​បរាជ័យ​គឺ​ជា​រឿង​ល្អ។ ក៏ប៉ុន្តែ​មាន​មនុស្ស​មិន​ច្រើន​ទេ​ដែល​បាន​សាកល្បង​ និង​ស្គាល់​រសជាតិ​ អត្ថន័យ​ពិតប្រាកដ​នៃ​ភាព​បរាជ័យ​ដោយសារ​តែ​មនុស្ស​ភាគច្រើន​មិន​ក្លាហាន​ក្នុង​ការ​ប្រឈមមុខ​ជាមួយ​វា។ 

ឥឡូវ​នេះ​ David Neagle ដែល​ជា​វាគ្មិន​លើកទឹកចិត្ត​ម្នាក់​​ចូល​ខ្លួន​មក​បញ្ជាក់​អ្នក​ឲ្យ​​កាន់តែ​ច្បាស់​ថា តើ​ការ​បរាជ័យ​ពិត​ជា​​​វិធី​ដ៏​​ឆាប់រហ័ស​បំផុត​​ធ្វើ​ឲ្យ​អ្នក​ជោគជ័យ​​ដោយ​របៀបណា? ​​​​

១.ហេតុអ្វី​​បរាជ័យ​គឺ​ជា​បញ្ហា?
មិន​ពិត​ទេ! ​ភាព​បរាជ័យ​​ខ្លួន​វា​ផ្ទាល់ ​​មិនមែន​ជា​បញ្ហា​ទេ។ យោង​តាម​លោក Neagle បញ្ហា​នៃ​ភាព​បរាជ័យ​ គឺ​ជា​ភាព​អាម៉ាស់​ដែល​សង្គម​ជុំវិញ​ទម្លាក់​ឲ្យ​មក​​លើ​អ្នក ហើយ​អ្នក​យល់ព្រម​ទទួលស្គាល់​​​ទៅ​នឹង​​សម្ពាធ​នៃ​ភាព​អាម៉ាស់​​មួយ​នេះ។ 

មនុស្ស​ម្នាក់ៗ​សុទ្ធតែ​មាន​បទពិសោធន៍​ខកចិត្ត ខ្មាសអៀន និង​មាន​អារម្មណ៍​តូចចិត្ត​​នៅ​ពេល​បរាជ័យ។ បទពិសោធន៍​ទាំង​នេះ អ្នក​អាច​ទទួល​បាន​​តាំង​ពី​នៅ​ក្មេង​​ដូចជា​ការ​បរាជ័យ​​​ពី​សាលា​រៀន និង​ឪពុក​​ម្តាយ​របស់​អ្នក។ ប៉ុន្តែ​មនុស្ស​ភាគច្រើន​យល់​ថា វា​មិនមែន​ជា​រឿង​ល្អ​ឡើយ ហើយ​ចេះ​សម្រក់​ទឹកភ្នែក​បើ​ទោះបី​ជា​បាន​បង្កើត​កំហុស​តូច​មួយ​ក៏ដោយ។ ជា​អកុសល​ទៀត​នោះ គឺ​សម្គម​មិន​ឲ្យ​តម្លៃ​វា សង្គម​ដាក់​សម្ពាធ និង​ធ្វើ​ឲ្យ​អ្នក​ដែល​បាន​បង្កើត​កំហុស​​បរាជ័យ​មាន​ភាព​អាម៉ាស់​កាន់តែ​ខ្លាំង​ឡើង។ ​

ជា​លទ្ធផល មនុស្ស​ចាប់​ផ្តើម​ដក់​ចិត្ត​ទៅ​នឹង​ទម្លាប់​មួយ​គឺ​ចង់​​​គេចវេស​ពី​បញ្ហា​រហូត​។  ឪពុកម្ដាយ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ស្រមោល​មួយ​ដែល​​ធ្វើ​ឲ្យ​កូនៗ​របស់​ខ្លួន​មាន​សម្ពាធ​ទៅ​នឹង​ការ​បរាជ័យ​នៅ​ពេល​កូនៗ​របស់​ខ្លួន​មិន​ទទួល​បាន​ពិន្ទុ​ល្អ​នៅ​ក្នុង​ថ្នាក់។ ក៏ប៉ុន្តែ​នៅ ក្នុង​ទិដ្ឋភាព​ជាក់ស្តែង ការ​បរាជ័យ​ទៅវិញ​ទេ​​ជា​កាដូ​ជីវិត​ដ៏​អស្ចារ្យ​ដែល​​អាច​កើត​មាន​ដល់​មនុស្ស​គ្រប់គ្នា ជា​ពិសេស​ក្មេងៗ។ ​​​​

បរាជ័យ​ជួយ​កសាង​ទំនុកចិត្ត។​ បរាជ័យ​ផ្តល់​នូវ​ឱកាស​រៀនសូត្រ​ដ៏​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន ។ បរាជ័យ​បាន​បង្កើត​បទពិសោធន៍​ថ្មីៗ និង​ប្លែកៗ ហើយ​ជួយ​ធ្វើ​ឲ្យ​មនុស្ស​​ចេះ​ជួសជុល​កំហុស​ខ្លួនឯង​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។ ទាំងអស់​នេះ​ពិត​ជា​មានតម្លៃ​ណាស់​សម្រាប់​ក្មេងៗ ជា​ពិសេស​សហគ្រិន និង​មនុស្ស​គ្រប់គ្នា។

២.បរាជ័យ​ជា​វិធី​ដ៏​​ឆាប់រហ័ស​បំផុត​មួយ​ដើម្បី​ជោគជ័យ
បរាជ័យ​មិនមែន​ជា​អ្វី​ដែល​​មនុស្ស​គ្រប់គ្នា​ខ្លាចរអា ហើយ​ដើរ​គេច​ចេញ​ពី​វា​ទេ។ ជា​ការពិត លោក Neagle បាន​អះអាង​ថា បរាជ័យ​គឺ​ជា​វិធី​ដ៏​​ឆាប់​រហ័ស​បំផុត​ដើម្បី​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ។ ការ​លើកឡើង​នេះ​ទំនង​ដូចជា​មិន​សម​ហេតុផល ប៉ុន្តែ​វា​ជា​ការពិត។ 

ក្នុងនាម​ជា​ម្ចាស់​អាជីវកម្ម​ ការ​បរាជ័យ​អនុញ្ញាត​ឲ្យ​អ្នក​ស្វែងរក​​ចំណុច​ខ្សោយ​របស់​អ្នក ​ចំណុច​ល្ងង់ខ្លៅ និង​ជំនាញ​​ជាច្រើន​ទៀត​ដែល​អ្នក ឬ​ក្រុមការងារ​របស់​អ្នក​ត្រូវការ​រៀនសូត្រ​។  វា​បង្ហាញ​អ្នក​ពី​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ដើម្បី​ពង្រីក​អាជីវកម្ម​ ឬ​ពង្រឹង​សមត្ថភាព​របស់​អ្នក។  នេះ​មានន័យ​ថា ប្រសិន​បើ​អ្នក​រៀន​ពី​ភាព​បរាជ័យ​បាន​កាន់តែ​ច្រើន  និង​ឆាប់រហ័ស អ្នក​នឹង​កាន់តែ​ឆាប់​ទទួល​បាន​ភាព​ជោគជ័យ។ 

ម៉្យាងវិញទៀត​ការ​​គេចវេស​ពី​ភាព​បរាជ័យ អាច​​ធ្វើ​ឲ្យ​អ្នក​ស្ថិត​នៅ​ក្នុង​សភាព​ទ្រុឌទ្រោម និង​​ឈឺ​ក្បាល​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។ នេះ​វា​មានន័យ​ស្មើ​នឹង​អ្នក​មិន​ហ៊ាន​ប្រថុយប្រថាន​ដែល​ជា​ឧបសគ្គ​​ដ៏​ធំ​មួយ​ធ្វើ​ឲ្យ​អ្នក​បាត់បង់​ឱកាស​ល្អៗ​នៅ​ក្នុង​ជីវិត ហើយ​ប្រសិន​បើ​អ្នក​គេចវេស​វា​កាន់តែ​ច្រើន​ឡើង ការ​បរាជ័យ​របស់​អ្នក​ក៏​កាន់តែ ច្រើន​ទៅ​តាម​នោះ​ដែរ។ ទីបំផុត ការ​​គេចវេស​​របស់​អ្នក​នេះ​ហើយ​ដែល​ជា​ភាព​បរាជ័យ​ពិតប្រាកដ​ដែល​​ធ្វើ​ឲ្យ​អ្នក​​យល់​ថា ការ​បរាជ័យ​គឺ​ជា​បញ្ហា។ 

៣.ស្គាល់​ភាព​បរាជ័យ​ឲ្យ​​កាន់តែ​ច្បាស់
ដូច​អ្វី​ដែល​បាន​លើកឡើង​ខាងលើ​ កូនសោ​ដើម្បី​ជោគជ័យ​ក្នុង​ជីវិត​ក្តី ឬ​ក្នុង​ជំនួញ​ក្តី គឺ​វា​អាស្រ័យ​ទៅ នឹង​ការ​ហ៊ាន​ប្រឈមមុខ​របស់​អ្នក​តតាំង​ជាមួយ​វា។ ប៉ុន្តែ​តើ​អ្នក​អាច​តតាំង​ជាមួយ​វា​ដោយ​របៀបណា? 

ជំហាន​ដំបូង​គេ​បំផុត គឺ​អ្នក​ត្រូវ​ទទួលស្គាល់​ថា អ្នក​មិន​មែន​បរាជ័យ​ទេ។ ជាជាង​មើល​ទៅ លើ​កំហុស ហើយ​និយាយ​ថា "ខ្ញុំ​ជា​អ្នក​បរាជ័យ” អ្នក​ត្រូវ​និយាយ​ថា "អ្វី​ដែល​ខ្ញុំ​បាន​​ធ្វើ គឺ​ជា​​​ភាព​បរាជ័យ​” ឬ "អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​វា មិន​ដំណើរការ​ទេ”។ វា​គ្មាន​អ្វី​​​​ពាក់ព័ន្ធ​នឹង​អ្នក​​ទាល់តែសោះ ឬ​ក៏​ថា បរាជ័យ​ក្នុង​អាជីវកម្ម​ វា​គ្មាន​អ្វី​ពាក់ព័ន្ធ​ទាល់តែសោះ​ទៅ​នឹង​អាជីវកម្ម​ផ្ទាល់។ បើ​ទោះបី​ជា​ក្រុមហ៊ុន​ដួល​រលំ​ក៏ដោយ អ្នក​ត្រូវ​​គិត​ថា មិនមែន​ក្រុមហ៊ុន​ដួល​រលំ​ទេ។ តាមពិត​ទៅ "ការងារ​” ដែល​មនុស្ស​នៅ​ក្នុង​​ហ៊ុន​ធ្វើ​ វា​មិន​ដំណើរការ​ទៅវិញ​ទេ​ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ដួល​រលំ។

នៅ​ក្នុង​ក្រុមហ៊ុន​របស់​អ្នក​ វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​អនុញ្ញាត​ឲ្យ​អ្នកដឹកនាំ​របស់​អ្នក​លើកទឹកចិត្ត​​នៅ​ពេល​បរាជ័យ​ប្រកបដោយ​​ទំនួលខុសត្រូវ។ អ្នក​ធ្វើ​បែប​នេះ​បាន​​ដោយ​ផ្ដោត​លើ​ គណនេយ្យ​ភាព និង​​ភាព​ស្មោះត្រង់។ ការ​លើកទឹកចិត្ត​​ពេល​បរាជ័យ​​របស់​​មនុស្ស​ដែល​ធ្វើការ​​ឲ្យ​អ្នក អាច​នាំ​មក​នូវ​ភាព​ច្នៃប្រឌិត​កាន់តែ​ច្រើន​ឡើង​។ វា​ជំរុញ​ឲ្យ​​មនុស្ស​ព្យាយាម​​ធ្វើ​អ្វី​ថ្មីៗ និង​សម្រប​ខ្លួន​ទៅ​នឹង​ការ​លំបាក​ដែល​កំពុង​ប្រឈម​នៅក្នុង​កន្លែង​​ការងារ​ ហើយ​ទីបំផុត​វា​គឺ​ជា​កន្លែង​ដែល​របកគំហើញ​​ធំៗ ត្រូវ​បាន​កើត​ឡើង​នៅ​ក្នុង​ក្រុមហ៊ុន​របស់​អ្នក៕

ប្រភព៖ Inc 

X
5s