សមាគមស្បែកជើងកម្ពុជា(CFA)និងធនាគារឯកទេសវីង ចុះMoU លើការបើកប្រាក់បៀវត្សតាមប្រព័ន្ធឌីជីថល
ភ្នំពេញថ្ងៃទី ១៣ ខែសីហាឆ្នាំ ២០១៩ ៖ សមាគមស្បែកជើងកម្ពុជា (CFA) និង ធនាគារឯកទេសវីង បានចុះហត្ថលេខាលើ កិច្ចសហការសេវា បើកប្រាក់បៀវត្សបែប ឌីជីថល វីង ប៊ីស ផ្លឺស (Wing Biz+) ដើម្បីផ្តល់មធ្យោបាហិរញ្ញវត្ថុ ងាយស្រួលបំផុតដល់ បុគ្គលិក និងនិយោជិតរបស់ខ្លួន។
នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចសហការសេវាបើកប្រាក់បៀវត្សបែប ឌីជីថល វីង ប៊ីស ផ្លឺស (Wing Biz+) នៅថ្ងៃអង្គារនេះ ប្រធានសមាគមស្បែកជើងកម្ពុជា លោកឧកញ្ញា លី ឃុនថៃ បានមានប្រសាសន៍នៅក្នុងពិធីចុះហត្ថលេខា ថា៖ “ដូចដែលយើងដឹងថាបទប្បញ្ញត្តិថ្មីតម្រូវឲ្យរោងចក្រសហគ្រាស ធ្វើការបើកប្រាក់ឈ្នួលកម្មករចំនួនពីរដងក្នុងមួយខែ ហើយវីងគឺជាជម្រើសមួយដ៏ត្រឹមត្រូវរបស់សមាគមយើង។ សមាគមស្បែកជើងកម្ពុជា ស្វាគមន៍ និងរីករាយចំពោះកិច្ចសហប្រតិបត្តិការជាមួយវីង ដើម្បីទទួលបានសេវាកម្មដែលមានអត្ថប្រយោជន៍ច្រើនសម្រាប់សមាជិក កម្មករនិយោជិត របស់យើង។ “
លោកបានបន្ថែមថា“ការប្រើប្រាស់សេវាកម្មទូទាត់ដែលមានប្រសិទ្ធភាព និងសុវត្ថិភាពដែលផ្តល់ជូនដោយធនាគារឯកទេសវីង គឺជាជម្រើសដ៏ជឿជាក់មួយ ព្រោះយើងតែងតែស្វែងរកវិធី ជាមួយនឹងបច្ចេកវិទ្យាទំនើប ដើម្បីកែលំអជីវិតសមាជិក កម្មករនិយោជិត របស់យើង។
អគ្គនាយករងធនាគារឯកទេសវីង លោកហោ ប៊ុនថែ បានមានប្រសាសន៍ថា“ បន្ថែមលើការផ្តល់មធ្យោបាយងាយស្រួលដល់កម្មកររោងចក្រ ក្នុងការទូទាត់វិកយបត្រទឹកភ្លើងប្រចាំខែ ការផ្ទេរប្រាក់ និងដកប្រាក់ វីងក៏នឹងអនុញ្ញាតឱ្យសមាគមស្បែកជើងកម្ពុជា ទទួលបាននូវសេវាកម្ម បើកប្រាក់បៀវត្សសម្រាប់បុគ្គលិក និងដំណោះស្រាយសម្រាប់ការទូទាត់អាជីវកម្មខ្នាតតូចនិងមធ្យមផងដែរ។”
ភាពជាដៃគូនេះមានគោលបំណងមិនត្រឹមតែជួយឲ្យសមាជិកសមាគមស្បែកជើងកម្ពុជា មានភាពងាយស្រួលលើសេវាកម្មហិរញ្ញវត្ថុ សម្រាប់កម្មកររោងចក្រ ១៣ម៉ឺននាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញដល់ការរីកចម្រើននៃឧស្សាហកម្មស្បែកជើងនៅកម្ពុជា ដោយជួយធ្វើឱ្យប្រព័ន្ធទូទាត់ដែលមានរួមបញ្ចូលនូវការរចនានិងការច្នៃប្រឌិតខ្ពស់ផ្តោតលើអ្នកប្រើប្រាស់។
គួរបញ្ជាក់ផងដែរថា ធនាគារឯកទេសវីង គឺជាអ្នកផ្តល់សេវាកម្មធនាគារទូរស័ព្ទចល័តដំបូងគេនៅកម្ពុជា។ បង្កើតឡើងក្នុងឆ្នាំ២០០៩ ធនាគារឯកទេសវីង បានផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុដូចជា ផ្ទេរប្រាក់និងទទួលប្រាក់នៅក្នុងស្រុក បង់វិក្កយបត្រ បញ្ចូលទឹកប្រាក់ទូរស័ព្ទ ទិញទំនិញតាមអនឡាញ និងទូទាត់ដោយស្កេន QRកូដ ព្រមទាំងសេវាផ្ទេរប្រាក់អន្តរជាតិពីជាង ២០០ប្រទេសទូទាំងពិភពលោក៕
ដោយ៖ ស្រីពេជ្រ