ក្រុមហ៊ុនVisa៖ ពលរដ្ឋកម្ពុជា១ភាគ៣ កំពុងងាកមកប្រើប្រាស់ការទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថល​



កម្ពុជា នឹងឈានទៅទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធឌីជីថល កើនឡើងរហូតដល់៥៤% ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ខណៈបច្ចុប្បន្នពលរដ្ឋកម្ពុជា១ភាគ៣ កំពុងងាកមកប្រើប្រាស់ការទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថល ដោយសារភាពងាយស្រួល និងសុវត្ថិភាព ។

របាយការណ៍នេះ ត្រូវបានបង្ហាញឡើងដោយក្រុមហ៊ុនវីសា ក្នុងពីធីចុះMoU រវាងសមាគមធនាគារនៅកម្ពុជា និង ក្រុមហ៊ុន វីសា ដើម្បី ទទួលបានសិទ្ធិក្នុងការប្រើប្រាស់បច្ចេកវិទ្យាសុវត្ថិភាព EMV chip កាលពីពេលថ្មីៗនេះ។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា បានមានប្រសាសន៍ថា ក្រោយMoUនេះ  ធនាគារ និងធុរកិច្ចក្នុងស្រុកនឹងទទួលបានការការពារយ៉ាងខ្ពស់ប្រឆាំងនឹងការក្លែងបន្លំក្នុងពេលធ្វើប្រតិបត្តិការ តាមរយៈការទទួលយក Visa’s EMV chip ដោយអាចពង្រឹងប្រតិបត្តិការក្នុងស្រុក និងតាមបណ្តាញម៉ាស៊ីនអេធីអឹមរបស់យើងដែលផ្តល់នូវសុវត្ថិភាពកាន់តែច្រើនក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុទូទាំងប្រទេស ។

អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងវីសាប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ដោយសារការទូទាត់តាមរយៈឌីជីថល កំពុងមានការរីកចម្រើននៅក្នុងប្រទេស ដូច្នេះ យើងបានធ្វើការប្តេជ្ញាចិត្ត ដើម្បីធានាសុវត្ថិភាពជូនដល់ប្រជាជនកម្ពុជា នៅពេលដែលពួកគាត់ធ្វើប្រតិបត្តិការ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

ការដាក់ឲ្យមានការប្រើប្រាស់ Visa’s EMV chip standards  សម្រាប់ធនាគារក្នុងស្រុក និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលទទួលប្រាក់សន្សំ នឹងផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មទាំងមូល ខណៈយើងធ្វើការរួមគ្នាដើម្បីរក្សាស្តង់ដាសុវត្ថិភាពអោយខ្ពស់បំផុតតាមដែលអាចធ្វើទៅបាន។

លោក គីម ទីកោមលី អគ្គនាយករងបច្ចេកទេសទី  1 នៃធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការនេះ នឹងអាចរួមគ្នាក្នុងការពង្រឹងសន្តិសុខ លើការទូទាត់នៅក្នុងប្រទេសកម្ពុជា ឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីប្តេជ្ញាជំរុញអនាគតនៃការទូទាត់គ្មានសាច់ប្រាក់ ក្នុងប្រទេសកម្ពុជាឲ្យកើនតែមានភាពប្រសើរឡើង។ 

គួរបញ្ជាក់ថា ក្រុមហ៊ុន វីសា រួមជាមួយស្ថាប័នហិរញ្ញវត្ថុ ជាដៃគូពាណិជ្ជកម្មរបស់ខ្លួន តែងតែវិនិយោគជាប្រចាំនៅលើការរីកចម្រើន ក្នុងការទូទាត់តាមរយៈប្រព័ន្ធឌីជីថលនៅក្នុងប្រទេសកម្ពុជា៕

ដោយ៖ ស្រីពេជ្រ

X
5s