ផាកកាហ្វេ សាខាទួលគោកចាប់ផ្តើមដំណើរការជាផ្លូវការហើយ
កាលពីល្ងាចថ្ងៃព្រហស្បត្តិ៍ ទី០៨ ខែសីហា ឆ្នាំ២០១៩ ក្រុមហ៊ុន ផាកកាហ្វេ ហ៊្វូដ អេន បេវើរីច បានបើកសម្ពោធជាផ្លូវការសម្រាប់សាខាថ្មីរបស់ខ្លួនគឺ ផាកកាហ្វេ សាខាទួលគោក ដែលមានទីតាំងស្ថិតនៅលើផ្លូវ ៥១៦ កែងផ្លូវ ៣១៧ ខណ្ឌទួលគោក រាជធានីភ្នំពេញ (អតីតមជ្ឈមណ្ឌលបណ្តុះបណ្តាលអេស៊ីលីដាចាស់)។ នេះជាសាខាទី ១៧ ហើយរបស់ផាកកាហ្វេ ហើយការបើកសាខាថ្មីនេះក៏បង្ហាញពីភាពជោគជ័យយ៉ាងប្រសើរមួយ ក្នុងនាមជាអ្នកប្រកបអាជីវកម្ម និងឈានមុខគេផ្នែកភោជនីយដ្ឋានក្នុងស្រុក។
តាមការឲ្យដឹងពីលោក ហេង សេងលី អគ្គនាយកគ្រប់គ្រងទូទៅ ផាកកាហ្វេ ថាការដែលជ្រើសរើសយកទីតាំងមួយនេះដើម្បីពង្រីកសាខាថ្មី ព្រោះក្រុមហ៊ុនបានសម្លឹងឃើញពីសក្តានុពលនៃកម្រិតជីវភាពប្រជាជនរស់នៅក្នុងតំបន់ទួលគោកនេះ ភាគច្រើនអាចចាត់ទុកថាគឺជាអតិថិជនគោលដៅដែលផាកកាហ្វេអាចចាប់យកបាន។
សាខាទី ១៧ នេះគឺត្រូវបានរៀបចំ រចនា ដេគ័រប្លែកពីសាខាផ្សេងរួមទាំងកន្លែងគិតលុយ (Counter) ហើយការដែលរៀបចំឲ្យមានភាពខុសគ្នាពីមួយសាខាទៅមួយសាខាគឺដើម្បីឲ្យអតិថិជនទទួលបានអ្វីថ្មី បទពិសោធន៍ថ្មីក្នុងការពិសារអាហារបូកបន្ថែមនឹងបរិយាកាសដ៏ល្អ និយាយរួមគឺមិនសាំភ្នែកនឹងភាពដដែលៗ ពិសេសឈរលើគោលគំនិតជាខ្មែរ ការរចនាហាងគឺនៅតែរក្សាបែបផែនជាលក្ខណៈខ្មែរបុរាណ និងខ្មែរទំនើប។
ផាកកាហ្វេ គិតគូរសំខាន់បំផុតចំពោះសុខភាពអតិថិជនដោយមានការបម្រើជូនអាហារសុខភាពគ្មានប៊ីចេង កាហ្វេឆុងបែបខ្មែរ ទឹកផ្លែឈើស្រស់ៗល្អសម្រាប់សុខភាពអតិថិជន។ ទោះបីជាក្នុងទីផ្សារសព្វថ្ងៃមានការប្រកួតប្រជែងខ្ពស់លើវិស័យម្ហូបអាហារនេះក្តី ក៏ផាកកាហ្វេនៅតែអាចរក្សាលំនឹង និងពង្រីកខ្លួនបានមកទល់សព្វថ្ងៃនេះ ហើយពីពេលនេះបន្តទៅដល់ឆ្នាំ ២០២១ ផាកកាហ្វេគ្រោងនឹងបើកសាខាឲ្យបានរហូតទៅដល់ ៣០ ហាង។ ដោយឡែកចំពោះម្ហូបអាហារហាឡាលវិញ (Halal Food for Muslim) សព្វថ្ងៃផាកកាហ្វេមានតែមួយសាខាប៉ុណ្ណោះដែលបំរើផ្នែកហាឡាលនេះ ពោលគឺសាខាផាកកាហ្វេនៅព្រលានយន្តហោះ។ លោក សេងលី ក៏បានបញ្ជាក់ដែរថា ក្នុងករណីតម្រូវការផ្នែកម្ហូបហាឡាលកើនឡើង ផាកកាហ្វេក៏នឹងអាចបើកសាខាបន្ថែមដើម្បីបំពេញតម្រូវការដល់អតិថិជនដែរ។
គួរបញ្ជាក់ថា ផាកកាហ្វេ ជាភោជនីយដ្ឋានដែលបង្កើតឡើងដោយកូនខ្មែរសុទ្ធសាធនៅឆ្នាំ ២០០៤ ដែលផ្តល់ជូនអាហារគ្មានប៊ីចេងដំបូងគេក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន ផាក កាហ្វេ ហ៊ូដ អេនបេវើរីច មានចក្ខុវិស័យដើម្បីក្លាយទៅជាភោជនីយដ្ឋានលំដាប់ថ្នាក់លេខ១ នៅក្នុងប្រទេសកម្ពុជា ដែលបម្រើនូវអាហារដ៏សំបូរបែបដូចជា គុយទាវ កាហ្វេ និងអាហារសម្រន់ផ្សេងៗទៀត ហើយក៏ជាកន្លែងដែលមានភាពរស់រវើក រួសរាយរាក់ទាក់ ផលិតផលមានគុណភាពខ្ពស់ មានអនាម័យគិតគូរដល់សុខភាព រួមផ្សំជាមួយបរិយាកាសល្អឥតខ្ចោះ និងមានភាពស្ទាត់ជំនាញលើការបម្រើសេវាកម្មដល់អតិថិជន៕
ផាកកាហ្វេជាជម្រើសល្អបំផុតសម្រាប់ការពិភាក្សាមុខជំនួញ ដៃគូពាណិជ្ជកម្ម។