ទស្សនកិច្ចសិក្សាទៅបឋមសិក្សាជ័យតាស្វាយ ផ្សារភ្ជាប់ការអប់រំនិងវប្បធម៌នៃការចែករំលែក​



ការអប់រំជាការបណ្តុះធនធាន គ្រាប់ពូជដ៏ល្អដើម្បីអភិវឌ្ឍប្រទេសជាតិ។ ការអប់រំកុមារតាំងពីតូចក៏រួមចំណែកឲ្យកុមារចេះជួយការងារសង្គម បណ្តុះគំនិតនិងសិល្បៈនៃការចែករំលែកដល់មនុស្សជុំវិញខ្លួន។  

នៅថ្ងៃសុក្រទី ២៣ ខែសីហា ឆ្នាំ២០១៩ ខាងមុននេះ សាលា អាយឌាលី អន្តរជាតិ និងរៀបចំកម្មវិធីទស្សនកិច្ចសិក្សាមួយទៅកាន់ សាលាបឋមសិក្សា ជ័យតាស្វាយ ស្ថិតនៅក្នុងភូមិតាស្វាយ ឃុំតាកែន ស្រុកឈូកខេត្តកំពត ចាប់ពីវេលាម៉ោង ៧:០០នាទីព្រឹក ដល់ម៉ោង ១៦:០០នាទីល្ងាច។ កម្មវិធីទស្សនកិច្ចសិក្សានេះធ្វើឡើងក្នុងគោលបំណងចូលរួមកសាងអគារសិក្សាថ្មី និងធ្វើការចែកជូនសម្ភារៈសិក្សាមួយចំនួនជូនសិស្សានុសិស្សក្រីក្រសាលាបឋមសិក្សា ជ័យតាស្វាយ។ ឆ្លៀតក្នុងឱកាសនេះ សាលា អាយឌាលី អន្តរជាតិ សូមធ្វើការជូនដំណឹងដល់ បុគ្គលិក លោកគ្រូ អ្នកគ្រូ លោក លោកស្រី ដែលជាមាតាបិតា អាណាព្យាបាលសិស្ស និងសាធារណជនឲ្យបានជ្រាប់ថា លោក លោកស្រី លោកគ្រូ អ្នកគ្រូ និងសាធារណជនអាចចូលរួមចំណែកក្នុងសកម្មភាពរបស់សាលាបាន ជាមួយសទ្ធាដ៏ជ្រះថ្លារបស់អស់លោក លោកស្រី អាណាព្យាបាលសិស្ស និងសាធារណជនទាំងអស់។

 

ដោយសារមើលឃើញពីភាពលំបាក និងការខ្វះខាតរបស់សិស្សានុសិស្សនៅសាលាបឋមសិក្សា ជ័យតាស្វាយ មានច្រើនដូចជា អគារសិក្សាសព្វថ្ងៃមិនទាន់មានជញ្ជាំងបិទជិត សិស្សពិបាករៀនពេលមានភ្លៀងម្តងៗ។ ក្តារខៀនសម្រាប់បង្រៀនសិស្សក៏សឹងតែគ្មាន ពេលភ្លៀងមិនអាចសរសេរលើក្តារខៀននេះបានព្រោះទទឹកភ្លៀងសាចទទឹកអស់ តុសម្រាប់សិស្សអង្គុយរៀនក៏មានសភាពចាស់ទ្រុឌទ្រោម និងខ្វះខាតច្រើន។ 

 

 

បើក្រឡែកមើលទៅស្ថានភាពសិស្សនៅទីនោះ មិនសូវជាមានជីវភាពធូរធារដែរ សម្ភារៈសិក្សាមានមិនគ្រប់គ្រាន់ មានសិស្សមួយចំនួនដោយសារតែកត្តាជីវភាពនេះទើបពួកគាត់ពុំអាចស្លៀកពាក់មករៀនបានស្អាតបាតដូចគេ តែពួកគាត់នៅតែមានការស្វាតធ្យាយស្វែងរកចំណេះ។ 

 

ទោះបីថវិកា ឬសម្ភារៈសិក្សាតិចក្តីច្រើនក្តី តែលោក លោកស្រី ក៏បានចូលរួមចំណែកដើម្បីដល់សិស្សានុសិស្សនៅទីនៅមានអគារសិក្សាថ្មី ក៏ដូចជាឱកាសឲ្យពួកគេទទួលបានការសិក្សាក្រេបយកចំណេះដឹងបានពិសេសចំពោះកុមារក្រីក្រតែម្តង។

អាយឌាលី ជាសាលារៀនអន្តរជាតិមួយដែលមានបង្រៀនចំណេះទូទៅជាភាសាខ្មែរពីថា្នក់មត្តេយ្យដល់មធ្យមសិក្សា ដែលបន្ថែមនូវកម្មវិធីភាសាអង់គ្លេស និងចិន ក៏ដូចជាគណិតវិទ្យាដល់សិស្សានុសិស្សដើម្បីឲ្យពួកគេបានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រកួតប្រជែងក្នុងទីផ្សារនាពេលអនាគត។ អាយឌាលី មិនត្រឹមតែផ្តល់ការអប់រំឲ្យបុត្រធីតារបស់លោក លោកស្រីមានចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងជួយបណ្តុះគំនិតស្មារតីឲ្យក្មេងៗជំនាន់ក្រោយបានយល់ដឹងពីការងារសង្គម និងយល់ច្បាស់នូវសារៈសំខាន់វប្បធម៌នៃការចែករំលែក៕

 

X
5s