ក្នុងខែនេះ! ព្រីនស៍ស៊ុបភើម៉ាឃីង ប្រកាសបើកផ្សារទំនើបទី៧របស់ខ្លួនបន្ថែម នៅទួលស្វាយព្រៃ​



ភ្នំពេញ៖ ព្រីនស៍ស៊ុបភើម៉ាឃីង បន្តពង្រីកទីតាំងផ្សារទំនើបរបស់ខ្លួនជាបន្តបន្ទាប់ ខណៈក្រុមហ៊ុនធំរបស់ខ្លួន ព្រីនស៍ រៀល អ៊ីស្ទេតគ្រុបទើបតែប្រកាសបន្ថែមទុនវិនិយោគនៅកម្ពុជាអោយដល់៦ពាន់លានដុល្លារនាឆ្នាំ១០ខាងមុន។

ព្រីនស៍ស៊ុបភើម៉ាឃីង ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធដ៏សកម្មមួយរបស់ ក្រុមហ៊ុនខ្នាតយក្សចិន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបើកសម្ពោធន៍ផ្សារទំនើបទី៧ របស់ខ្លួនជាផ្លូវការនាថ្ងៃទី២៤ កក្កដានេះ ក្នុងសង្កាត់ទួលស្វាយព្រៃ ដើម្បីចូលរួមឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងតំបន់ និងរាជធានីភ្នំពេញ។

លោក ឈិន ចិពីង នាយកប្រតិបត្តិផ្សារទំនើប Prince SuperMarket បានលើកឡើងថា ជាចក្ខុវិស័យរបស់ក្រុមហ៊ុន នឹងពង្រីកទីតាំងផ្សារទំនើបព្រីនស៍អោយបាន១០ទីតាំងបន្ថែមក្នុងរាជធានីភ្នំពេញត្រឹមឆ្នាំ២០១៩នេះ មុននឹងក្រុមហ៊ុន ឈានជើងទៅពង្រីកទីតាំងបន្ទាប់នៅតាមបណ្ដាខេត្ត។ 

លោកបន្តថា វត្តមានផ្សារទំនើបទី៧របស់   Prince SuperMarket នៅក្នុងទីតាំងនេះ  ក៏នឹងអាចចូលរួមឆ្លើយតបបាន ទៅនឹងតម្រូវការនៃការទិញទំនិញប្រើប្រាស់ អាហារប្រចាំថ្ងៃ បន្លែផ្លែឈើ និងទំនិញសំខាន់ៗផ្សេងៗទៀត ដែលមានលក់ក្នុងផ្សារទំនើបថ្មីនេះ ជាមួយនឹងការថែមជូនពិសេសនូវ ប្រមូសិន រហូតដល់ ៣៥% ទៅតាមមុខទំនិញផ្សេងៗផងដែរ រហូតដល់បំណាច់ពិធីបុណ្យចូលឆ្នាំខ្មែរ។

លោកបន្ថែមថា ផ្សារទំនើបទី៧ Prince SuperMarket នេះ មានទំនិញចំរុះជាច្រើនពាន់មុខ ដោយទំនិញទាំងនោះ ប្រមាណជា ៣៥% ជាផលិតផលរបស់ខ្មែរ និងក្រៅពីនោះជាផលិតផលនាំចូលពីក្រៅប្រទេសដូចជា ចិន ថៃ និងជប៉ុន ជាដើម។ ផ្សារទំនើបនេះ មានគោលការណ៍រួម ៤យ៉ាងគឺ សេវាកម្ម, ផលិតផល, តម្លៃ, ភាពស្រស់នៃទំនិញ សម្រាប់ប្រជាជនកម្ពុជាដែលមានជីវភាពមធ្យម ដែលអាចទិញទំនិញប្រកបដោយគុណភាពល្អ ជាពិសេសគឺការបញ្ចុះតម្លៃ និងការផ្តល់ជូននូវរង្វាន់ផ្សេងៗ។

លោកលី មីន អគ្គនាយកក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេត គ្រុប    បានបញ្ជាក់ថា ក្រុមហ៊ុននៅតែមើលឃើញពីសក្ដានុពលវិនិយោគនៅក្នុងប្រទេសកម្ពុជា ស្របពេលដែលកំណើនសេដ្ឋកិច្ចប្រទេសនេះ បានរក្សាលំនឹងមួយល្អប្រសើរ ជាពិសេសគឺរក្សាបាននូវស្ថេរភាពនយោបាយ ក្នុងស្រុក ។ ដោយមើលឃើញពីសក្ដានុពលទាំងនេះហើយ ក្រុមហ៊ុននឹងបន្ថែមទុនវិនិយោគអោយបាន៦ពាន់លានដុល្លារអាមេរិក នៅក្នុងរយៈពេល ១០ឆ្នាំខាងមុខទៀត ដោយក្រុមហ៊ុនបានរៀបចំនូវគម្រោងរបស់ខ្លួនរួចស្រេចហើយ ក្នុងនោះខេត្តព្រះសីហនុ  ភ្នំពេញ និងសៀមរាប គឺជាទីតាំងអាទិភាពរបស់ខ្លួន ក្នុង បណ្ដាក់ទុនវិនិយោគបន្ថែម ៕

ដោយ៖ ស្រីពេជ្រ

X
5s