ក្រុមហ៊ុន Cellcard ឈ្នះពានរង្វាន់ពី Ookla លើ Speedtest ៣ឆ្នាំជាប់ៗគ្នា​



ក្រុមហ៊ុន Cellcard បានប្រកាសនៅថ្ងៃនេះថា ក្រុមហ៊ុនបានឈ្នះពានរង្វាន់ពីស្ថាប័ន Ookla លើ Speedtest ក្នុងនាមជាប្រតិបត្តិករដែលមានភាពរីកចម្រើនមួយ នៅប្រទេសកម្ពុជាដែលត្រៀមខ្លួនរួចរាល់ សម្រាប់ការនាំយក​​​បច្ចេកវិទ្យា 5G របស់ខ្លួន។

នៅក្នុងរបាយការណ៍ផ្លួវការរបស់ពានរង្វាន់ Ookla Speedtest Awards សម្រាប់ត្រីមាសទី១ និង ទី២ ឆ្នាំ២០១៩ ក្រុមហ៊ុន Cellcard ត្រូវបានរំលេចយ៉ាងច្បាស់ថាជាជ័យលាភីមួយ មិនត្រឹមតែនៅទូទាំងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែនៅរាជធានីភ្នំពេញ ក៏ដូចជាក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ ដែលជាទីក្រុងដែលមានការរីកចម្រើនបំផុតនៅក្នុងខេត្តបន្ទាយមានជ័យ ដែលជាព្រំដែនរវាងខ្មែរ និងថៃ។

នៅទូទាំងប្រទេស ក្រុមហ៊ុន Cellcard បានសម្រេចពិន្ទុនៃល្បឿនដល់ទៅ 17.51ពិន្ទុ ហើយ11.36 ពិន្ទុបានទៅលើក្រុមហ៊ុន Smart Axiata ដែលដេញប្រកៀក និង 3.46 ពិន្ទុ បានទៅលើក្រុមហ៊ុន Metfone ដែលជាដគូប្រកួតប្រជែងដ៏ធំមួយទៀត។

មានប្រសាសន៍នៅក្នុងសន្និសីទថ្ងៃនេះ នាយកប្រតិបត្តិក្រុមហ៊ុន Cellcard លោក Ian Watson បាននិយាយថាពានរង្វាន់នេះបានបង្ហាញពីការប្តេជ្ញាចិត្តបន្ថែមទៀតរបស់ក្រុមហ៊ុន ក្នុងការផ្តល់ជូននូវល្បឿនអ៊ីនធើណិតលឿនតាមដែលអាចធ្វើបានជូនអតិថិជន ដែលមានតម្រូវការប្រើប្រាស់ទិន្នន័យកាន់តែច្រើនបន្ថែមទៀត។

«ទិន្នន័យនេះ កំពុងដើរតួនាទីកាន់តែចាំបាច់ខ្លាំងឡើងៗ នៅក្នុងជីវិតរស់នៅរបស់ប្រជាជន ខណៈពេលដែលតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ពួកគេកាន់តែកើនឡើង។

«ពួកយើងកំពុងរៀបចំផែនការសម្រាប់តម្រូវការទិន្នន័យ ដើម្បីធ្វើការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនាពេលអនាគតដ៏ខ្លី ពីព្រោះថាបច្ចេកវិទ្យា pre5G និង 5G របស់យើងផ្តល់លទ្ធភាពក្នុងការពង្រឹងសេវាអ៊ីនធើណេតលើទូរស័ព្ទដៃ។​

«អតិថិជនរបស់ក្រុមហ៊ុន Cellcard នៅតំបន់មួយចំនួនអាចប្រើប្រាស់ល្បឿនទាញយករហូតដល់ទៅ 150 Mbps។ ជាមួយនឹងទីតាំងដែលត្រូវបានជ្រើសរើសដោយ 3CA និង MIMO ដែលអាចទាញយកល្បឿនរហូតដល់ 300mbps ហើយឆាប់ៗនេះល្បឿននឹងកើនឡើងដល់ទៅ​1Gbps ហើយអាចលឿនជាងនេះ ជាមួយនឹង​បច្ចេកវិទ្យា 5G

«យុទ្ធសាស្ត្ររបស់ពួកយើង គឺផ្ដោតសំខាន់លើការផ្តល់ល្បឿនតាមតម្រូវការរបស់អតិថិជនក្នុងការរស់នៅប្រកបដោយភាពទាន់សម័យរបស់ពួកគេ ដែលមិនមែនត្រឹមតែថ្ងៃនេះប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ថ្ងៃស្អែកបន្តទៀតដែរ»។

លោកបាននិយាយថា ស្របពេលដែលពានរង្វាន់ Ookla ថ្ងៃនេះត្រូវបានទទួលស្គាល់លើជោគជ័យរបស់Cellcard លើបច្ចេកវិទ្យា4G ល្បឿនអ៊ីនធើណេតនេះ គឺពិតជាការវាស់វែងដ៏សំខាន់សម្រាប់បច្ចេកវិទ្យា5G និងល្បឿនរបស់វា។

លោកបន្តថា៖ «Ookla បាន និងកំពុងតាមដានការដាក់ដំណើរការបច្ចេកវិទ្យា 5G នៅតាមបណ្តាទីក្រុងនានា និងនៅប្រទេសទូទាំងសកលលោកដូចជា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ស្វីស និង វៀតណាម»។

លោកបន្ថែមទៀតថា៖  «ពួកយើងទន្ទឹងមើលការដាក់បញ្ចូលប្រទេសកម្ពុជាទៅក្នុងបញ្ជីវាស់វែងទាំងនោះនៅដើមឆ្នាំក្រោយ ហើយពួកយើងក៏រំពឹងថានឹងមានប្រជាជនជាច្រើនដែលប្រើប្រាស់ទូរស័ព្ទ ឬ ឧបករណ៍ដែលអាចទ្រទ្រង់បច្ចេកវិទ្យា 5G​ បាន»។

លោក Watson បាននិយាយថា ក្រុមហ៊ុន Cellcard នឹងបន្តវិនិយោគបន្ថែមលើបច្ចេកវិទ្យា 4G ឲ្យបានទូទាំប្រទេសដើម្បីពង្រឹងបន្ថែមលើសេវាគ្របដណ្តប់ទាំងក្នុងផ្ទះ អគារ ផ្លូវសំខាន់ៗ និងទីប្រជុំជន។

«ប៉ុន្តែស្របគ្នានេះ យើងកំពុងធ្វើផែនការផ្តល់ជូនគម្រោងបន្ថែមសម្រាប់ 5G នៅតាមបណ្តាទីក្រុងសំខាន់ៗសម្រាប់ទាំងអតិថិជន ក៏ដូចជាសហគ្រាស»។

នៅក្នុងសន្និសីទសារព័ត៌មានថ្ងៃនេះ ក្រុមហ៊ុន Cellcard បានបង្ហាញថាតើអនាគតនៅក្នុងពេលដ៏ខ្លីនេះនឹងមានរូបរាងដូចម្តេចសម្រាប់អតិថិជនជាមួយការដាក់បង្ហាញមនុស្ស hologram ដំបូងបង្អស់នៅកម្ពុជា និងមាតិកា3D ដទៃទៀត រួមជាមួយ Augmented Reality ជាដើម។

ទាញយករបាយការណ៍ផ្លូវការពេញលេញរបស់ Ookla https://www.speedtest.net/awards/cambodia/

 

 

 

 

X
5s