ទីតាំងថ្មី ផាកកាហ្វេ ដឹភ័ញមុខស្ថានទូតចិន ចាប់ផ្តើមដាក់ដំណើរការហើយ​​



បន្តាប់ពីទទួលបានភាពជោគជ័យជាមួយនឹងសាខាជាច្រើនកន្លែងនៅក្នុងទីក្រុងភ្នំពេញរួចមក ផាកកាហ្វេ បានពង្រីកសាខារបស់ខ្លួនមួយទីតាំងបន្ថែមទៀតដើម្បីបម្រើអតិថិជនឲ្យកាន់តែងាយស្រួលនិងប្រសើរជាងមុន។ សាខាថ្មី ផាកកាហ្វេ ដឹភ័ញ មានទីតាំងនៅទល់មុខស្ថានទូតចិន ចាប់ផ្តើមដាក់ឲ្យដំណើរការអាជីវកម្មរបស់ខ្លួននៅទីតាំងនេះបន្ទាប់ពីមានការតុបតែងលម្អក្នុងន័យពង្រីកអាជីវកម្មថ្មីរួចមក។

តាមការបង្ហើបពីប្រធានផ្នែកទីផ្សារនៃផាកកាហ្វេបានឲ្យដឹងថា ការពង្រីកទីតាំងថ្មីនេះជាការគោលបំណងបង្កើនបរិយាកាសនៃការផ្តល់សេវាកម្មដល់អតិថិជនឲ្យមានភាពកាន់តែប្រសើរឡើង ធ្វើយ៉ាងណាឲ្យអតិថិជនមានភាពងាយស្រួលទទួលបានអាហារឆ្ងាញ់ ពោរពេញទៅដោយគុណភាព និងគិតគូរដល់សុខភាព។

ដោយមើលឃើញពីភាពទូលំទូលាយនៃទីផ្សារ ងាយចាប់យកអតិថិជនបែបនេះ ទើបបណ្តាលឲ្យផាកកាហ្វេមានបំណងពង្រីកសាខារបស់ខ្លួនបន្ថែមទៀតឲ្យបានកាន់តែច្រើនឡើង ដើម្បីបំពេញតម្រូវការអតិថិជនខ្លួន។ មិនត្រឹមតែក្នុងរាជធានីភ្នំពេញទេ តាមបណ្តាខេត្តធំៗមួយចំនួនដូចជា កំពង់ចាម បាត់ដំបង សៀមរាបជាដើម ផាកកាហ្វេក៏កំពុងសំឡឹងមើលពីសក្តានុពល និងមានបំណងចាប់យកទីផ្សារទាំងនោះដើម្បីជាគោលដៅបន្តរបស់ខ្លួនក្នុងការពង្រីកអាជីវកម្មក្នុងពេលឆាប់ៗនេះ។ 

ផាកកាហ្វេ បានផ្លាស់ប្តូរខ្លួនពីអាជីវកម្មជាលក្ខណៈគ្រួសារទៅជា ក្រុមហ៊ុនស្តង់ដារទទួលបានការត្រួតពិនិត្យលើគុណភាពអាហារដែលនឹងបម្រើជូនអតិថិជន។ ក្នុងមួយថ្ងៃៗផាកកាហ្វេបានកត់សម្គាល់ថា មានអតិថិជនចេញចូលចន្លោះពី ៦០០នាក់ ទៅ ១៨០០នាក់ វាជាតួលេខមួយល្អសម្រាប់អាជីវកម្ម ភាគច្រើននៃអតិថិជនដែលចូលមកផាកកាហ្វេមានដូចជា ពាណិជ្ជករ មន្រ្តីរាជការ និស្សិត អ្នកធ្វើការងារឯកជន មន្រ្តីស៊ីវិល និងអ្នកស្រាវជ្រាវមួយចំនួន ហើយវត្តមានរបស់អតិថិជនទាំងអស់គឺដើម្បីពិសារអាហារ និងភេសជ្ជៈ ក៏ដូចជាពិភាក្សាលើមុខជំនួញ ស្រាវជ្រាវការងារ និងការសិក្សាមួយចំនួនទៀត។ 

គួរបញ្ជាក់ថា ផាកកាហ្វេជាភោជនីយដ្ឋានខ្មែរដំបូងគេ បម្រើជូននូវអាហារដែលមានឱជារស គិតគូរខ្ពស់លើគុណភាពរសជាតិអាហារ អនាម័យ ផ្តល់សេវាកម្មល្អ ពិសេសជាភោជនីយដ្ឋានដែលធ្វើការផ្តល់អតិថិជននូវអាហារដែលគ្មានប៊ីចេង។ អាជីវកម្មដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរក្នុងឆ្នាំ ២០0៤ ឈរលើយីហោផ្ទាល់ខ្លួន គ្មានទិញសិទ្ធិអាជីវកម្ម (Franchise) ពីក្រៅប្រទេស បើគិតមកទល់ពេលនេះ ផាកកាហ្វេបើកដំណើរការអាជីវកម្មខ្លួនអស់រយៈពេល ១៥ ឆ្នាំហើយ ជាមួយនឹងការពង្រីកសាខាបាន ១៤ កន្លែងក្នុងរាជធានីភ្នំពេញ។ ដោយសារភាពលេចធ្លោនៃគុណភាព រសជាតិ និងការផ្តល់នូវអាហារសុខភាពជូនអតិថិជនបែបនេះហើយទើបធ្វើឲ្យភោជនីយដ្ឋានមួយនេះអាចឈរជើងជាប់ក្នុទីផ្សារ និងមានលទ្ធភាពច្រើនក្នុងប្រកួតប្រជែងជាមួយអាជីវកម្មយីហោក្រៅប្រទេសនានា។ 

កត្តាដែលនាំឲ្យភោផាកកាហ្វេរីកចម្រើន និងឈរជើងលើទីផ្សារបានយូរពីព្រោះតែ៖

១) ការផ្តល់ជូននូវអាហារដែលមានឱជារស មានអនាម័យខ្ពស់ ពិសេសមិនប្រើប្រាស់ប៊ីចេងដែលជាចំនុចគិតគូរដល់សុខភាព

២) ជាទីកន្លែងបង្កើនមិត្តភាព ជួបជជែកចរចារវាងសហគ្រិន និងដៃគូអាជីវកម្មបានយ៉ាងល្អ

៣) ផាកកាហ្វេជាភោជនីយដ្ឋានមួយឈនមុខគេលើវិស័យម្ហូបអាហារក្នុងប្រទេសកម្ពុជា

 

 

X
5s