WeGO អបអរអ្នកបើកបរឆ្នើមជាមួយដំណើរកម្សាន្តទៅសិង្ហបុរី និងម៉ាឡេស៊ី!!!
ក្រុមហ៊ុនផ្ដល់មធ្យោបាយធ្វើដំណើរតាមទូរសព្ទ WeGO បានរកឃើញអ្នកបើកបរឆ្នើមដំបូងគេ ដែលបានទទួលដំណើរកម្សាន្តទៅកាន់ប្រទេសសិង្ហបុរី និងម៉ាឡេស៊ីរយៈពេល ៣ យប់ ៤ ថ្ងៃដើម្បីជាការអបអរដៃគូបើកបរដែលមានស្នាដៃបម្រើអតិថិជនល្អ។
ដៃគូបើកបរដែលទទួលការផ្ដល់ជូនដ៏អស្ចារ្យពីក្រុមហ៊ុនចែករំលែកមធ្យោបាយធ្វើដំណើររបស់ខ្មែរមួយនេះគឺ លោកហៃ ខេន ដែលបានបំពេញការងារបម្រើសេវាអតិថិជនទទួលលទ្ធផលល្អប្រសើរជាងគេ សម្រាប់ឆមាសទី ១ ឆ្នាំ ២០១៩។
បុរសជាអ្នកបើកបរកង់បីវ័យ ៤២ ឆ្នាំបានសម្ដែងក្តីរំភើបយ៉ាងខ្លាំងចំពោះកាដូពិសេសពីក្រុមហ៊ុន WeGO ដោយមិននឹកស្មាននេះ។ "ខ្ញុំមិនដែលនឹងស្មានថា ខ្លួនឯងមានសំណាងទទួលបានដំណើរកម្សាន្តដ៏អស្ចារ្យនេះសោះ។ ខ្ញុំពិតជារីករាយជាខ្លាំងដែលក្រុមហ៊ុនរៀបចំកម្មវិធីនេះឡើង ហើយសង្ឃឹមថា លើកក្រោយនឹងមានដៃគូកាន់តែច្រើនទទួលបានឱកាសដ៏ពិសេសនេះ!”។ លោកបន្តថា នឹងខិតខំបន្ថែមទៀតដើម្បីឲ្យភ្ញៀវទទួលបានភាពកក់ក្ដៅ ហើយទាំងក្រុមហ៊ុន និងរូបលោករីកចម្រើន។
នាយកប្រតិបត្តិក្រុមហ៊ុន WeGO លោកឡេង វិសិដ្ឋបានសម្ដែងការសាទរ និងស្ងើចសរសើរចំពោះលោក ហៃ ខេន និងដៃគូបើកបរឆ្នើមជាច្រើនរូបផ្សេងទៀតដែលបំពេញសមិទ្ធផលជាវិជ្ជមាន។
"ពួកគាត់សក្ដិសមនឹងទទួលបានការផ្ដល់ជូនដ៏ល្អនេះ សម្រាប់ការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លានាពេលកន្លងមក"។ ថ្នាក់ដឹកនាំដដែលក៏បានឆ្លៀតឱកាសថ្លែងអំណរគុណដល់ដៃគូបើកបរទាំងអស់ដែលខិតខំបំពេញការងាររបស់ខ្លួនបានល្អនាពេលកន្លងមក ហើយលោកថា អ្នកបើកបរគ្រប់គ្នាសុទ្ធតែមានឱកាសទទួលបានការផ្ដល់ជូនដូចគ្នានេះ ប្រសិនដៃគូបើកបររបស់ខ្លួនបំពេញកាតព្វកិច្ចបានលទ្ធផលល្អប្រសើរដែរនោះ។
កម្មវិធីដ៏ពិសេសខាងលើត្រូវបានផ្ដល់ជូននៅក្នុងវគ្គបណ្ដុះបណ្ដាលដៃគូបើកបរលើកទី 13 នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ ហៅកាត់ថា CKCC ដែលក្រុមហ៊ុនតែងប្រារព្ធធ្វើជារៀងរាល់ខែដើម្បីធានាសុវត្ថិភាព និងរួមចំណែកអប់រំលើបញ្ហាសណ្ដាប់ធ្នាប់តាមដងផ្លូវ ពិសេសការបម្រើភ្ញៀវប្រកបដោយក្រមសីលធម៌។
ក្រុមហ៊ុននឹងបន្តផ្ដល់ជូនរង្វាន់ដល់ដៃគូឆ្នើមនៅរៀងរាល់ខែ ហើយរង្វាន់ធំចុងឆ្នាំដំណើរកម្សាន្តទៅកាន់ប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ២ កន្លែងទៀត កំពុងរង់ចាំអ្នកបើកបរ ២ រូបដែលមានស្នាដៃលេចធ្លោជាងគេនាដំណាច់ឆ្នាំ ២០១៩ នេះ៕