ព្រីនស៍រៀលអ៉ីស្ទេតគ្រុប នឹងបន្ថែមទុនវិនិយោគ ៦ពាន់លានដុល្លារបន្ថែម ក្នុងរយៈពេល១០ឆ្នាំបន្ទាប់
ភ្នំពេញ៖ ក្រុមហ៊ុនព្រីនស៍រៀលអ៉ីស្ទេតគ្រុប ដែលជាក្រុមហ៊ុនវិនិយោគ លើគម្រោង អចលនទ្រព្យធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា គ្រោងនឹងបន្ថែមទុនអោយបាន ៦ពាន់លានដុល្លារអាមេរិកបន្ថែម ក្នុងរយៈពេល១០ឆ្នាំខាងមុខ ខណៈក្រុមហ៊ុននេះ បានជ្រើសយកកម្ពុជា ជាទីតាំងយុទ្ធសាស្ត្រស្នូល ដើម្បីអភិវឌ្ឍអចលនទ្រព្យ ក្នុងតំបន់អាស៊ីអាគ្នេយ៍។
ការប្រកាសនេះ ត្រូវបាន លោក លី មីន អគ្គនាយកក្រុមហ៊ុនព្រីនស៍រៀលអ៉ីស្ទេត គ្រុប លើកឡើងនៅក្នុងពិធីសម្ពោធអគារពហុមុខងារព្រីនស៍ ហូល ឌីង គ្រុប និងសន្និសីទសារព័ត៌មាន ស្តីពីយុទ្ធសាស្ត្រអភិវឌ្ឍនៃក្រុមហ៊ុន នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ ២០១៩ នៅកោះពេជ្រ ក្រោមវត្តមានឯកឧត្តមប៉ែនសុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ អ្នកឧកញ៉ា ពុង ឃាវសែប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជារួមជាមួយថ្នាក់ដឹកនាំនិងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
លោក លី មីន បានគូសបញ្ជាក់ថា ដោយមើលឃើញពីសក្ដានុពលវិនិយោគនៅក្នុងប្រទេសកម្ពុជា ស្របពេលដែលកំណើនសេដ្ឋកិច្ចប្រទេសនេះ អាចរក្សាបាននូវកំណើនមួយល្អប្រសើរ ជាពិសេសគឺរក្សាបាននូវស្ថេរភាពនយោបាយក្នុងស្រុក ទើបក្រុមហ៊ុន សម្រេច នឹងបន្ថែមទុនវិនិយោគអោយ៦ពាន់លានដុល្លារអាមេរិក នៅក្នុងរយៈពេល ១០ឆ្នាំខាងមុខទៀត ដោយក្រុមហ៊ុន នឹងជ្រើសយក រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងសៀមរាប គឺជាទីតាំងអាទិភាពរបស់ខ្លួន ក្នុងការបណ្ដាក់ទុនវិនិយោគបន្ថែម មុននិងពង្រីវិសាភាពរបស់ខ្លួនទៅតាមបណ្ដាលខេត្តផ្សេងទៀត។
លោកបន្ថែមថា វត្តមានរយៈពេលបួនឆ្នាំ ក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន ព្រីនស៍ រៀល អ៉ីស្ទេត គ្រុប មានស្ថាប័ន និងក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន 30 ក្រុមហ៊ុន ដែលបានវិនិយោគទុនជាទឹប្រាក់សរុបលើសពី ៤ពាន់លានដុល្លារអាមេរិក និងមានដីបម្រុងសរុបជាង ១២០០ ហិកតា សម្រាប់ធ្វើការអភិវឌ្ឍ ដែលស្មើនឹងទំហំគម្រោងអភិវឌ្ឍន៍សរុបចំនួន ២០ លាន ម៉ែត្រការ៉េ។
លោក ឈាវ គួរស៊ីង (QIU GUOXING) ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រីនស៍ រៀល អ៉ីស្ទេត គ្រុប បានលើកឡើងថា ដើម្បីបង្កភាពងាយស្រួល និងទំនុកចិត្ត លើការវិនិយោគនៅកម្ពុជា ក្រុមហ៊ុន បានសាងសង់អគារទីស្នាក់ការកណ្តាលរួមមួយរបស់ក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប ដែលមានការបណ្ដាក់ទុនសាងសង់ប្រមាណ៧០លានដុល្លារ លើទំហំផ្ទៃដីសរុប២៤.៨00 ម៉ែត្រការ៉េ កម្ពស់៥ជាន់ ដើម្បីប្រមូលផ្តុំក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់របស់ខ្លួនទាំងអស់ក្នុងប្រទេសកម្ពុជា អាចធ្វើការជារួមជុំគ្នា នៅទីតាំងតែមួយ ដោយអគារទាំងមូល បានប្រើប្រាស់រចនាបថបែបថ្មីទំនើប ដោយរួមបញ្ចូលគ្នា ជាមួយនិងការិយាល័យលក្ខណៈអេកូឡូស៊ី និងសន្សំសំចៃថាមពល ដែលអាចកាត់បន្ថយការបំពុលបរិស្ថាន មានសាលសន្និសីទខ្នាតធំ ផ្សារទំនើប និងចំណតឧទ្ធមាគចក្រ ផងដែរ។
គួរបញ្ជាក់ថា រយៈពេលជាង៤ឆ្នាំរបស់ ក្រុមហ៊ុន ព្រីនស៍ រៀល អ៉ីស្ទេត គ្រុបនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន បាន បោះទុនវិនិយោគសរុបប្រមាណជាង ២ពាន់លានដុល្លារអាមេរិកទៅលើគម្រោងអគារខុនដូធំៗ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដោយក្នុងនោះ គម្រោងដែលបានសាងសង់រួចរាល់ មាន៨គម្រោង គម្រោងកំពុងសាងសង់មាន៧គម្រោង គម្រោងស្ថិតក្នុងផែនការ មាន៧គម្រោង និងគម្រោងទិញបញ្ជូលមានចំនួន២គម្រោង គឺអគារពាណិជ្ជកម្ម Phnom Penh Tower និងអគារពាណិជ្ជកម្ម Diamond One កោះពេជ្រ ៕
ដោយ៖ ស្រីពេជ្រ