សញ្ញាគ្រោះថ្នាក់ទាំង ៥ ដំបូងនៃមហារីកសុដន់ដែលស្រ្តីភាគច្រើនព្រងើយកន្តើយ​



មហារីកសុដន់ជាជំងឺមួយដ៏កាចសាហាវកំពុងរាតត្បាតស្ទើរទូទាំងពិភពលោក។ មហារីកសុដន់ក្នុងពេលបច្ចុប្បន្នមិនត្រឹមតែមានការគំរាមកំហែងលើមនុស្សស្រីទេ តែមនុស្សប្រុសក៏កំពុងកើតមានជំងឺមួយនេះដែរ ជាក់ស្តែងនៅសហរដ្ឋអាមេរិក មនុស្សម្នាក់ក្នុងចំណោម ៨ នាក់មានជំងឺនេះ ខណៈដែលគេឃើញមានរាប់ពាន់ករណីផ្សេងទៀតកើតមានលើមនុស្សប្រុស។ 

ក្នុងឆ្នាំ ២០១៦ ៣០% នៃរោគវិនិច្ឆ័យថ្មីលើមហារីកសុដន់នេះត្រូវបានគេរកឃើញ ដែលការពិនិត្យធម្មតា ទាន់ពេលវេលានៅដំណាក់កាលដំបូងបង្ហាញពីកោសិកាដែលខុសប្រក្រតី និងឈានដល់ការតាមដានជាប់លាប់អាចជួយឲ្យអ្នកជំងឺមានអត្រាចៀសផុតពីគ្រោះថា្នក់បានច្រើន។ ការថតកាំរស្មី ឬហៅថាការថតលើសុដន់ គឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីកំណត់រកដុំសាច់ដុះនៅដើមដំណាក់កាលដំបូងនៅពេលដែលពួកគេងាយនឹងព្យាបាល។

តាមស្ថិតិដែលធ្វើការសិក្សាលើជំងឺមហារីកបានបញ្ជាក់ថា នៅសហរដ្ឋអាមេរិកមានស្រ្តីច្រើនជាង ៤០,៤៥០ នាក់ និងបុរស ៤៦៤ នាក់ត្រូវបានស្លាប់ដោយសារជំងឺមហារីកសុដន់នេះក្នុងឆ្នាំ ២០១៣។ នៅប្រទេសកម្ពុជាក៏មានស្ត្រីមិនតិចដែរ ដែលបានកើត និងកំពុងទទួលការឈឺចាប់ដោយសារជំងឺមួយនេះ។ គ្រូពេទ្យបានបញ្ជាក់ថា ជំងឺមហារីកសុដន់អាចធ្វើការព្យាបាល ហើយអ្នកជំងឺមានអត្រាសង្ឃឹមរស់នៅពេលពួកគេបានដឹង និងទទួលការព្យាបាលនៅទាន់ពេលវេលានៅដំណាក់កាលដំបូង។ តើនៅដំណាក់កាលដំបូង អាការៈនៃជំងឺនេះវាបង្ហាញចេញដូចម្តេចខ្លះទើបអ្នកអាចដឹងខ្លួន ហើយទៅជួបគ្រូពេទ្យទាន់ពេល?

១) អ្នកក្អកជាប់រហូត

អាការៈដែលគួរឲ្យសង្ស័យដំបូងគឺការក្អក ក្អកស្ងួតជាប់រហូត ដង្ហើមខ្លីៗ ដង្ហក់ ឈឺ-ក នេះបង្ហាញថាកោសិកាមហារីកបានរីករាលដាលដល់សួត។ ពេលធ្លាក់ដល់ដំណាក់កាលនៃការឈឺសួតហើយ វានឹងបង្ហាញថាកំពុងឈានដល់ដំណាក់កាលទី ២ ហើយអ្នកជំងឺនឹងធ្លាក់ខ្លួនឈឺនិងចាប់ផ្តើមទ្រុឌទ្រោម តែអ្នកជំងឺមិនសូវជាចាប់អារម្មណ៍ បែរជាគិតថាពួកគេគ្រាន់តែផ្តាសាយធំ។

២) មានកំពក់សាច់ថ្មីដុះឡើង

ការដុះដុំពកនៅលើសាច់ទោះផ្នែកណាមួយនៃរាងកាយសុទ្ធសឹងជាការព្រួយបារម្ភ ព្រោះយើងមិនអាចដឹងខ្លួនឯងថាវាជាសាច់កាច ឬជាសាច់ស្លូតទេ វាទាមទារឲ្យយើងទៅជួបគ្រូពេទ្យដើម្បីពិនិត្យថាវាជាអ្វីឲ្យប្រាកដ បើវាជាកោសិកាមហារីកពិតមែនវានឹងងាយស្រួលក្នុងការព្យាបាល។ ដូចគ្នានេះដែរ ការដុះដុំសាច់ ឬដុំពកថ្មីនៅបរិវេណសុដន់ ឬលើទ្រូងជាអ្វីដែលគួរឲ្យព្រួយបារម្ភបំផុតហើយចាំបាច់ទៅជួបគ្រូពេទ្យភ្លាម។ តាមការសិក្សាលើស្រ្តីចំនួន ៥,៩៥៦នាក់ ដែលមានដុះដុំសាច់ថ្មីនោះ មាន ១៣% ហើយដែលប្រឈមនឹងបញ្ហាមហារីកសុដន់នេះ។ ហើយវានឹងកាន់តែវិវដ្តលឿនទៅៗពេលដែលយើងញេច ឬមានការប៉ះពាល់ខ្លាំងលើសាច់ពកដុះថ្មីនោះដោយការរីកទំហំ ហូរឈាម ជាដើមព្រោះវាបានធ្វើឲ្យបែកកោសិកានៃដុំសាច់។

៣) អស់កម្លាំង

អ្នកជំងឺចាប់ផ្តើមអស់កម្លាំង ហើយអាការៈមួយនេះតែងកើតមានលើមហារីកស្ទើរគ្រប់ប្រភេទមិនថាតែមហារីកសុដន់ឡើយ។ ទោះអ្នកព្យាយាមសម្រាក ឬបរិភោគឲ្យបានច្រើនក៏នៅតែមានអារម្មណ៍ថាអស់កម្លាំង។ នៅដំណាក់កាលនេះប្រសិនបើអ្នកកំពុងទទួលការព្យាបាលអាចអ្នកគួរចំណាយពេលសំរាកខ្លះដើម្បីឲ្យរាងកាយអាចប្រឆាំងតបនឹងជំងឺបាន។ 

៤) បញ្ហារំលាយអាហារ

ឈឺពោះ ទល់លាមក តែពេលខ្លះក៏រាគ បញ្ហាបត់ជើងតូច បញ្ហាបំពង់ក សុទ្ធតែជាបញ្ហានៃជំងឺមហារីក។ មិនត្រឹមតែជំងឺខ្លួនឯងទេ វាក៏បង្កឲ្យកើតមានបញ្ហាប្រព័ន្ធរំលាយអាហារថែមមួយទៀត។

៥) ឈឺខ្នង

ការឈឺខ្នងបណ្តាលមកពីបញ្ហាច្រើន ដូចជាបញ្ហាប្រព័ន្ធរំលាយអាហារក៏បណ្តាលឲ្យឈឺខ្នងមិនឈប់ដែរការឈឺឆ្អឹងខ្នងដែលទាក់ទងនឹងជំងឺមហារីក ដូចជាមកពីឆ្អឹងដែលដាក់សម្ពាធលើឆ្អឹងខ្នងនិងឆ្អឹងជំនី។  តែបញ្ហាមហារីកសុដន់នេះវានឹងធ្វើឲ្យអ្នកជំងឺឈឺខ្នងខ្លាំង វាបង្ហាញថាកោសិកាមហារីកវាកំពុងរីករាលដាលដល់ឆ្អឹងខ្នងរបស់អ្នកហើយ ជាអ្វីដែលគួរឲ្យខ្លាចបំផុត។

ពិនិត្យមើលអាការៈដែលកើតមានក្នុងខ្លួនរបស់អ្នកចាប់ពីពេលនេះទៅ បើមានការសង្ស័យលើអាការៈណាមួយសូមប្រញាប់ទៅជួបគ្រូពេទ្យដើម្បីធ្វើការពិគ្រោះ និងតាមដានសុខភាពបន្ត។ ជាការលើកទឹកចិត្តដល់មនុស្សគ្រប់គ្នាគឺ សូមទទួលយកការពិនិត្យសុខភាពជាប្រចាំរៀងរាល់ ៦ខែ ឬមួយឆ្នាំម្តងដើម្បីរក្សាសុខភាពទាំងអស់គ្នា។

ដោយ៖ យ៉ាយ៉ា

 

X
5s