សូមអបអរសាទរ! CEO Master Club បានពង្រីកខ្លួនជាក្រុមហ៊ុនវិនិយោគខ្មែរទី១នៅកម្ពុជា
កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះកិច្ចប្រជុំគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) លើកទី ៥៥ ដែលដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន គ.ម.ក បានផ្តល់ការអនុញ្ញាតជាគោលការណ៍ដល់ក្រុមហ៊ុន ស៊ីអ៉ីអូ ម៉ាស្ទ័រក្លឹប អ៉ិនវេសម៉ិន ម.ក (CEO Master Club Investment Plc) ក្នុងចំណោមក្រុមហ៊ុន៤ដែលទទួលបានការអនុញ្ញាត្តជាគោលការណ៍ដំបូងគេពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មមូលបត្រកម្ពុជា ដើម្បីរៀបចំខ្លួនឱ្យក្លាយទៅជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិពេញលេញដែលមានសិទ្ធិស្របច្បាប់ក្នុងការប្រមូលទុនពីសាធារណៈនិងធ្វើការដាក់ទុនក្នុងគម្រោងវិនិយោគរួមជាមួយសហគ្រិនកម្ពុជា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យមានការលូតលាស់បានឆាប់រហ័ស។
កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ គណៈកម្មការមូលបត្រកម្ពុជា (Securities and Exchange Commission of Cambodia) រួមសហការជាមួយក្រុមហ៊ុន ស៊ីអ៉ីអូ ម៉ាស្ទ័រក្លឹប អ៉ិនវេសម៉ិន ម.ក (CEO Master Club Investment Plc) និង សាលាអចលនទ្រព្យកម្ពុជា (Real Estate School of Cambodia) បានរៀបចំសិក្ខាសាលាមួយស្តីអំពី "វិធីសាស្រ្តត្រៀមខ្លួនដើម្បីជោគជ័យក្នុងវិស័យអចលនទ្រព្យ និងការវិនិយោគ" ដើម្បីបញ្រ្ជាបចំណេះដឹងអំពីអត្ថប្រយោជន៍ និងលក្ខខណ្ឌផ្លូវច្បាប់សំខាន់ៗនៃការប្រមូលទុនពីសាធារណៈនិងការវិនិយោគរួមដល់សាធារណៈជន។
ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយក គណៈកម្មការមូលបត្រកម្ពុជា បានបញ្ជាក់ថា ការប្រមូលទុនពីសាធារណៈសម្រាប់គម្រោងវិនិយោគរួម ត្រូវធ្វើឡើងតាមរយៈក្រុមហ៊ុនគ្រប់គ្រងមូលនិធិដែលទទួលបានអាជ្ញាប័ណ្ណ ស្របច្បាប់ពីគណៈកម្មការមូលបត្រកម្ពុជា ដែលបានអនុលោមតាមស្តង់ដារនៃការវាយតម្លៃអំពីគុណវុឌ្ឍន៍និងសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការផ្តល់តម្លាភាពនិងទំនុកចិត្តដល់សាធារណៈជនឱ្យបានច្បាស់លាស់ ជៀសវាងការវិនិយោគដែលមានហានិភ័យខ្ពស់ដែលអាចបង្ករបញ្ហាជាអវិជ្ជមានដល់អ្នកវិនិយោគក៏ដូចជាវិស័យវិនិយោគរួមតែម្តង។
លោក អោមសេង បូរ៉ា ប្រធានក្រុមប្រឹក្សាភិបាលក្រុមក្រុមហ៊ុន ស៊ីអ៉ីអូ ម៉ាស្ទ័រក្លឹប អ៉ិនវេសម៉ិន ម.ក (CEO Master Club Investment Plc.) បានលើកឡើងថា ការបង្កើតឱ្យមានភាពស្របច្បាប់សម្រាប់ការវិនិយោគរួមគឺ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ការកសាងម៉ាស៊ីនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ព្រោះវានឹងចូលរួមចំណែកជួយសហគ្រិននិងសហគ្រាសដែលមានសក្តានុពលខ្ពស់ក្នុងការបង្កើតប្រាក់ចំណេញនិងមានសមត្ថភាពដឹកនាំគ្រប់គ្រងចាត់ចែងអាជីវកម្មមានលក្ខណៈស្តង់ដារ ឱ្យទទួលបានប្រភពទុនមិនចេះរីងស្ងួតនិងមានភាពបត់បែនខ្ពស់ដើម្បីពង្រីកអាជីវកម្មបង្កើនប្រាក់ចំណេញរបស់ខ្លួនឱ្យបានកាន់តែច្រើន។
ហើយទន្ទឹមនឹងនោះដែរ ក៏ផ្តល់ឱកាសដល់ប្រជាជនសាធារណៈទូទៅដែលមានលុយទំនេរ តិចក្តីច្រើនក្តី អាចចូលរួមវិនិយោគក្នុងគម្រោងធំៗដែលមានសក្តានុពលចំណេញខ្ពស់ ស្របច្បាប់ តម្លាភាព និងមានប្រព័ន្ធគ្រប់គ្រងហានិភ័យច្បាស់លាស់។
លោកក៏បានលើកឡើងផងដែរថា សម្រាប់បងប្អូនសហគ្រិនដែលធ្វើការប្រមូលទុនវិនិយោគរួមនៅក្នុងវិស័យអចលនទ្រព្យកន្លងមកដែលមិនមានភាពស្របច្បាប់ក្នុងការប្រមូលទុនវិនិយោគ អាចពិភាក្សាគ្នាជាមួយក្រុមហ៊ុន ស៊ីអ៊ីអូ ម៉ាស្ទ័រក្លឹប អ៊ិនវេសម៉ិន ម.ក (CEO Master Club Investment Plc.) ដើម្បីក្លាយជាដៃគូរស្របច្បាប់ជាមួយគ្នាបាន៕