វិធី ៩ យ៉ាង​​ដើម្បី​អង្កេត​​មើល​ថា អ្នក​ជា​មនុស្ស​​​​ជឿជាក់ ឬ​មនុស្ស​​មាន​អំនួត​



មនុស្ស​​ជឿជាក់ នឹង​នាំ​ទៅ​រក​​​ការ​សម្រេច​បាន​សមិទ្ធផល​នៅ​ទីបំផុត។ រីឯ​មនុស្ស​ដែល​មាន​អំនួត​ នឹង​នាំ​ទៅ​រក​ភាព​អាម៉ាស់ និង​ការ​បរាជ័យ​នៅ​ទី​បញ្ចប់។ នេះ​ជា​​លក្ខណសម្បត្តិ​ខុសគ្នា​​​ ហើយ​អាច​​អ្នក​គួរ​រៀន​អង្កេត​មក​លើ​​ខ្លួនឯង ឬ​រៀន​ពិនិត្យ​មើល​អត្តចរិត​អ្នកណា​ម្នាក់​ផ្សេង​ទៀត។  ជា​ទូទៅ​មនុស្ស ដែល​ជឿជាក់ និង​មនុស្ស​ដែល​មាន​អំនួត​មាន​ភាព​ខុសប្លែក​គ្នា​ដូច​ខាងក្រោម​នេះ៖ ​

១.មិន​ប្រើ​ក្រសែភ្នែក​ចំៗ​ពេល​សន្ទនា​​​
ជា​ធម្មតា​មនុស្ស​មាន​អំនួត​​មិន​សូវ​យកចិត្តទុកដាក់​អ្នកដទៃ​នោះ​ឡើយ។ មនុស្ស​ប្រភេទ​នេះ ចាប់អារម្មណ៍​តែ​ខ្លួនឯង​ប៉ុណ្ណោះ។ ចំណុច​មួយ​ដែល​អ្នក​រៀន​សំគាល់​បាន​គឺ​ថា មនុស្ស​ប្រភេទ​នេះ​ជា​រឿយៗ​​​​​​មើល​រំលង​អ្នក ហើយ​​ងាក​ទៅ​និយាយ​ជាមួយ​អ្នក​ផ្សេង​​​ទៀត​ភ្លាមៗ​ដែល​ខ្លួន​យល់​ថា​សំខាន់​ជាង​អ្នក បើ​ទោះបី​ខ្លួន​​​កំពុង​និយាយ​ជាមួយ​អ្នក​​ក៏ដោយ​។ ផ្ទុយ​ទៅ​វិញ  មនុស្ស​ដែល​​​​​ជឿជាក់ នឹង​ប្រើ​ក្រសែ​ភ្នែក​របស់​ពួកគេ​សម្លឹង​មើល​មក​អ្នក​​ចំៗ​ ហើយ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​​កក់ក្តៅ​ថា អ្នក​សំខាន់​ជាង​អ្នក​ផ្សេង​ទៀត​ដែល​នៅ​​​ក្បែរ​អ្នក។

២.​​មក​ប្រជុំ​យឺត ហើយ​មិន​ចូលចិត្ត​​សុំ​ទោស​
មនុស្ស​អំនួត​យល់​ថា ពេលវេលា​របស់​ខ្លួន​សំខាន់​ជាង​ពេលវេលា​របស់​អ្នក​​ផ្សេង​ទៅ​ទៀត។ ដូច្នេះ​ការ​មក​ចូលរួម​កិច្ចប្រជុំ​យឺតយ៉ាវ​ចាត់​ទុក​ថា​ ជា​រឿង​ធម្មតា​ ហើយ​មិន​សុំទោស​អ្នក​ដែល​អ្នក​មក​មុន​ទៀត​ផង។ រីឯ​មនុស្ស​ដែល​​ជឿជាក់​​វិញ គោរព​ពេលវេលា​ខ្លាំង​ណាស់។ ការ​មក​យឺត​ជា​រឿង​កម្រ​សម្រាប់​មនុស្ស​ជឿជាក់ ហើយ​ប្រសិន​បើ​​មក​យឺត​លុះត្រា​តែ​មាន​ករណី​ចាំបាច់​បំផុត និង​ធ្វើ​ការ​សុំទោស​​ចំពោះ​កំហុស​របស់​ខ្លួន​នៅ​មុខ​មនុស្ស​​គ្រប់គ្នា។

៣.​ប្រើ​សម្ដី​សម្លាប់​ទឹកចិត្ត​អ្នកដទៃ 
ថ្នាក់ដឹកនាំ ឬ​អ្នក​គ្រប់គ្រង​ខ្លះ​បាន​ប្រើ​ភាសា​ធ្ងន់ៗ​ ដូច​ជា "អ្នកឯង​ល្ងង់​ណាស់” ឬ "អ្នកឯង​ភ្លឺ​ណាស់​”។ តាម​ពិត​ទៅ ពាក្យ​​ទាំង​នេះ​គឺ​ជា​ភាសា​បំបាក់​ទឹកចិត្ត​ដល់​បុគ្គលិក​ក្រោម​បង្គាប់ ហើយ​​ទោះបី​ជា​អ្នក​​ជា​អ្នក​គ្រប់គ្រង​ដ៏​មាន​សមត្ថភាព​មួយ​រូប​ក៏ដោយ ភាសា​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ធ្លាក់​ចូល​ទៅ​ក្នុង​​ជំពូក​មនុស្ស​មាន​អំនួត​ច្រើន​ជ្រុល មើល​ងាយ​អ្នកដទៃ។ ងាក​មក​មើល​មនុស្ស​ដែល​មាន​​ភាព​ជឿជាក់​វិញ ​បាន​ប្រើ​ភាសា​មួយ​គឺ​ការ​រិះគន់​ក្នុង​ន័យ​ស្ថាបនា  និង​លើកទឹកចិត្ត​ឲ្យ​បុគ្គលិក​ព្យាយាម​ធ្វើ​ឡើង​វិញ ព្រម​ទាំង​​ចេះ​កែប្រែ​កំហុស​ផង​ដែរ។

​៤.ប្រើ​កាយវិការ​មិន​ទំនង និង​បន្លឺ​សំឡេង​ខ្លាំងៗ​
វិធី​មួយ​ទៀត​ដែល​គេ​អាច​អង្កេត​មនុស្ស​ដែល​មាន​អំនួត​អួតអាង គឺ​កាយវិការ​​ឆ្គាំឆ្គង ដើរ​ខ្លាំងៗ និង​បញ្ចេញ​សម្លេង​ឭៗ​។ មនុស្ស​ប្រភេទ​នេះ​​បញ្ចេញ​​ចរិត​​មក​ក្រៅ​បែប​​អ្នក​ត្រួតត្រា​ដូច​ជា ចូលចិត្ត​​យកដៃ​ចង្អុល​ទ្រូង​អ្នកណា​ម្នាក់ៗ​ចំ ​ស្រែក​គំហក​ ឬ​បក់ដៃ​ពេល​ចង់​ហៅ​អ្នកណា​ម្នាក់។ ចំណែក​មនុស្ស​ដែល​​ជឿជាក់​វិញ បើក​ចិត្ត​ទូលាយ និង​មិន​ធ្វើ​ឲ្យ​មនុស្ស​ជុំវិញ​ខ្លួន​មាន​អារម្មណ៍​ភ័យខ្លាច​ទៅ​នឹង​កាយវិការ ឬ​តាមរយៈ​ពាក្យពេចន៍​របស់​ខ្លួន​ឡើយ។

៥.ចូលចិត្ត​និយាយ​កាត់​
ដោយសារតែ​មនុស្ស​មាន​អំនួត​ចូលចិត្ត​ផ្ដោត​​តែ​លើ​ខ្លួនឯង​ជាង​អ្នកដទៃ ពួកគេ​មិន​​បាន​ស្តាប់​អ្នក​ដោយ​យកចិត្ត​ទុកដាក់​នោះ​ទេ។ ទន្ទឹម​នឹង​នេះ មនុស្ស​ប្រភេទ​នេះ​ឲ្យ​តែ​បាន​ឃើញ​អ្នកណា​ម្នាក់​ដែល​ខ្លួន​ចង់​និយាយ​រក ​ខ្លួន​នឹង​និយាយ​​កាត់​ទៅ​កាន់​អ្នក​នោះ​ភ្លាមៗ បើ​ទោះបី​ជា​​អ្នកនោះ​កំពុង​និយាយ​ជាមួយ​អ្នក​ផ្សេង​ក៏ដោយ។​ ខុស​ពី​មនុស្ស​​មាន​អំនួត បុគ្គល​ដែល​ជឿជាក់ មិន​ចូលចិត្ត​និយាយ​កាត់​គេ​កាត់​ឯង​ផ្តេសផ្តាស​ឡើយ ​ពោល​គឺ​ទុក​ឱកាស​ឲ្យ​​​អ្នក​និយាយ​ចប់ចុងចប់ដើម ហើយ​ប្រសិន​បើ​ខ្លួន​ចង់​និយាយ​កាត់ នឹង​លើក​យក​ពាក្យ​សុំទោស​​មក​និយាយ​​ជាមុន​។

៦.សួរ​អ្វី​ក៏​ដឹង 
អ្នក​ចិត្តវិទ្យា​និយាយ​ថា​ អំនួត​​ដំណាង​ឲ្យ​ភាព​អសកម្ម និង​ភាព​ទន់ខ្សោយ​​របស់​មនុស្ស​ដែល​ចិត្ត​អួតអាង​។ មនុស្ស​ដែល​ពូកែ​អួត​កម្រ​​នឹង​និយាយ​ថា​ "ខ្ញុំ​មិន​ដឹង​ទេ! ខ្ញុំ​មិន​ចេះ! ប៉ុន្តែ​ចាំ​មើល​ខ្ញុំ​រក​ចម្លើយ​ឲ្យ​" ។ យ៉ាងណាក៏ដោយ សម្រាប់​មនុស្ស​​ដែល​ជឿជាក់​វិញ មិន​លាក់បាំង​​កំហុស​ឆ្គង ឬ ចំណុច​ខ្សោយ​របស់​ខ្លួន​ឡើយ។ មនុស្ស​ប្រភេទ​នេះ​សារភាព​ពី​ចំណុចខ្សោយ​​​របស់​ខ្លួន ហើយ​រៀន​សូត្រ​​កែប្រែ​ចំណុច​ខ្វះខាត​នោះ។

៧.គិត​តែ​ចង់​ឈ្នះ​អ្នកដទៃ​ និង​យក​ផលប្រយោជន៍​តែម្នាក់​ឯង​​
នេះ​ជា​ចំណុច​ខ្សោយ​មួយ​ទៀត​របស់​មនុស្ស​​មាន​អំនួត។ មិន​ថា​ ខ្លួន​មាន​កំហុស​ឬ​អត់​ទេ បើ​មិន​បាន​​យក​ឈ្នះ​អ្នក​ផ្សេង​ទៀត គឺ​ខ្លួន​​នៅ​មិន​សុខ​ឡើយ។ ជាមួយ​នឹង​អត្តចរិត​​​មិន​ចូលចិត្ត​ស្តាប់​​ហេតុផល មនុស្ស​អួតអាង​យល់​ថា ​អ្វីៗ​ដែល​ខ្លួន​ធ្វើ​សុទ្ធតែ​​ល្អ​ជាង​ មាន​តម្លៃ​ជាង​អ្នក​ផ្សេង​ទៀត និង​​​ប្រមូល​​យក​ផលប្រយោជន៍​តែ​ម្នាក់ឯង​។ ងាក​មក​មើល​មនុស្ស​​ជឿជាក់​វិញ នេះ​មិនមែន​ជា​រឿង​សំខាន់​ឡើយ។ អ្វី​ដែល​សំខាន់​សម្រាប់​មនុស្ស​ប្រភេទ​នេះ គឺ​លទ្ធផល​ និង​ប្រយោជន៍​រួម​សម្រាប់​មនុស្ស​គ្រប់គ្នា។ ​​

៨.ច្រណែន និង​ចង់​ឲ្យ​អ្នកដទៃ​បរាជ័យ
សម្រាប់​មនុស្ស​​ដែល​ពូកែ​អួតអាង មើល​មិន​ឃើញ​ពី​ចំណុច​ខ្លាំង​របស់​អ្នក​ផ្សេង​ឡើយ។ ពួកគេ​ចូលចិត្ត​ប៉ែង​ជើង​ ឬ​​បន្ទាបបន្ថោក​តម្លៃ ​ចូលចិត្ត​ជាន់​ពន្លិច និង​សប្បាយចិត្ត​ពេល​ឃើញ​​អ្នក​ដែល​ល្អ​ជាង​ខ្លួន​បរាជ័យ។ បុគ្គលិកលក្ខណៈ​បែប​នេះ​វា​ផ្ទុយ​ទាំង​ស្រុង​ពី​មនុស្ស​​​ជឿជាក់ ដែល​ចូលចិត្ត​លើកតម្កើង និង​​អបអរ​ពេល​ឃើញ​អ្នក​ផ្សេង​ជោគជ័យ​ជាង​ខ្លួន។

៩.ចូលចិត្ត​ស្តី​បន្ទោស​អ្នកដទៃ
ចំណុច​មួយ​​​ដែល​គេ​សង្កេត​ឃើញ​មាន​ជា​ទូទៅ​​របស់​​មនុស្ស​មាន​អំនួត គឺ​ការ​មិន​​ដែល​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន​ម្តង​ណា​ឡើយ។ ជាជាង​ទទួលស្គាល់ ឬ​កែប្រែ​កំហុស​របស់​ខ្លួន មនុស្ស​ប្រភេទ​នេះ​គឺ​ជា​​កំពូល​មនុស្ស​​ដែល​ចូលចិត្ត​រិះគន់​ និង​ចាំតែ​​ចាប់​កំហុស​អ្នកដទៃ​តែម្តង។ ដោយឡែក​សម្រាប់​មនុស្ស​ជឿជាក់​វិញ ការ​ទទួលខុសត្រូវ​កំហុស​របស់​ខ្លួន​​គឺ​ជា​រឿង​អាទិភាព។ មនុស្ស​ប្រភេទ​នេះ ចេះ​កែប្រែ​កំហុស រៀន​ពី​កំហុស ហើយ​កែប្រែ​កំហុស​នោះ​ទៅ​ជា​ឱកាស​​មួយ​សម្រាប់​កសាង​សមត្ថភាព​របស់​ខ្លួន៕

ប្រភព៖ theladders​​​​

 

 

 

X
5s