ហេតុអ្វី​​វេជ្ជបណ្ឌិត​មាន​ចំណូល ១ម៉ឺនដុល្លារ ​ក្នុង​មួយ​ខែ​មិនសូវធូរធា​ជាង​អ្នក​មាន​ប្រាក់ខែ​៣ពាន់? ​​​



ចង់​​ធ្វើ​ឲ្យ​ខ្លួន​អ្នក​មាន​លុយ​ច្រើន មិន​ចាំបាច់​ថា លុះត្រា​តែ​អ្នក​ក្លាយ​ជា​អ្នក​ជំនាញ​ហិរញ្ញវត្ថុ​ដ៏​ស្ទាត់​ជំនាញ​ផុត​លេខ​នោះ​ទេ។ អ្នក​មិន​ចាំបាច់​កើត​ចេញ​ពី​ត្រកូល​​អភិជន​​ ឬ​អ្នក​មាន​ធូរធារ​ស្រាប់​ទើប​​មាន​​លុយ​ច្រើន​​នៅ​ក្នុង​ដៃ​នោះ​ឡើយ។ តើ​អ្នក​ដឹង​ទេ អ្នក​មាន​មួយ​ចំនួន​ទម្រាំ​តែ​មាន​លុយ​ច្រើន​នៅ​ក្នុង​ដៃ​នៅ​ថ្ងៃ​នេះ​ តើ​​បុគ្គល​ទាំង​​នោះ​​​ត្រូវ​ធ្វើ​​អ្វី​ខ្លះ​? ប្រើ​ពេល​ប៉ុន្មាន?

ជុំវិញ​ប្រធាន​បទ​នេះ សហគ្រិន​វ័យក្មេង និង​ជា​អ្នក​ប្រឹក្សា​ហិរញ្ញវត្ថុ​ដ៏​ល្បី​មួយ​រូប​របស់​អាមេរិក​គឺ​លោក Ramit Sethi  ​​បាន​លើក​ឡើង​ថា អ្នក​​ដែល​មាន​សមត្ថភាព​រក​​ប្រាក់​ចំណូល​​ច្រើន​ មិន​​​អាច​វាស់​ស្ទង់​អ្នក​នោះ​ថា ​ជា​អ្នក​មាន​បាន​ទេ។ ប៉ុន្តែ​គឺ​វា​អាស្រ័យ​​ត្រង់​ថា បុគ្គល​នោះ​ចេះ​​សន្សំ​ និង​ចេះ​វិនិយោគ​ដែរ​ឬ​អត់?”។

លោក Ramit ​បាន​​បញ្ជាក់​ថា ជា​មធ្យម អ្នក​មានលុយ​ច្រើន​​​ដូច​ជា សេដ្ឋី​មាន​លុយ​ស្តុកស្តម្ភ​ជាដើម​​បាន​​យក​ប្រាក់​ចំណូល​របស់​ខ្លួន​ចំនួន ២០% ​ទៅ​វិនិយោគ។ នេះ​ហើយ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​បុគ្គលិក​​ម្នាក់​មាន​​ប្រាក់​ចំណូល​ ៣ ០០០ ដុល្លារ​ក្នុង​មួយ​ខែ មាន​ជាង​វេជ្ជបណ្ឌិត (Doctor) ​ម្នាក់​ដែល​មាន​ប្រាក់​ចំណូល​ ១០ ០០០ ដុល្លារ​ក្នុង​មួយ​ខែ។ ហេតុអ្វី? ​

នេះ​ពី​ព្រោះ​តែ​បុគ្គលិក​ម្នាក់​នេះ​​មាន​ភាព​វៃឆ្លាត​​ជាង​វេជ្ជបណ្ឌិត​​​ក្នុង​ការ​គ្រប់គ្រង​លុយ​ដោយ​ការ​សន្សំ និង​​យក​ទៅ​វិនិយោគ​ជា​និច្ច ខណៈ​ដែល​វិជ្ជបណ្ឌិតបើ​តាម​អ្នក​ជំនាញ​​​ខាង​លើរូប​នេះ​អះអាង​ថា​ មិន​សូវ​ចេះ​​បែងចែក​ប្រាក់​ណា​សម្រាប់​សន្សំ​ គិត​តែ​ចាយ​វាយមាន​ខ្ទង់​ខ្នាត​ត្រឹមត្រូវ។ លោក Ramit បាន​លើក​ឧទាហរណ៍​ដ៏​សាមញ្ញ​មួយ​​ទាក់ទង​នឹង​ការ​សន្សំ​នេះ​តាម​រយៈ​ការ​សន្សំ​​ផ្តើម​ចេញ​ពី​ប្រាក់​​តិចតួច​មួយ​។

ឧទាហរណ៍​ថា អ្នក​សន្សំ​ ១០ដុល្លារ​ក្នុង​មួយ​សប្តាហ៍៖ -១ខែ = ១០x ៤ = ៤០ ដុល្លារ​ -១ឆ្នាំ = ៤០x១២ = ៤៨០ ដុល្លារ -៥ឆ្នាំ = ៤៨០ x ៥ = ​២ ៤០០ ដុល្លារ។ ចុះ​បើ​អ្នក​សន្សំ ៥០ ដុល្លារ​ក្នុង​មួយ​សប្តាហ៍ តើ​រយៈពេល​៥​ឆ្នាំ​អ្នក​នឹង​ទទួល​បាន​ប៉ុន្មាន? ចម្លើយ​គឺ ១២ ០០០ ដុល្លារ ឬ បើ ១០០ ដុល្លារ​​ក្នុង​មួយ​សប្តាហ៍? នោះ​ប្រាក់​សន្សំ​របស់​អ្នក​​កើន​ដល់ ២៤ ០០០ ដុល្លារ​ក្នុង​រយៈពេល ៥​ឆ្នាំ។

នេះមានន័យ​ថា អ្នក​ដាក់​ប្រាក់​​សន្សំ​​កាន់តែ​ច្រើន លុយ​ដែល​អ្នក​សន្សំ​​សល់​​​កាន់តែ​ច្រើន​ ហើយ​អាច​យក​ទៅ​វិនិយោគ​លើ​​មុខ​របរ​ផ្សេងៗ​ដើម្បី​បង្កើន​ប្រាក់​ចំណូល​បន្ថែម​ទៀត​ពី​​លើ​ចំណូល​ដែល​មាន​ស្រាប់។ បើ​តាម​ដំបូន្មាន​របស់​លោក Ramit នេះ​បញ្ជាក់​ថា ប្រាក់​សន្សំ​បន្តិចបន្តួច មួយ​កាក់​មួយ​សេន​របស់​អ្នក ពិត​ជា​​ឥទ្ធិពល​​​ខ្លាំង​ណាស់​​​សម្រាប់​​ហិរញ្ញវត្ថុ​របស់​អ្នក​នៅ​ក្នុង​រយៈពេល​យូរ​អង្វែង​ទៅ​មុខ។ លោក​បន្ថែម​ថា ចង់​​វិនិយោគ ​អ្នក​មិន​ចាំបាច់​ទាល់តែ​មាន​លុយ​ច្រើន​នោះ​ទេ​។ អ្នក​បរាជ័យ​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​កន្លង​មក គឺ​ដោយសារតែ​អ្នក​មិន​ដឹង​ថា គួរ​ចាប់​ផ្តើម​វា​ពី​កន្លែង​ណា? ដោយ​របៀបណា? បើ​អ្នក​រក​ចម្លើយ​ឃើញ​ហើយ ចាប់​ផ្តើម​កាន់តែ​ឆាប់ គឺ​កាន់​​តែ​ល្អ៕

ដោយ៖ សូរ៉ាន់ដារ

X
5s