ព្រីនស៍ បើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ ត្រៀមកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២២
ព្រះសីហនុ៖ ក្រុមហ៊ុនចិនយក្ស ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បើកការដ្ឋានសាងសង់គម្រោងអគារមជ្ឈមណ្ឌលសន្និសីទអន្តរជាតិកម្ពុជា លើផ្ទៃដី ១២ម៉ឺនម៉ែត្រការ៉េ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២២ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ។
ក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់គម្រោងអគារមជ្ឈមណ្ឌលសន្និសីទអន្តរជាតិកម្ពុជាដែលបានប្រារព្ធឡើងយ៉ាងឱឡារិក នៅថ្ងៃទី ២៧ខែមិថុនាឆ្នាំ២០១៩ នេះ ក្នុងក្រុងព្រះសីហនុ ក្រោមវត្តមានថ្នាក់ដឹកនាំ លោក ឈ៊ីវ គួស៊ីង ប្រធានប្រតិបត្តិ ក្រុមប្រឹក្សា ភិបាលនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និងលោក LI MIN នាយកប្រតិបត្តិ បានឲ្យដឹងថា គម្រោងនេះមានទីតាំងស្ថិតនៅក្បែរនឹងកំពង់ផែស្វយ័តក្រុងព្រះសីហនុនិងជាប់ឆ្នេរអូរឈើទាលដែលមានផ្ទៃក្រឡាអភិវឌ្ឍន៍សរុបជាង១២០.០០០ម៉ែត្រការ៉េ។
គម្រោងនេះបានរួមបញ្ចូលគ្នានូវមជ្ឈមណ្ឌលសន្និសីទអន្តរជាតិនិងសណ្ឋាគារលំដាប់ផ្កាយប្រាំដែល រំពឹងថានឹងដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី ៣១ខែឧសភាឆ្នាំ២០២២។
តំណាងក្រុមហ៊ុនបញ្ជាក់ថា នៅពេលសាងសង់រួចរាល់គម្រោងនេះនឹងក្លាយទៅជាមជ្ឈមណ្ឌលសន្និសីទអន្តរជាតិខ្នាតធំដែលមាននូវអគារមជ្ឈមណ្ឌលសន្និសីទអន្តរជាតិសណ្ឋាគារអគារមជ្ឈមណ្ឌលពាណិជ្ជកម្ម និងមុខងារជាច្រើនផ្សេងទៀត។ ទន្ទឹមនឹងនេះ គម្រោងនេះក៏ជាទីតាំងសម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២២ ផងដែរ។
កន្លងមកប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានប្រកាសថា នឹងជ្រើសរើសយកខេត្តព្រះសីហនុ ជាទីតាំងសម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា នៅឆ្នាំ ២០២២ខាងមុខ ដោយកម្ពុជា នឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ លើកិច្ចប្រជុំកំពូលមួយនេះ។
ជាមួយគ្នានេះអាជ្ញាធរកម្ពុជា ក៏បាននឹងកំពុងជំរុញឱ្យក្រុមហ៊ុនវិនិយោគព្រលានយន្តហោះកម្ពុជា (SCA) ពង្រីកផ្លូវរត់ប្រវែងដល់៣៣០០ម៉ែត្រ របស់អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុឲ្យបានចប់មុនឆ្នាំ២០២២ ដើម្បីអាចធ្វើឱ្យយន្តហោះខ្នាតធំរបស់ថ្នាក់ដឹកនាំនានាដែលអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា នៅឆ្នាំ ២០២២ នៅក្នុងទឹកដីនៃខេត្តព្រះសីហនុនេះ។
គួរបញ្ជាក់ដែរថា ក្នុងនាមជាក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា បច្ចុប្បន្ននេះ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប មានដីបម្រុងទំហំជាង ១២០០ ហិកតា ដែលមានទំហំអភិវឌ្ឍន៍ជាង ២០ លានម៉ែត្រការ៉េ ជាមួយនឹងទុនវិនិយោគជាង ២ ពាន់លានដុល្លារអាមេរិក៕
ដោយ៖ ស្រីពេជ្រ