ដឹងទេថាភាពស្មុគស្មាញ (Stress) ប៉ះពាល់ដល់សុខភាពដូចម្តេចខ្លះ?​



កើតមកជាមនុស្ស គ្មាននរណាដែលអាចជួបរឿងសប្បាយរហូត ក៏គ្មាននរណាជួបតែទុក្ខសោកគ្មានពេលល្ហែនោះទេ សុខនិងទុក្ខតែងដឹកដៃគ្នាយ៉ាងត្រសងនៅលើផ្លូវមួយ។ មានមនុស្សមួយចំនួនបន្ទាប់ពីជួបទុក្ខសោក គេតែងធ្វើខ្លួនឲ្យសប្បាយស្រស់ថ្លាឡើងវិញចាប់ផ្តើមអ្វីសាជាថ្មី ខណៈដែលអ្នកមួយចំនួនទៀតចូលចិត្តយករឿងរ៉ាវដែលកន្លងហួសទាំងនោះមកធ្វើជាច្រវ៉ាក់រុំជាប់ជាមួយដុំដែកយ៉ាងធំ ហើយចងភ្ជាប់ខ្លួនឯងនឹងអតីតកាលដ៏សែនឈឺចាប់នោះទៅវិញ។

ពាក្យថាស្មុគស្មាញគឺគ្មាននរណាអាចចៀសផុតទេ ព្រោះម្នាក់មានការងារ ទទួលការសិក្សា មានបន្ទុកគ្រួសារ ស្នេហា ជំងឺឈឺថ្កាត់ និងបញ្ហាជាច្រើនទៀតរៀងៗខ្លួន។ អ្នកទាំងអស់គ្នាក៏ប្រហែលជាដឹងថាពេលអ្នកស្មុគស្មាញកាន់តែខ្លាំង សុខភាពអ្នកកាន់តែធ្លាក់ចុះ តែពេលនេះអ្នកត្រូវតែដឹងបន្ថែមឲ្យកាន់តែច្បាស់ថាវាប៉ះពាល់ដល់សុខភាពអ្នកកម្រិតណា។

សញ្ញាដែលបង្ហាញថាអ្នកកំពុងមានភាពស្មុគស្មាញ

អ្នកក្លាយជាមនុស្សដែលមានជំងឺស្មុគស្មាញនៅពេលរាងកាយបង្ហាញអាការៈដូចជា៖ អស់កំលាំង មានភាពធុញទ្រាន់ ឈឺចាប់តាមសាច់ដុំ ឈឺក្បាល ដួលសន្លប់ មានបញ្ហាផ្លូវចិត្ត មានអារម្មណ៍ថាខ្វះការលើកទឹកចិត្ត ឆេវឆាវ មានជំងឺរវើរវាយ ថប់អារម្មណ៍ និងគិតអវិជ្ជមាន។ 

ផលប៉ះពាល់

ភាពស្មុគស្មាញប៉ះពាល់ដល់រូបរាងកាយរបស់អ្នក បាត់បង់រូបសម្រស់ ចាស់ជាងវ័យ អារម្មណ៍ប្រែប្រួល។ វាបានធ្វើឲ្យទំនាក់ទំនងរបស់អ្នកមានបញ្ហាដូចជា ជាមួយមនុស្សក្នុងគ្រួសារ មិត្តភក្តិ គូស្នេហ៍ និងមនុស្សនៅជុំវិញខ្លួនដោយសារតែការបញ្ចេញអារម្មណ៍មិនល្អរបស់អ្នក វាប៉ះពាល់ខ្លាំងណាស់ដល់ការរស់នៅប្រចាំថ្ងៃរបស់អ្នក។

រាងកាយរបស់អ្នកត្រូវរងនឹងដំណើរមិនប្រក្រតីនៃចរន្តឈាម រងនូវការផ្តល់ឈាមទៅខួរក្បាលមិនគ្រប់គ្រាន់ ខួរក្បាលអ្នកក៏មិនអាចស្រូបយកអុកស៊ីសែនពេញលេញដែលវាជាស្ថានភាពមួយគ្រោះថ្នាក់បំផុត។ ពេលអ្នកទុកស្ថានភាពនៃអាការៈតានតឹងកាន់តែយូរ អ្នកនឹងប្រឈមនឹងបញ្ហាសុខភាពកាន់តែខ្លាំង។ អ្វីដែលកាន់តែអាក្រក់ជាងនេះគឺ អ្នកនឹងប្រឈមនឹងបញ្ហាដាក់សរសៃរឈាមខួរក្បាល លើសឈាម ស្លាប់មួយចំហៀងខ្លួន បញ្ហាស្មារតី និងឈានទៅរកវិបល្លាសស្មារតីទៀតផង៕

ដោយ៖ យ៉ាយ៉ា

 

X
5s