បេសកកម្មជាង ១ទសវត្សរ៍ក្នុងការកសាង ម៉ាកយីហោកាហ្វេក្នុងស្រុក អង្គរកាហ្វេ
បើនិយាយពីកាហ្វេ មានមនុស្សជាច្រើនប្រាកដណាស់ថា បានភ្លក្សនូវរសជាតិសម្បូរបែបរាប់តាំងពីកាហ្វេតម្លៃទាប តម្លៃមធ្យម និងតម្លៃខ្ពស់ដែលគេនិយមហៅថា កាហ្វេប៊្រែនៗ។ ប៉ុន្តែការពិតមួយដែលមិនអាចប្រកែកបានគឺថា កាហ្វេទាំងអស់នោះភាគច្រើនបំផុត គឺទិញវត្ថុធាតុដើមពីក្រៅប្រទេស ហើយកាហ្វេដែលមានកេរ្តិ៍ឈ្មោះល្បីៗមួយចំនួនធំ ក៏សុទ្ធតែជាម៉ាកយីហោអន្តរជាតិផងដែរ។
ការកសាងគុណភាពកាហ្វេដោយរាប់ចាប់តាំងពី ការដាំ ប្រមូលផល ហាល លីង និងដំណាក់កាលជាច្រើនទៀតរហូតទទួលបានផលិតផលសម្រេចសម្រាប់លក់ឱ្យហាងកាហ្វេ ឬភោជនីយដ្ឋាន ប្រហែលជាមិនមែនជារឿងងាយស្រួលប៉ុន្មាននោះទេ ត្បិតអីត្រូវការដីដែលមានជីវជាតិ និងបរិយាកាសសក្ដិសមនឹងដំណាំកាហ្វេ គ្រាប់ពូជសុទ្ធល្អ បច្ចេកទេស ការថែទាំ ម៉ាស៊ីនទំនើបៗ កម្លាំងពលកម្ម ការវេចខ្ចប់ និងធនធានជាច្រើនទៀតដែលសុទ្ធតែជាបញ្ហាប្រឈមទើបធ្វើឱ្យសហគ្រិនភាគច្រើនមិនចាប់អារម្មណ៍ និងមិនអាចទ្រាំទ្របានជាមួយនឹងអាជីវកម្មមួយនេះ។
ទោះជាបែបនេះក៏ពិតមែន ដោយមានបទពិសោធន៍ខាងផ្នែកផលិតតាំងពីអាយុ ១៨ឆ្នាំ លោក តែ សុផល ដែលជាសហស្ថាបនិកក្រុមហ៊ុនអង្គរកាហ្វេហាក់មិនរាថយនឹងបញ្ហាក្នុងវិស័យផលិតកាហ្វេនោះឡើយ។ ក្នុងបេសកកម្មចូលរួមចំណែកក្នុងការលើកកម្ពស់កាហ្វេក្នុងស្រុក និងផ្ដល់ការងារដល់ប្រជាជនដើម្បីចូលរួមកាត់បន្ថយចំណាកស្រុក លោកនិងដៃគូបានបង្កើត ក្រុមហ៊ុន អង្គរកាហ្វេ នៅឆ្នាំ២០០៨ ដែលបច្ចុប្បន្នចំការរបស់លោកបាន និងកំពុងដាំដុះនៅក្នុងតំបន់ភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា។
កាហ្វេដែលមានការវេចខ្ចប់ងាយស្រួលសម្រាប់ឆុង ដោយគ្រាន់តែហែកកញ្ចប់ហើយដាក់ឆុងក្នុងទឹកក្ដៅជាការស្រេចកំពុងត្រៀមផ្លាស់ប្ដូរសម្បកកញ្ចប់ថ្មី។ ជាមួយនឹងសម្បកកញ្ចប់ថ្មីនេះ កម្រិតគុណភាពកាន់តែត្រូវបានសម្រិតសម្រាំង និងឆ្លងកាត់ដំណាក់កាលនៃការផលិតយ៉ាងហ្មត់ចត់បន្ថែមទៀត ដើម្បីធានាបាននូវគុណភាព។ នេះបើតាមការបញ្ជាក់របស់លោក។
ចំការ អង្គរកាហ្វេ បានដាំដំណាំកាហ្វេពីរប្រភេទ គឺពួក រ៉ូប៊ូស្តា និងប្រភេទពូជដែលចំណាយអស់ថ្លៃដើមខ្ពស់ អារ៉ាប៊ីកា។ ការបេះផ្លែត្រូវបានធ្វើឡើងយ៉ាងសម្រិតសម្រាំងយកចិត្តទុកដាក់បំផុត គឺប្រើកម្លាំងពលកម្មបេះដោយដៃផ្ទាល់និងយកតែផ្លែទុំប៉ុណ្ណោះ។ ដូចគ្នានេះដែរចំពោះការ ហាល និងបកសម្បក។ ដោយឡែកបើនិយាយពីការលីងវិញ ត្រូវប្រើប្រាស់ម៉ាស៊ីនស្វ័យប្រវត្តិទំនើបលំដាប់អន្តរជាតិ ដើម្បីធានាបាននូវកាហ្វេដែលមានរសជាតិឆ្ងាញ់ និងមានអនាម័យស្របតាមស្ដង់ដារសកល។
លោក តែ សុផល ក៏បានបង្ហើបផងដែរថា កាហ្វេអង្គរមានលក្ខណៈពិសេស ត្រង់ថា ជាកាហ្វេដែលដាំ និងលីងនៅក្នុងស្រុក មិននាំចូលពីក្រៅប្រទេស ពោលគឺជាកាហ្វេដែលដាំដុះនៅតំបន់ភូមិភាគឦសាននៃប្រទេស គឺនៅក្នុងខេត្តមណ្ឌលគិរីតែម្ដង។ កាហ្វេអង្គរត្រូវបានដាំដុះ និងចម្រាញ់ចេញតាមរបៀបធម្មជាតិសុទ្ធសាធ ហើយជាពូជដែលនាំចូលមកពីប្រទេសស្ថិតនៅក្នុងចំណោមប្រទេសផលិតកាហ្វេគុណភាពលំដាប់ពិភពលោកតែម្ដង។
មានកត្តា ៤យ៉ាងដែលធ្វើឲ្យកាហ្វេដែលដាំដុះក្នុងខេត្តមណ្ឌលគិរីមួយនេះ មានគុណភាពមិនចាញ់កាហ្វេនាំចូលពីក្រៅប្រទេស៖
១. សណ្ឋានដី៖ សណ្ឋានដីខេត្តមណ្ឌលគិរី ជាប្រភេទដីក្រហម និងជាសណ្ឋានដីដែលអំណោយផលបំផុតដល់ដំណាំកាហ្វេ។ រឹតតែពិសេសទៅទៀតនោះគឺថា ប្រភេទដីគឺជាដីដែលមានជីវជាតិតាមបែបធម្មជាតិ និងអំណោយផលដល់ប្រភេទដំណាំកាហ្វេតែម្ដង។
២. កម្រិតទឹកភ្លៀង៖ ខេត្តមណ្ឌលគិរី ជាខេត្តដែលគ្របដណ្ដប់ទៅដោយព្រៃឈើភាគច្រើន ដែលជាកត្តាអាចទាក់ទាញទឹកភ្លៀងមកធ្លាក់នៅតំបន់នោះច្រើនបង្គួរ។ កត្តាដែលតំបន់នេះមានភ្លៀងធ្លាក់ច្រើនជាងតំបន់ដទៃនេះហើយធ្វើឱ្យតំបន់នេះពិតជាអំណោយផលមែនទែនដល់ការដាំដុះកាហ្វេ។
៣. កំរិតកំពស់ភ្នំ៖ ដំណាំកាហ្វេជាប្រភេទដំណាំដែលគេតែងតែនិយមដាំនៅតាមតំបន់ភ្នំដែលមានកំពស់ខ្ពស់។ ខេត្តមណ្ឌលគិរីជាខេត្តដែលសំបូរទៅដោយភ្នំដែលមានកំពស់ចន្លោះពី ៤០០ ដល់៧០០ម៉ែត បើធៀបទៅនឹងកម្រិតទឹកសមុទ្រ។ ត្រឹមកម្រិតប៉ុណ្ណេះ ដីពិតជាសក្ដិសមក្នុងការដាំដំណាំកាហ្វេ។
៤. អាកាសធាតុ៖ ដោយសារកំរិតកំពស់ខ្ពស់ធ្វើឱ្យខេត្តនេះមានភាពល្បីល្បាញថាជាខេត្តដែលមានអាកាសធាតុត្រជាក់ស្រួលខ្លួនស្ទើរពេញមួយឆ្នាំ។
ប្រសិនបើផលិតផលរបស់យើងមានគុណភាពប្រជែងជាមួយគុណភាពកាហ្វេនាំចូលបាន ហេតុអ្វីយើងមិនជួយគាំទ្រផង? ការជួយទិញនិងប្រើប្រាស់ផលិតផលខ្មែរ ជារឿងដ៏សំខាន់ ហើយវារឹតតែសំខាន់ទៅទៀត ប្រសិនបើផលិតផលរបស់ខ្មែរមានគុណភាពដែលអាចប្រកួតប្រជែងជាមួយផលិតផលក្រៅប្រទេស ឬក៏មានគុណភាពលើសប្រទេសជិតខាងទៅទៀតនោះ។ ក្នុងបេសកកម្មលើកកម្ពស់ផលិតផលក្នុងស្រុក កាហ្វេអង្គរ បាននឹងកំពុងត្រៀមដាក់ចេញនូវកញ្ចប់ផលិតផលថ្មីដែលអាចរកជាវបាននៅផ្សារទំនើបធំៗក្នុងរាជធានីភ្នំពេញនាពេលឆាប់ៗនេះ៕