ចង់បើកជំនួញមែនទេ? ឆ្លើយសំនួរចាក់ដោតចំនួន ៥នេះជាមុនសិន?
នៅពេលអ្នកចង់ចាប់ផ្តើមធ្វើជំនួញអ្វីមួយ តើអ្វីទៅជាតម្រូវការចាំបាច់មុនគេ? ដើមទុនឬធនធាន? យ៉ាងណាក៏ដោយ អ្វីដែលគេសង្កេតឃើញថា ជាបញ្ហាដំបូងរបស់សហគ្រិនភាគច្រើន គឺដើមទុន។ ពេលខ្លះអ្នកក៏មិនអាចវាយតម្លៃបានទេថា តើត្រូវការដើមទុនប៉ុន្មានដើម្បីបើកជំនួញរបស់អ្នក?
ឥឡូវនេះ សូមឈប់តក់ក្រហល់ទៅនឹងបញ្ហាទាំងនេះ! សូមសាកល្បងឆ្លើយសំនួរ ៥នេះជាមុនសិន មុននឹងបើកជំនួញរបស់អ្នក។
១.តើជំនួញអ្វី ដែលអ្នកចង់បើក? លក់ផលិតផល ឬសេវាកម្ម?
ក្នុងករណីអ្នកបើកអាជីវកម្មផ្គត់ផ្គង់ផលិតផល៖ អ្នកនឹងត្រូវការលុយបន្ថែមទៀតសម្រាប់ចំណាយលើការទិញវត្ថុធាតុដើមយកមកផលិតផលិតផល ឧបករណ៍ផលិត ពង្រីកកន្លែង ឬមនុស្សដើម្បីដំណើរការផលិតកម្ម។ សូមចាំថា នេះមិនទាន់គ្រប់គ្រាន់ទេ ត្បិតអីអ្នកត្រូវចំណាយពេលវេលាដើម្បីផ្ដោតលើការលក់ផលិតផល និងធ្វើទីផ្សារផងដែរ។
ក្នុងករណីអ្នកបើកអាជីវកម្មផ្តល់សេវាកម្ម៖ សូមអបអរផងប្រសិនបើអ្នកចង់បើកជំនួញផ្នែកសេវាកម្មព្រោះជំនួញរបស់អ្នកអាចចំណាយលុយតិច និងងាយស្រួលបើកជាងមុខជំនួញលក់ផលិតផល។
+មតិស្រប៖
-អ្នកមិនចាំបាច់ជួលអ្នកណាម្នាក់មកធ្វើការ ឬអាចធ្វើការខ្លួនឯងបាននៅពេលចាប់ផ្តើមដំបូង
-អ្នកអាចសន្សំលុយដោយមិនចាំបាច់ចំណាយលើការពង្រីក ឬ ជួលទីតាំងក្នុងករណីថា អ្នកអាចធ្វើនៅផ្ទះបាន
-ប្រសិនបើអ្នកជាអ្នកជំនាញមានបទពិសោធន៍ និងបណ្ដាញទំនាក់ទំនងក្រាស់ក្រែលរួចទៅហើយនៅ ក្នុងមុខជំនួញរបស់អ្នក អ្នកមិនចាំបាច់ចំណាយច្រើនដូចជាការធ្វើទីផ្សារពង្រីកសេវាកម្មរបស់អ្នកនោះទេ។
+មតិផ្ទុយ៖
-វាអាចមានការលំបាកជាងមុនដោយសារតែភាពលូតលាស់នៃអាជីវកម្មប្រភេទសេវាកម្មអាចដើរទៅមុខ ឬថយក្រោយ គឺអាស្រ័យលើថា តើអ្នកក្លាហានហ៊ានជួលមនុស្សមកធ្វើការក្នុងកម្រិតណា?
២.តើអ្នកត្រូវការមនុស្សប៉ុន្មាននាក់ដើម្បីដំណើរការអាជីវកម្មរបស់អ្នក?
ក្នុងករណីអ្នកបើកអាជីវកម្មបែបសេវាកម្ម៖ ពិតជាដំណឹងល្អមួយ ពីព្រោះជំនួញបែបនេះងាយស្រួល មិនត្រូវការមនុស្សច្រើនដើម្បីដំណើរការវានោះទេ។
ក្នុងករណីអ្នកបើកអាជីវកម្មបែបផ្គត់ផ្គង់ផលិតផល៖ អ្នកគួរស្នើជំនួញពីមិត្តភក្ដិ ឬក្រុមគ្រួសាររបស់អ្នក។ ប៉ុន្តែនេះមិនគ្រប់គ្រាន់ទេ អ្នកក៏ត្រូវជួលបុគ្គលិកជាច្រើនទៀតទាំងបុគ្គលិកពេញសិទ្ធិ ឬបុគ្គលិកក្រៅម៉ោងជាដើម។ សូមចាំថា ប្រសិនបើអ្នកចាប់ផ្តើមអាជីវកម្មជាមួយនឹងការជួលបុគ្គលិកពេញសិទ្ធិ អ្នកត្រូវការថវិកាសម្រាប់ការចំណាយភ្លាមៗ ពោលគឺក្រៅពីប្រាក់ខែ អ្នកក៏ត្រូវចំណាយលើការធានារ៉ាប់រង ការជួលទីតាំង ទិញសម្ភារៈការិយាល័យ រួមទាំងការចំណាយផ្សេងៗទៀតដល់បុគ្គលិក។
៣.តើអ្នកអាចចាប់ផ្តើមបើកជំនួញរបស់អ្នកពីកន្លែងណាទៅ?
ក្នុងករណីអ្នកជ្រើសរើសទីតាំងដែលមានតម្លៃថោក សម្រាប់រស់នៅ និងធ្វើការ៖ ទីក្រុងគឺជាគោលដៅសំខាន់សម្រាប់បើកអាជីវកម្ម ព្រោះវាមានតម្រូវការទីផ្សារខ្ពស់សំបូរទៅដោយអតិថិជនគ្រប់ប្រភេទ។ ជាទូទៅ ទីតាំងដែលមានកំណើនសេដ្ឋកិច្ច ឬប្រជាជនឆាប់រហ័ស គឺពិតជាស័ក្តិសមសម្រាប់អ្នក។
ក្នុងករណីអ្នកស្ថិតនៅទីតាំងដែលមានតម្លៃថ្លៃ និងដង់ស៊ីតេប្រជាជនខ្ពស់ ៖ នេះទាមទារឲ្យអ្នកធ្វើការហត់បន្តិចហើយ។ ខណៈដែលការចំណាយខ្ពស់ និងមានការប្រកួតប្រជែងខ្លាំងក្លា អ្នកត្រូវមានភាពច្នៃប្រឌិតខ្ពស់លើយុទ្ធសាស្ត្រផ្តល់សេវាកម្ម ឬផលិតផល ការជ្រើសរើសមនុស្សមានសមត្ថភាពមកធ្វើការ ការធ្វើទីផ្សារ និងការពង្រីកបណ្ដាញទំនាក់ទំនងជាមួយដៃគូនានាឲ្យបានច្រើនបំផុត។
ក្នុងករណីអ្នកមានផ្ទះ ឬទីតាំងផ្ទាល់ខ្លួន៖ វាជារឿងល្អប្រសិនបើអ្នកមានទីតាំង ដី អគារ ឬផ្ទះផ្ទាល់ខ្លួនដែលអ្នកយល់ថា អាចបើកអាជីវកម្មបាន។ វាអាចរួមចំណែកយ៉ាងសំខាន់ ព្រោះអ្នកមិនចាំបាច់ចំណាយលើការពង្រីកទីតាំង ឬជួលអគារនោះឡើយ។
៤.តើអ្នកអាចផ្តល់សេវាកម្ម ឬផលិតផលទៅកាន់ទីផ្សារបានឆាប់រហ័សក្នុងកម្រិតណា?
ក្នុងករណីភាពឆាប់រហ័សគឺជារឿងចាំបាច់៖ អ្នកត្រូវត្រៀមខ្លួនឲ្យរួចរាល់ជាមុនដើម្បីបើកអាជីវកម្ម ប្រសិនបើអ្នកសង្កេតឃើញថា៖
-អ្នកបារម្ភថា គូប្រជែងរបស់អ្នកអាចដណ្តើមទីផ្សារបានមុនអ្នក
-គំនិតអាជីវកម្មរបស់អ្នកផ្ដោតលើការដោះស្រាយបញ្ហាបន្ទាន់របស់អតិថិជន
-ប្រសិនបើអ្នកផលិតផលិតផលដែលមានតម្លៃថ្លៃ ចូលគិតពីមធ្យោបាយ ឬប្រព័ន្ធផលិត ដឹកជញ្ជូន ចែកចាយ ផ្តល់ផលិតផល ឬសេវាកម្មផ្សេងៗដែលឆាប់រហ័សទៅដល់ដៃអតិថិជនដែលប្រើបច្ចេកវិទ្យាខ្ពស់ដូចជា បច្ចេកវិទ្យាទូទាត់សាច់ប្រាក់ (Fintech) Uber, ភ្នាក់ងារចែកចាយ ។ល។
ក្នុងករណីអ្នកមិនមានភាពប្រញាប់ប្រញាល់៖ អ្នកត្រូវប្រមូលដើមទុនសិន។
-នៅមុនដំបូង ការប្រមូលដើមទុន គឺរឿងពិបាក និងចំណាយពេលច្រើនហើយស្ថាបនិកភាគច្រើនត្រូវតែចាប់ផ្ដើមអាជីវកម្មរបស់ខ្លួន
-កាលពីឆ្នាំ ២០១៨ ក្រុមហ៊ុន Inc បានស្ទង់មតិលើអាជីវកម្ម ៥ ០០០ ក្រុមហ៊ុន ហើយបានរកឃើញថា អ្នកបើកជំនួញដោយការប្រមូលដើមទុន (Fundraising) គឺមានត្រឹមតែ ៣% ប៉ុណ្ណោះ។ ៤៣% ប្រើប្រាស់ប្រាក់សន្សំរបស់ខ្លួន និង ១៥% ទៀត ប្រើប្រាស់កាតឥណទាន ឬ ប្រាក់កម្ចីពីគ្រួសារ និងមិត្តភក្ដិរបស់ពួកគេ។
-ស្ថាបនិកក្រុមហ៊ុនខ្លះមិនដែលបានបោះទុនវិនិយោគនៅខាងក្រៅទេ ហើយនៅតែទទួលបានជោគជ័យ។
៥.តើអ្នកអាចរស់បានដោយមិនត្រូវការប្រាក់ខែបានយូរប៉ុណ្ណា?
ក្នុងករណីអ្នកត្រូវការប្រាក់ខែជាបន្ទាន់៖ ត្រូវមានការងារធ្វើជាចាំបាច់។ អ្នកមិនអាចបោះបង់ការងារមកបើកជំនួញបានទេ ប្រសិនបើអ្នកមិនបានសល់លុយកាក់ខ្លះៗសម្រាប់ចាយវាយនៅក្នុងរយៈពេលយ៉ាងតិច ៦ ខែឡើងទៅនៅក្នុងករណីអ្នកបោះបង់ការងារធ្វើ។
ក្នុងករណីអ្នកអាចរស់បានដល់ទៅមួយឆ្នាំដោយគ្មានប្រាក់ខែ៖ សូមអបអរផង ព្រោះអ្នកមានលុយសល់ច្រើនគួរសមសម្រាប់ចាយវាយ។ នេះបង្ហាញថា អ្នកមិនសូវបារម្ភឡើយបើទោះបីជាបន្ត ឬឈប់ធ្វើការដើម្បីចាប់អារម្មណ៍មកលើជំនួញរបស់អ្នកវិញម្តង៕
ប្រភព៖ Inc