ព្រីនស៍ រៀលអ៊ីស្ទេតគ្រុប បើកការដ្ឋានសាងសង់ខុនដូសណ្ឋាគារកម្ពស់៣៧ជាន់ ក្នុងតំបន់CBD ផ្លូវព្រះមន្នីវង្ស​



ភ្នំពេញ៖ ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ប្រកាសបើកការដ្ឋាន សាងសង់គម្រោងថ្មីបែប ខុនដូសណ្ឋាគារ​​ចំនួន២ អគារការិយាល័យ និងអគារពាណិជ្ជកម្មចំនួន១ លើផ្ទៃដី​អភិវឌ្ឍន៍​ចំនួន ២២ម៉ឺនម៉ែត្រការ៉េ តាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ជាប់គម្រោងទី១ Prince Central Plaza។

ក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងព្រីនស៍ ហេភីនេស ផ្លាហ្សា នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០១៩ ក្រោមវត្តមាន លោក ឈ៊ីវ គួស៊ីង ប្រធានប្រតិបត្តិ ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លោក LI MIN នាយកប្រតិបត្តិ និងលោក RUAN BIN នាយករងប្រតិបត្តិ រួមជាមួយថ្នាក់ដឹកនាំ តំណាងដៃគូសហការផ្សេងទៀត។

តំណាងក្រុមហ៊ុន បានលើឡើងថា គម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា  មានទំហំ អភិវឌ្ឍន៍សរុប ២២ ម៉ឺនម៉ែត្រការ៉េ   ដោយមាននូវខុនដូបែបសណ្ឋាគារចំនួន ២ ល្វែង អគារការិយាល័យចំនួន ១ ល្វែង និងអគារពាណិជ្ជកម្ម។ គម្រោងនេះបាននាំយកនូវគោលគំនិតនៃលំនៅដ្ឋានបែបសណ្ឋាគារដែលមានបំពាក់ដោយអាងហែលទឹក ក្លឹបហាត់ប្រាណ ជាន់ដំបូល  ក្លឹបកម្សាន្ដ  និងបរិក្ខារជាច្រើនផ្សេងៗទៀត។ ដោយបង្ហាញទេសភាពលក្ខណៈ 3D ការបង្កើតការរស់នៅលក្ខណៈបៃតងប្រកបដោយផាសុខភាពល្អ ការ​បង្កើត​គំរូជីវភាពរស់នៅលក្ខណៈជាន់ខ្ពស់នៅកម្ពុជា  គម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា នឹងក្លាយជាទីតាំងនិមិត្តរូបនៃជីវិតរស់នៅលក្ខណៈជាន់ខ្ពស់ និងការវិនិយោគ​លំដាប់​​ខ្ពស់នៅ​រាជធានីភ្នំពេញ។

លោកបន្តថា គម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា មានទីតាំងស្ថិតនៅតាមបណ្តោយ​មហាវិថីព្រះមុនីវង្ស ជាតំបន់អភិវឌ្ឍន៍សំខាន់នៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែល​តភ្ជាប់​នឹងមហាវិថីព្រះនរោត្តម និងខាងលិចជាប់ជាមួយមហាវិថីសម្ដេចតេជោ ហ៊ុនសែន។ នៅជុំវិញមាននូវធនធានទីក្រុងលំដាប់កំពូល ដូចជាតំបន់ស្ថានទូត  ស្ថាប័នរដ្ឋាភិបាល  ខុនដូលំដាប់ខ្ពស់  ក្លឹបបាល់ទាត់លំដាប់ខ្ពស់  ហាងទំនិញអនុគ្រោះពន្ធ ហាង​លក់​រថយន្ដម៉ាកល្បី សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច និង​សាលារៀន​អន្តរជាតិ ISPP ជាដើម  ដែលអនុញ្ញាតឲ្យ​លោកអ្នកទទួល​បាននូវសេវាផ្គត់ផ្គង់​បែបទីក្រុងប្រកបដោយភាពស៊ីវីល័យ។ ជាមួយនឹងសំណង់លំនៅដ្ឋាន​ប្រកបដោយ​គុណភាព​​ខ្ពស់​នៅក្នុងតំបន់នោះ ការសាងសង់នៃគម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា  នឹងក្លាយទៅជាទេសភាពដ៏ស្រស់ស្អាតមួយទៀតនៅ    រាជធានីភ្នំពេញនាពេលអនាគត ដែលជួយជំរុញឲ្យរាជធានីភ្នំពេញកាន់តែមានភាពទាក់ទាញបន្ថែមទៀត។

គម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា   រួមគ្នាជាមួយនឹងមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា    ព្រីនស៍ ម៉ូឌើន ផ្លាហ្សា និងគម្រោង ព្រីនស៍ ថាម ផ្លាហ្សា  នឹងពន្លឿនការ​បង្កើតឡើងនៃតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម ​“ភ្នំពេញ ស៊ីប៊ីឌី” ក៏ដូចជាជំរុញឲ្យគម្រោង “ភ្នំពេញ ស៊ីប៊ីឌី” ក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មជាន់ខ្ពស់​លំដាប់កំពូលរបស់​ប្រទេស​កម្ពុជា   ដោយផ្តល់នូវជីវិតរស់នៅបែបទីក្រុងច្រក​ចេញចូលតែមួយ​ដល់វរជន​ទីក្រុង។

គួរបញ្ជាក់ថា ក្នុងនាមជាក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា បច្ចុប្បន្ននេះ ក្រុមហ៊ុន      ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប មានដីបម្រុងទំហំជាង ១២០០ ហិកតា ដែលមានទំហំអភិវឌ្ឍន៍ជាង ២០ លានម៉ែត្រការ៉េ ជាមួយនឹងទុនវិនិយោគជាង ២ ពាន់លានដុល្លារអាមេរិក៕

ដោយ៖ ស្រីពេជ្រ

X
5s