ផ្សារទំនើប ជីបម៉ុង ណូរ៉ូ នៅបឹងកេងកង ១ នឹងដាក់ដំណើរការនៅចុងឆ្នាំ២០១៩ នេះ
ផ្សារទំនើប ជីបម៉ុង ណូរ៉ូ ដែលជាអគារផ្សារទំនើបកម្ពស់ ៦ ជាន់ មានទីតាំងនៅសង្កាត់ បឹងកេងកងមួយនឹងបញ្ចប់ការសាងសង់រួចរាល់ក្នុងពេលឆាប់ៗ ហើយគ្រោងដាក់ឲ្យដំណើរការនៅចុងឆ្នាំ ២០១៩ នេះ។ នេះបើយោងតាមកញ្ញា ពៅ ធីតា ប្រធានផ្នែកទីផ្សារលក់រាយ របស់ក្រុមហ៊ុន CBRE ដែលជាអ្នកគ្រប់គ្រងគម្រោងផ្សារទំនើបនេះ។
ផ្សារទំនើប ជីបម៉ុង ណូរ៉ូ មានផ្ទៃក្រលាជួលសរុប ៧,៤០០ ម៉ែត្រការ៉េ ហើយគិតមកទល់ពេលនេះ កន្លែងសម្រាប់ជួលប្រមាណ ៧៥ ភាគរយនៃកន្លែងសម្រាប់ជួលសរុបត្រូវបានកក់ពីអ្នកជួល សម្រាប់ធ្វើអាជីវកម្មរួចទៅហើយ។ នេះបើយោងតាមអ្នកស្រី ធីតា។
ផ្សារទំនើបនេះមានទីតាំងនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ចន្លោះពីផ្លូវ ៣៦០ ទៅ ៣៧០។ ជីបម៉ុង ណូរ៉ូ គឺជាគម្រោងថ្មីដំបូងគេរបស់ ជីប ម៉ុង រីថេល ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីបម៉ុង គ្រុប។ ក្រុមហ៊ុនជីប ម៉ុង រីថេល កន្លងមកបានបើកដំណើរការផ្សារលក់ទំនិញពីរទីតាំងរួចទៅហើយ។
អ្នកស្រី ពៅ ធីតា បានឲ្យដឹងថា ក្រុមហ៊ុនធ្វើអាជីវកម្មបានចាប់ផ្តើមចុះកុងត្រាជួលបណ្តើរៗតាំងពីដើមឆ្នាំនេះមក ហើយនៅពេលដឹងថាគម្រោងអគារជិតហើយ អ្នកជួលទីតាំងមានការកើនឡើងខ្លាំង។ គិតមកទល់ពេលនេះ ផ្ទៃក្រលា ៧៥ ភាគរយត្រូវបានកក់ទុកហើយ។
អ្នកស្រីធីតាបន្តថា ផ្សារទំនើបដែលមានទីតាំងនៅកន្លែងសំខាន់នេះនឹងឆ្លើយតបនឹងតម្រូវការដែលកំពុងកើនឡើងខ្លាំងនៅទីនេះ ស្របពេលគម្រោងអគាលំនៅដ្ឋាន និងអគារពាណិជ្ជកម្មកំពុងកើនឡើង។
អ្នកស្រីបញ្ជាក់ថា៖«ពេលផ្សារទំនើបនេះដាក់ឲ្យដំណើរការ វានឹងបង្កើនសក្តានុពលបន្ថែមទៀតដល់តំបន់បឹងកេងកង»។
យោងតាមអ្នកស្រីធីតា ការសាងសង់អគាផ្សារទំនើបនេះស្ទើរតែរួចរាល់ផ្នែកខាងក្រៅរួចហើយ នៅសល់តែការតុបតែងលម្អរផ្នែកខាងក្នុង។ គិតមកទល់ពេលនេះ អ្នកជួលទីតាំងដើម្បីបើកហាងមានដូចជា៖ ផ្សារលក់រាយ រោងភាពយន្តទំនើប ហាងនំបុ័ង ភោជនីយដ្ឋាន ហាងកាហ្វេ និងអាជីវកម្មបែបកំសាន្ត។
បន្ថែមលើនេះ ផ្សារទំនើបនេះមានទីតាំងចតរថយន្ត ៧៩ កន្លែង និងទីតាំងចតម៉ូតូបាន ៣១៧ កន្លែង។
គួរបញ្ជាក់ផងដែរថា ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ នឹងជួយបន្ថែមតម្លៃ និងភាពងាយស្រួលសម្រាប់អ្នករស់នៅក្នុងតំបន់បឹងកេងកង១ ជាពិសេសវានឹងជំរុញតម្លៃអចលនទ្រព្យឲ្យកើនឡើងថែមទៀត៕
ដៃគូសហការ៖ www.realestate.com.kh