ពិចារណាលើ ៦ ចំណុចនេះ មុននឹងជ្រើសរើសអ្នកចង់ដាក់ទុនរកស៊ីជាមួយអ្នក
ការស្វែងរកអ្នកបណ្ដាក់ទុនដែលមានទុនច្រើន គឺជាជម្រើសដ៏ល្អមួយសម្រាប់សហគ្រិនថ្មីថ្មោងដែលមានគំនិតធ្វើជំនួញ ប៉ុន្តែមិនមានទុនដើម្បីរកស៊ី។ តាមពិតទៅ អ្នកបណ្ដាក់ទុនទាំងនោះ គឺជាមនុស្សដែលបានឆ្លងកាត់ធ្វើជំនួញជាច្រើនរាប់ភ្លេចរួចមកហើយ ហើយក៏ជាអ្នកដែលធ្លាប់បរាជ័យដែរមុននឹងពួកគេជោគជ័យមានលុយដូចសព្វថ្ងៃនេះ។
ទោះបីជាបែបនេះក្តី នៅពេលដែលអ្នកសម្រេចចិត្តថា ចង់ចាប់ដៃគូរកស៊ីជាមួយបុគ្គលទាំងនេះដោយសារតែពួកគេមានលុយនោះ គឺមិនគ្រប់គ្រាន់នោះទេ។ វានៅមានលក្ខខណ្ឌជាច្រើនទៀតដែលអ្នកត្រូវពិចារណាឲ្យបានល្អិតល្អន់ ថាតើអ្នកគួររកស៊ីជាមួយបុគ្គលនោះឬអត់? សូមសាកល្បងពិនិត្យមើល ៦ ចំណុចខាងក្រោមនេះ ប្រសិនបើអ្នកមិនបានដឹងថា តើត្រូវធ្វើដូចម្តេចទើបជ្រើសរើសដៃគូម្នាក់ស័ក្តិសមធ្វើជាដៃគូជំនួញជាមួយអ្នក?
១.បទពិសោធន៍
អ្នកគួរតែជ្រើសរើសអ្នកវិនិយោគដែលមានបទពិសោធន៍ក្នុងការបង្កើត ដំណើរការឬជួយដល់ការចាប់ផ្ដើមអាជីវកម្មពីមុនៗមក។ អ្នកទាំងនោះគួរតែមានរបាយការណ៍ជាក់លាក់មួយពីបទពិសោធន៍ដែលខ្លួនធ្លាប់ឆ្លងកាត់ការវិនិយោគលើអាជីវកម្មថ្មីថ្មោង ហើយទទួលបានលទ្ធផលជោគជ័យជាមួយនឹងការខិតខំប្រឹងប្រែងរបស់ពួកគេ។ ដូចនេះមានន័យថា ក្រៅពីទុនដែលពួកគេមាននៅក្នុងដៃ អ្នកត្រូវសម្លឹងមើលបទពិសោធន៍នេះផងដែរ ពីព្រោះថា នៅថ្ងៃអនាគតទៅ អ្នកទាំងនេះអាចជាទីប្រឹក្សាដ៏ល្អមិនអាចកាត់ថ្លៃបានសម្រាប់ជួយតម្រង់ផ្លូវអ្នកឲ្យជោគជ័យ។
២.ទំនុកចិត្ត
បទពិសោធន៍មានហើយ តែមិនគ្រប់គ្រាន់ទេ។ អ្នកត្រូវប្រាកដថា អ្នកកណ្តាប់ទុនជាមួយអ្នកគួរឲ្យទុកចិត្តឬអត់។ តើអ្នកទាំងនោះអាចរក្សាការសម្ងាត់ក្រុមហ៊ុនដោយមិនបង្កបង្ហាផ្សេងៗទៀតសម្រាប់ប្រើប្រាស់ព័ត៌មានទាំងនោះប្រឆាំងត្រឡប់មកអ្នកវិញដែរឬអត់? ក្នុងន័យនេះ លុយគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ។ អ្នកវិនិយោគដ៏ ល្អបំផុតរបស់អ្នក គួរតែជាបុគ្គលដែលវិនិយោគប្រាក់កាស ពេលវេលា បទពិសោធន៍ ចំណេះដឹង និងការប្ដេជ្ញាចិត្តដើរជាមួយក្រុមការងាររបស់អ្នក។
៣.ការទទួលយកហានិភ័យ
ភាពជោគជ័យនៃមុខជំនួញរបស់អ្នកមិនអាចធានាបានទេ ព្រោះថា វានៅមានហានិភ័យជាច្រើនដែលអាចនាំឲ្យបរាជ័យបើទោះជាអ្នកមានគំនិតដ៏អស្ចារ្យក៏ដោយ។ វាជាការសំខាន់ណាស់ក្នុងការស្វែងរក វិនិយោគិនដ៏ល្អមួយរូបដែលមានឆន្ទៈក្នុងការទទួលយកហានិភ័យជាមួយអ្នកដោយផ្អែកលើបញ្ហាជាក់ស្តែងជាជាងការពិចារណាលើមនោសញ្ចេតនា។
ពួកគេមិនគួរមានភាពជឿជាក់លើខ្លួនឯងពេកទេ ហើយពួកគេគួរតែជាមនុស្សដែលគិតខុសគ្នាពីមនុស្សទូទៅ ហើយមានឆន្ទៈពិតប្រាកដក្នុងការរៀនពីកំហុសឆ្គងនានាដើម្បីរក្សាក្រុមហ៊ុនរបស់អ្នកឲ្យដើរតាមគន្លងផ្លូវត្រឹមត្រូវ។
៤.ការគាំទ្រ
ដៃគូវិនិយោគដែលជាសហគ្រិនជោគជ័យម្នាក់អាចមានសារសំខាន់ខ្លាំងណាស់ដល់អាជីវកម្មរបស់អ្នក។ បុគ្គលទាំងនេះគួរជាសហគ្រិនដែលមានគុណសម្បត្តិជាច្រើនដែលអាចជួយណែនាំ និងគាំទ្រអ្នកដើម្បីអភិវឌ្ឍអាជីវកម្មឲ្យទទួលបានជោគជ័យ និងយកឈ្នះលើបញ្ហាប្រឈមដែលក្រុមហ៊ុនរបស់អ្នកអាចជួបប្រទះនៅក្នុងដំណាក់កាលដំបូងៗ។ អ្នកបណ្ដាក់ទុនល្អៗទាំងនោះ អាចដើរតួជាអ្នកណែនាំអ្នកឲ្យសម្រេចគោលដៅតាមរយៈការជួយជ្រោមជ្រែងបណ្តុះបណ្តាល បង្ហាត់បង្រៀន និងចំណាយពេលវេលាចាំជួយអ្នកនៅពេលដែលអ្នកត្រូវការ។
៥.ការរំពឹងទុក
នៅមុនពេលអ្នកជ្រើសរើសអ្នកបណ្ដាក់ទុនម្នាក់អ្នកត្រូវប្រាកដថា អ្នកទាំងនោះមានការរំពឹងទុកយ៉ាងពិតប្រាកដមួយអំពីពេលវេលាសមស្របដែលក្រុមហ៊ុនរបស់អ្នកនឹងរីកចម្រើន និងនៅពេលដែលអ្នកសម្រេចបានគោលដៅរបស់អ្នក។ អ្នកដាក់ទុនទាំងនោះគួរតែមានការរំពឹងទុកថា តើក្រុមហ៊ុនរបស់អ្នកនឹងរកប្រាក់ចំណេញបានយូរប៉ុនណា? សូមចាំថា ពេលខ្លះការរំពឹងទុកខ្ពស់ពេកពីសំណាក់ដៃគូជំនួញរបស់អ្នក អាចដាក់សម្ពាធលើអាជីវកម្មរបស់អ្នក និងធ្វើឲ្យអ្នកទទួលយកហានិភ័យមួយបិទផ្លូវដើរខ្លួនឯង ដែលវាប៉ះពាល់ដល់ការកសាង គុណតម្លៃអាជីវកម្មរបស់អ្នកនៅក្នុងរយៈពេលវែង។ អ្នកគួរតែជ្រើសរើសអ្នកវិនិយោគដែលបង្ហាញភាពបត់បែន និងមានការរំពឹងទុកប្រកបដោយសមហេតុផលជុំវិញរបាយការណ៍ ទំនាក់ទំនង និងការកំណត់គោលដៅ។
៦.ភាពអត់ធ្មត់
ក្រៅពីប៉ុន្មានចំណុចខាងលើ អ្នកគួរតែស្លឹងមើលអ្នកវិនិយោគណាដែលមានភាពអត់ធ្មត់ខ្ពស់ដើម្បីយល់ថា វាត្រូវការពេលវេលាដ៏សមស្របមួយដើម្បីធ្វើឲ្យមុខជំនួញរបស់អ្នកអាចស្វែងរកប្រាក់ចំណេញបាន។ អ្នកទាំងនោះគួរតែមានគំនិតប្រកបដោយគុណភាព គិតគូរបានវែងឆ្ងាយ និងមើលឃើញទិដ្ឋភាពធំនៃសក្ដានុពលក្រុមហ៊ុនរបស់អ្នកនៅពេលអនាគត។ អ្នកបណ្ដាក់ទុនទាំងនោះ គួរតែជាមនុស្សយល់កាលៈទេសៈ ស្ងប់ស្ងាត់ មិនភ័យស្លន់ស្លោ និងភ័យខ្លាចនៅពេលបញ្ហាប្រឈមចូលមកដល់។ ក្រៅពីនោះ អ្នកបណ្ដាក់ទុនទាំងនោះគួរតែជាមនុស្សដែលយល់ច្បាស់ពីបរិបទឡើងចុះនៃអាជីវកម្ម ការប្រកួតប្រជែង និងចេះទទួលយកការពិតដែលថា អាជីវកម្មថ្មីៗទាំងអស់ត្រូវតស៊ូជាច្រើនឆ្នាំដំបូងទើបទទួលបានលទ្ធផលល្អជាក្រោយ៕
ប្រភព៖ addicted2success.com