វិធីសាស្រ្ត ៧ យ៉ាងជួយអ្នកគ្រប់គ្រងក្នុងការបំពេញចិត្តបុគ្គលិករបស់ខ្លួន
អាកប្បកិរិយារបស់បុគ្គលិកជាធម្មតាឆ្លុះបញ្ចាំងពីសីលធម៌របស់ក្រុមហ៊ុន អ្នកគ្រប់គ្រងល្អដឹងច្បាស់ថា បុគ្គលិកដែលសប្បាយរីករាយក្នុងការបំពេញការងារគឺជាបុគ្គលិកដែលមានភាពស្មោះត្រង់ ជាបុគ្គលិកដែលប្រកបទៅដោយផលិតភាពការងារ។
បុគ្គលិកដែលសប្បាយរីករាយក្នុងការបំពេញការងារខ្លួន លុះត្រាដែលគេអាចទទួលបានអ្វីដែលពួកគេចង់បាន អ្វីដែលគេបានរំពឹងទុកពីការងារនោះ ខាងក្រោមនេះជាវិធីសាស្រ្តដែលអ្នកគ្រប់គ្រងល្អធ្វើដើម្បីបំពេញបុគ្គលិករបស់ខ្លួនក៏ដូចជាដើម្បីបង្កើនផលិតភាពការងារផងដែរ៖
១) ផ្តល់ឲ្យពួកគេនូវការត្រួតពិនិត្យច្រើនជាងមុន
ក្តីសុខ និងភាពសប្បាយរីករាយបានចូលរួមចំណែកក្នុងការគ្រប់គ្រងជីវិតរស់នៅរបស់មនុស្សម្នាក់ៗ។ ការងារក៏ដូចគ្នាដែរ នៅពេលដែលអ្នកមានលទ្ធភាពគ្រប់គ្រងការងាររបស់អ្នកបានកាន់តែច្រើនជាងមុន មានន័យថាអ្នកទទួលបាននូវសេចក្តីពេញចិត្តកាន់តែខ្លាំងក្នុងការបំពេញការងារ។ អ្នកគ្រប់គ្រងល្អម្នាក់តែងផ្តល់ឱកាសឲ្យបុគ្គលិកអាចគ្រប់គ្រងលើកាលវិភាគការងារប្រចាំថ្ងៃ គ្រប់គ្រងលើមុខងារដែលគេកំពុងបំពេញ ក៏ដូចជាទំលាប់នៃការបំពេញការងាររបស់គេ។ ធ្វើបែបនេះបុគ្គលិកអាចមានអារម្មណ៍ថាខ្លួនអាចធ្វើអ្វីដែលខ្លួនគិតថាងាយស្រួលដើម្បីឲ្យការងារមួយនេះឆាប់ទទួលបានលទ្ធផល ខ្លួនអាចគ្រប់គ្រងការងារមួយនោះបាន មានភាពទទួលខុសត្រូវ និងមិនសូវជាត្រូវស្ថិតនៅក្រោមការបង្គាប់បញ្ជាពីនរណាម្នាក់ ឬថ្នាក់លើរហូតពេកនោះទេ។ វាមិនមែនមានន័យថាការធ្វើបែបនេះនាំឲ្យមានភាពអនាធិបតេយ្យក្នុងបរិយាយកាសការងារនោះទេ តែធ្វើបែបនេះអ្នកគ្រប់គ្រងមិនមែនជាអ្នកចាំបញ្ជាគ្រប់សកម្មភាពការងារឡើយ គ្រាន់តែអាចអ្នកចាំណែនាំនិងកែលម្អផ្តល់ដំបូន្មានដល់អ្នកក្រោមបង្គាប់។
២) កាត់បន្ថយភាពតានតឹងដោយសារការធ្វើដំណើរ
យោងតាម U.S. Census Bureau ៨៦.៥% នៃអ្នកបំពេញការងារជួបប្រទះអារម្មណ៍តានតឹងដោយសារការធ្វើដំណើរ វាបណ្តាលមកពីការស្ទះចរាចរណ៍ កន្លែងការងារនៅឆ្ងាយពេក ម៉ោងការងារចាប់ផ្តើមពីព្រឹកពេកជាដើម។ កត្តាទាំងនេះជម្រុញឲ្យភាពតានតឹងក្នុងអារម្មណ៍កើនឡើង បាត់បង់អារម្មណ៍មួយចំនួនសម្រាប់ផ្តោតទៅលើការងារ។ ដូចនេះអ្នកគ្រប់គ្រងល្អម្នាក់គួរពិចារណាលើម៉ោងពេលវេលាការងារ មានការសម្រួលដល់បុគ្គលិកដែលអាចឲ្យគាត់បត់បែនម៉ោងបំពេញការងារ គ្រាន់តែធ្វើយ៉ាងណាឲ្យការងារគាត់ឆ្ល់យតបបានគ្រប់គ្រាន់នៃតម្រូវការ ក៏ដូចជាធ្វើការងារគ្រប់តាមម៉ោងតម្រូវប្រចាំថ្ងៃទៅបានហើយ។
៣) ឈប់ខ្ជះខ្ជាយពេលវេលា
ខ្ជះខ្ជាយពេលវាលានៅទីនេះមានន័យថា កុំបណ្តាយបុគ្គលិកអង្គុយលេងហើយជិតដល់កាលកំណត់គម្រោងណាមួយទើបបង្ខំឲ្យពួកគាត់ធ្វើ។ លើសពីនេះទៀតគឺទម្លាប់ឲ្យបុគ្គលិកមានប្រជុំជាមួយគ្នាញឹកញាប់ ដើម្បីជាការតាមដានលទ្ធផលការងាររវាងគ្នាទៅវិញទៅមក ការប្រជុំដោយមិនចាំបាច់វត្តមានរបស់ថ្នាក់លើ រៀបចំនូវរបៀបវារៈប្រជុំឲ្យបានល្អ។ រៀបចំការប្រជុំបែបនេះអាចចៀសវាងការចំណាយពេលឥតប្រយោជន៍ជជែកគ្នា និយាយពីនេះពីនោះមិនយកចិត្តទុកដាក់លើការងារ។
៤) លើកទឹកចិត្តបុគ្គលិកក្នុងការផ្សារភ្ជាប់ទំនាក់ទំនងក្នុងសង្គម
ទំនាក់ទំនងផ្នែកសង្គម បានរួមចំណែកមួយក្នុងសុភមង្គលនៃការរស់នៅរបស់មនុស្ស។ មនុស្សដែលបង្កើនទំនាក់ទំនងផ្នែកសង្គមបានច្រើន ជាមនុស្សដែលងាយទទួលបានជោគជ័យជាមនុស្សដែលចូលចិត្តនៅតែម្នាក់ឯង (Isolated)។ ទំនាក់ទំនងផ្នែកសង្គមមិនចាំបាច់ទាល់តែចេញទៅខាងក្រៅរហូតទេ តែទំនាក់ទំនងក្នុងមជ្ឍដ្ឋានការងារក៏បានរួមចំណែកដល់បុគ្គលិកម្នាក់ក្នុងការទទួលបានជោគជ័យដូចគ្នា។
៥) លើកទឹកចិត្តពួកគេពីការថែរក្សាសុខភាព
ដូចដែលបានដឹងហើយថា សុខភាពជាបញ្ហាសំខាន់សម្រាប់មនុស្សម្នាក់ៗ អ្វីលើលោកនេះអាចទិញបានលើកលែងតែសុខភាព ហើយបណ្តោយពេលវេលាធ្វើឲ្យសុខភាពខ្លួនឯងទ្រុឌទ្រោមអ្នកក៏មិនអាចទាញពេលវេលាដែលអ្នកមានសុខភាពល្អនោះមកវិញបានដែរ។ អ្វីដែលអ្នកគួរលើកទឹកចិត្តគាត់គឺ ការធ្វើលំហាត់ប្រាណជាប្រចាំ ក៏ដូចជាមានបណ្តុះបណ្តាលវគ្គខ្លីៗទាក់ទងនឹងបញ្ហាសុខភាពដល់បុគ្គលិកក្នុងក្រុមហ៊ុនដែរ។
៦) លើកទឹកចិត្តពួកគាត់ក្នុងការបង្កើតបរិយាកាសនៃការរីកចម្រើន
ការងារជាប្រភពចំណូលសម្រាប់ជីវិតជាអ្នកធ្វើការ ការងារក៏ជាអ្នកបង្ហាត់បង្ហាញ បង្រៀនត្រួសត្រាវផ្លូវដល់អ្នកដូចគ្នា។ តាមការស្ទង់មតិបុគ្គលិកដែលមានការលើកទឹកចិត្តទទួលបានផលិតភាពការងារខ្ពស់ និងទទួលបានចំណេះដឹងកើនឡើងច្រើនព្រោះពួកគាត់បានព្យាយាមស្វែងរកឱកាសក្នុងការអភិវឌ្ឍខ្លួនឯងឲ្យមានការរីកចម្រើនជានិច្ច។ ការស្វែងរកឱកាសនៃភាពរីកចម្រើនរបស់ពួកគេស្តែងចេញតាមរយៈ ការដែលចង់ចេះចង់ដឹងចំនុចថ្មីៗពាក់ព័ន្ធនឹងការងារ ស្នើឲ្យមានវគ្គបណ្តុះបណ្តាលខ្លីៗនានា ក៏ដូចជាសកម្មភាពពេញចិត្តក្នុងការចូលរួមសិក្ខាសាលាឬការចែករំលែកចំណេះដឹងនានាដែលក្រុមហ៊ុន ឬអ្នកគ្រប់គ្រងចាត់ឲ្យចូលរួម។
៧) កែប្រែទម្លាប់
ការកែប្រែទម្លាប់មានន័យថា កែទម្លាប់ដែលមិនល្អចោល និងជំនួសមកវិញនូវអ្វីដែលល្អ។ វាមិនជាខុសទាស់អ្វីទេដែលគ្រាន់តែយើងជាអ្នកគ្រប់គ្រងធ្វើការរាក់ទាក់បុគ្គលិកបន្តិច ញញឹមពេលជួបគ្នាហើយនិយាយពាក្យថា “អរុណសួស្តី” វាមិនខាតបង់អ្វីទេព្រោះគាត់ជាបុគ្គលិកយើងដដែលទេតើ។ បង្កើនភាពស្និតស្នាលជាមួយបុគ្គលិកដើម្បីឲ្យពួកគាត់មានអារម្មណ៍ថាមានភាពកក់ក្តៅនៅកន្លែងការងារ គាត់មិនបាច់រៀបចំខ្លួនឲ្យលំបាកគ្រប់ពេលព្រោះមានមេដែលតឹងតែង។ យូរៗម្តងអាចរៀបចំជាកម្មវិធីតូចមួយក្នុងការិយាល័យដូចជាការញ៉ាំអាហារ ឬនំចំណីជុំគ្នា ឬអាចជាការញ៉ាំអាហារថ្ងៃត្រង់ជុំគ្នាក៏ជារឿងមួយល្អ។
ពេលដែលអ្នកជាអ្នកគ្រប់គ្រងហើយអាចធ្វើរឿងទាំងអស់នេះបាន នោះអ្នកនឹងមិនខ្វះបុគ្គលិកដែលចង់ធ្វើការជាមួយឡើយ ខ្លួនអ្នកផ្ទាល់ក៏ក្លាយជាមនុស្សម្នាក់ដែលទទួលបានការគោរពពីបុគ្គលិកនិងមនុស្សជុំវិញខ្លួនអ្នកដូចគ្នាដែរ៕
ដោយ៖ យ៉ាយ៉ា