CPL ទទួលបានសិទ្ធផ្ដាច់មុខ លក់គម្រោងទីក្រុងរណបខ្នាតធំ ក្នុងខេត្តកំពង់ចាមលើផ្ទៃដី ៥០ហិកតា
ក្រុមហ៊ុន យៀកថៃ ស៊ីធីកំពង់ចាម ដែរមានប្រភពដើម មកពីប្រទេសចិន បានផ្ដល់សិទ្ធផ្ដាច់មុខ លើការលក់គម្រោងទីក្រុងរណបខ្នាតធំ ក្នុងខេត្តកំពង់ចាមលើផ្ទៃដី ៥០ហិកតា អោយទៅក្រុមហ៊ុនអចលនទ្រព្យCPL ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍខេត្តកំពង់ចាម។
លើកឡើងនៅក្នុងពិធីចុះកិច្ចព្រមព្រៀង ក្នុងលក់គម្រោងនៅក្នុងក្រុងរណបថ្មីស៊ីធីកំពង់ចាម កាលពីពេលថ្មីៗនេ ឧកញ៉ា ចេង ខេង អគ្គនាយក ក្រុមហ៊ុន អចលនទ្រព្យ CPL បានថ្លែងនៅ ក្នុងពិធីចុះកិច្ចព្រមព្រៀង
នេះថា ការសការគ្នារវាងក្រុមហ៊ុន យៀកថៃនិងក្រុមហ៊ុនអចលនទ្រព្យ CPLនាពេលនេះ គឺដើម្បីលក់គម្រោងនានា ដែលមាននៅក្នុងក្រុងរណបថ្មី ដែលនឹងបង្កើតឡើងដោយក្រុមហ៊ុនចិន យៀកថៃ ស៊ីធី កំពង់ចាម ដែលក្រុងរណបថ្មីនេះនឹងលេចរូបរាងនៅលើផ្ទៃដីប្រមាណជាង ៥០ហិកតា ។
ឧកញ៉ាបានបន្តថា ខេត្តកំពង់ចាមជាខេត្តមួយដែលមានសក្តានុពលមួយក្នុងចំណោមខេត្តដទៃទៀតក្នុងប្រទេសកម្ពុជា ព្រោះថាខេត្តនេះមាន ចំងាយមិនឆ្ងាយទេពីរាជធានីភ្នំពេញ ព្រមទាំងមានធនធានសម្បូរបែបដោយសារតែជាប់នឹងទន្លេមេគង្គដែលសក្តិសមនឹងការអភិវឌ្ឍបន្ថែម ទៀតលើ វិស័យអចលនទ្រព្យ។ ម្យ៉ាងវិញទៀត ឧកញ៉ាថា ក្រុមហ៊ុន យៀកថៃជាក្រុម ហ៊ុនអភិវឌ្ឍ មួយដែលមានភាពច្បាស់លាស់ដែលបង្កលក្ខណៈងាយស្រួលដល់ភ្នាក់ងារដូចជាក្រុមហ៊ុន CPLងាយស្រួល ក្នុងការលក់។
ឧកញ៉ាបានបន្ថែមថា គម្រោងទីក្រុងរណបស៊ីធីកំពង់ចាមនេះ នឹងមានហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដូច ជា សួនច្បារ សួនទឹកលំនៅឋានចំរុះ សាលារៀន តែមិនមានអគារខ្ពស់ៗដូចរាជធានីភ្នំពេញមានផ្សារដោយនឹងបង្ករលក្ខណៈងាយស្រួលក្នុងការរស់នៅ។ សម្រាប់លំនៅឋានតម្លៃចាប់ពី៥ម៉ឺនដុល្លារ ដល់ ៩ម៉ឺនដុល្លារ។ ចំពោះអតិថិជនគោលដៅរបស់ក្រុងរណបថ្មីនេះ គឺទាំងពលរដ្ឋរស់នៅក្នុងខេត្តកំពង់ចាមផ្ទាល់ ក៏ដូចជាពលរដ្ឋទូទៅ។
ចំណែកលោក ឌីឡា វណ្ណដា ជំនួយការអគ្គនាយកក្រុមហ៊ុន យៀកថៃ បានឲ្យដឹងថា នេះមិនមែនជាការសហការលើកទី១ទេ រវាងក្រុមហ៊ុនក្រុមហ៊ុន យៀកថៃ និងក្រុមហ៊ុនអចលនទ្រព្យCPL ដូចនេះលោកជឿជាក់ទៅលើក្រុមហ៊ុនអចលនទ្រព្យCPL ថានឹងអាចលក់គម្រោងដែលមាននៅក្នុងក្រុងរណបកំពង់ចាមថ្មីនេះ បានយ៉ាងល្អប្រសើរជាក់ជាមិនខាន។
បើតាមលោកលោក ឌីឡា វណ្ណដា ក្រុងរណបថ្មីនេះបានចាប់ផ្តើមរៀបចំជាបណ្តើរៗហើយ ដោយដំណាក់កាលដំបូងនឹងអនុវត្តនៅលើដី ១៣ហិកតាសិន ក្នុងទីរួមខេត្តកំពង់ចាមតែម្តង ហើយទីក្រុងរណបស៊ីធីកំពង់ចាមនេះ ជាគម្រោងទី៥ហើយ ដែលក្រុមហ៊ុន យៀកថៃ គ្រុប បានអភិវឌ្ឍ ដោយគម្រោងដែលសាងសង់រួចរាល់មាន២ និងគម្រោង Phnom Penh Harber នៅកំពង់ភ្នំពេញ និងគម្រោង The Garden នៅផ្លូវវេង ស្រេង ដែលកំពុងដំណើរការសាងសង់។
គួរបញ្ជាក់ថា ក្រុមហ៊ុនដ៏ធំមកពីខេត្តក្វាងចូវប្រទេសចិនមួយនេះ កាលពីឆ្នាំមុន ក៏បានសម្រេចចិត្តបោះទុនវិនិយោគជាង៣ពាន់លានដុល្លារអាមេរិក ដើម្បីវិនិយោគលើវិស័យសំណង់ និងទេសចរណ៍ ដែលស្ថិតនៅក្នុងតំបន់កំពង់ផែស្វយ័តភ្នំពេញផងដែរ៕
ដោយ៖ ស្រីពេជ្រ