អាស៊ានកំពុងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារសំរាម និងកាកសំណល់ប្លាស្ទិក
ពិភពលោកបច្ចុប្បន្នកំពុងប្រឈមនឹងការគំរាមកំហែងដោយសារកាកសំណង់រឹង និងពពួកប្លាស្ទិក ដែលបរិមាណនៃសម្រាមកាកសំនល់ទាំងនោះហាក់មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ចំពោះសហគមន៍អាស៊ានក៏ដូចគ្នាដែរ ការបំពុលដោយកាកសំនង់រឹងនិងប្លាស្ទិកកំពុងតែជាកង្វល់មួយត្រូវដោះស្រាយ។
បញ្ហាធំបំផុតនៃបរិស្ថានពិភពលោកបច្ចុប្បន្នគឺការបំពុលដោយកាកសំណល់ប្លាស្ទិក នៅពេលនេះវាឈានដល់កម្រិតមួយចាត់ទុកថាជាមហន្តរាយទៅហើយ ដោយគេប៉ាន់ប្រមាណថាសំណល់ប្លាស្ទិកប្រមាណ ១០០ លានតោនត្រូវបានគេយកចេញពីមហាសមុទ្រនេះបើយោងតាមគេហទំព័ររបស់ Basel Convention (សន្ធិសញ្ញាអន្តរជាតិមួយដែលធ្វើការគ្រប់គ្រងលើកាកសំណល់រឹងប្លាស្ទិក មានទីតាំងនៅទីក្រុង Basel Switzerland)។
បញ្ហាសំណល់រឹងប្លាស្ទិកនេះបានកើតឡើងស្ទើរទូទាំងប្រទេសក្នុងតំបន់អាស៊ាន តែប្រទេសដែលមានបញ្ហាខ្លាំងជាងគេមានដូចជា ម៉ាឡេស៊ី វៀតណាម ថៃ ហ្វីលីពីនជាដើម។ គេសង្កេតឃើញទៀតថា ការកើនឡើងបរិមាណសំណល់រឹងនេះខ្លាំងបន្ទាប់ពីចិនប្រកាសហាមឃាត់ការនាំចូលកាកសំណល់ទៅក្នុងប្រទេសខ្លួនកាលពីឆ្នាំ ២០១៨។ ដោយឡែកតាមការបញ្ជាក់ពី Census Bureau data (អ្នកទទួលខុសត្រូវចំពោះការបង្កើតទិន្នន័យអំពីប្រជាជន និងសេដ្ឋកិច្ចអាមេរិក) បានឲ្យដឹងថាជិតពាក់កណ្តាលនៃកាកសំណល់ប្លាស្ទិចដែលបាននាំចេញពីសហរដ្ឋអាមេរិកសម្រាប់ការកែច្នៃឡើងវិញក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០១៨ ត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសថៃ ម៉ាឡេស៊ី និងវៀតណាម។
ប្រភពរូបពី៖ asia.nikkei.com
ទោះជាសំរាម កាកសំណល់មួយចំនួនបានកែច្នៃដើម្បីប្រើប្រាស់ឡើងវិញក្តី ក៏មួយភាគធំជាសំណល់កខ្វក់ដែលពិបាក និងមិនអាចកែច្នៃឡើងវិញបាន ហើយវាត្រូវាបានគេបោះចោលទៅក្នុងសមុទ្រ និងប្រភពទឹកនានាក៏ដូចជាការដុតបំផ្លាញចោលសំណល់ប្លាស្ទិចទាំងនោះ។ ខាងក្រោមនេះជារូបភាពមួយដែលត្រីបាឡែនមួយក្បាលនៅប្រទេសថៃបានស្លាប់ដោយសារតែសំណល់ប្លាស្ទិកកាលពីឆ្នាំ ២០១៨៖
ប្រភពរូបពី៖ Pakistan Post
ត្រីបាឡែនមួយក្បាលនេះបានស្លាប់បន្ទាប់ពីលេបសំណល់ប្លាស្ទិចប្រមាណ ៨០ ដែលគិតជាទម្ងន់ប្រមាណ ៨គីឡូក្រាម ចូលក្នុងពោះរបស់វា។ មន្ត្រីផ្នែកសមុទ្របានប្រាប់ថាពួកគេទទួលបរាជ័យក្នុងការជួយសង្គ្រោះត្រីបាឡែនមួយក្បាលនេះ បន្ទាប់ពីវាបានឡើងមកគឿងនៅមាត់ឆ្នេរ។ គួរបញ្ជាក់ថា ថៃជាប្រទេសមួយដែលមានការប្រើប្រាស់ និងចោលសំណល់ជាថង់ប្លាស្ទិចច្រើនជាងគេលើពិភពលោកពិសេសវាក៏បានសម្លាប់ជីវិតសត្វសមុទ្រអស់មិនតិចដែរ។
ការបំពុលសមុទ្រ និងប្រភពទឹកមិនមែនជាបញ្ហាថ្មីទេសម្រាប់ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ ប៉ុន្តែវាជាអ្វីដែលគួរតែយកចិត្តទុកដាក់បំផុតព្រោះប្រជាជនចេះតែមានការកើនឡើងជាបន្តបន្ទាប់ នគររូបនីយកម្មទីក្រុង និងការផ្លាស់ប្តូរបរិស្ថានមានការប្រែប្រួលឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ។
ប្រភពរូបពី៖ ASEAN Post
ប្រទេសអាស៊ានដែលទទួលរងការបំពុលទឹកទន្លេខ្លាំងជាងគេ
ប្រទេសហ្វីលីពីន៖ ការបំពុលប្រភពទឹកក្នុងទីក្រុងម៉ានីលប្រទេសហ្វីលីពីនមានកម្រិតខ្ពស់ ដែលវាកំពុងស្ថិតក្នុងភាពព្រួយបារម្ភមួយ។ យោងតាមប្រភពស្ថិតិជាផ្លូវការមួយបានបញ្ជាក់ថាប្រជាជនក្នុងតំបន់ជាអ្នកបំពុលបរិស្ថានច្រើនជាងគេ និងបំពុលដោយផ្ទាល់ ព្រោះប្រជាជនតាមផ្ទះនៅក្នុងទីក្រុងមានតែ ២០% ទៅ ៣០% ប៉ុណ្ណោះដែលបានតភ្ជាប់ប្រព័ន្ធលូ ៧០% ដែលនៅសល់ប្រើប្រាស់ធុងសំរាមដាក់តាមមុខផ្ទះ តែការគ្រប់គ្រងសំរាមនេះមិនបានល្អ បណ្តោយឲ្យមានភាពរប៉ាត់រប៉ាយនៅឡើយ។
ប្រភពរូបពី៖ ASEAN Post
ប្រទេសឥណ្ឌូនេស៊ី៖ ទន្លេ Citarum ដែលហូរកាត់តាមភាគខាងលិចប្រទេសឥណ្ឌូនេស៊ី ជាអ្នកផ្គត់ផ្គង់ទឹកយ៉ាងសំខាន់ដល់វិស័យ កសិកម្ម ឧស្សាហកម្ម វារីអគ្គិសនី ទឹកប្រើប្រាស់ប្រចាំថ្ងៃ និងការនេសាទនោះ កំពុងទទួលរងផលប៉ះពាល់ដោយកាកសំណល់ប្លាស្ទិច។ បច្ចុប្បន្នគេសង្កេតឃើញថាប្រជាជនក្នុតំបន់ និងឧស្សាហកម្មបានបំផ្លាញប្រភពទឹកចំនែកសារធាតុបារតត្រូវបានគេរកឃើញថាលើសពីច្បាប់អនុញ្ញាតជាង ១០០ ដងទៅហើយ នេះជាបញ្ហាធំបំផុតសម្រាប់ជីវិតអ្នកប្រើប្រាស់។
ប្រទេសម៉ាឡេស៊ី៖ ដោយសារវានៅជាប់ប្រទេសឥណ្ឌូនេស៊ី ដូចនេះប្រភពទឹកមួយចំនួនក៏ត្រូវទទួលរងឥទ្ធិពលលាយឡំគ្នាដែរ។ តែបញ្ហាមួយដែលដូចគ្នានោះគឺប្រជាជនក្នុងតំបន់ជាអ្នកប្រើប្រាស់ និងចោលកាកសំណល់ប្លាស្ទិចទាំងនោះ។
ប្រទេសដែលប្រើទន្លេមេគង្គរួម៖ មីយ៉ាន់ម៉ា ថៃ វៀតណាម និងកម្ពុជាជាប្រទេសដែលប្រើប្រាស់ទន្លេមេគង្គរួមគ្នាសុទ្ធតែជាអ្នកទទួលរងផលពីការបំពុលទឹក ដោយសារការចោលកាកសំណល់ទៅក្នុងទឹកប្រើប្រាស់ ការបន្ទោរបង់នៅ តាមប្រភពទឹកនៅតែមានទោះបីតិចតួចក្តី និងការបង្ហូរសំណល់រោងចក្រឧស្សាហកម្មទៅក្នុងប្រភពទឹក៕