បុគ្គលិក​ ៧ ប្រភេទ​នេះ គ្មាន​ថ្ងៃ​ជោគជ័យ​នៅ​កន្លែង​ការងារ​ឡើយ​



គ្មាន​បុគ្គលិក​ណា​ម្នាក់​ដែល​មាន​សមត្ថភាព និង​អត្តចរិត​ល្អ​ឥតខ្ចោះ​នោះ​ឡើយ។ ​ភាព​ចន្លោះ​ខ្វះខាត​របស់​ពួកគេ​ម្នាក់ៗ​ត្រូវ​ជំនួស​ដោយ​ការ​ខិតខំ ប្រឹងប្រែង​ធ្វើ​ការ ទទួល​យក​ការ​​រិះគន់​​​កែលម្អ ព្យាយាម​សិក្សា​រៀនសូត្រ និង​ការ​ប្ដេជ្ញាចិត្ត​​​មួយ​ដែល​ធ្វើ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ជាង​មុន។ សម្រាប់​អ្នក​វិញ តើ​​ចំណុច​ខ្វះខាត​របស់​អ្នក​គឺ​ជា​អ្វី? 

ខាងក្រោម​នេះ​ អ្នក​នឹង​បាន​ដឹង​ពី​អត្តចរិត​មួយ​ចំនួន​ដែល​ជា​​បញ្ហា​ដ៏​ធំ​ប៉ះពាល់​ដល់​អាជីព​ការងារ​របស់​អ្នក​នៅ​ពេល​អនាគត៖ ​

១. បុគ្គលិក​ចូលចិត្ត​និយាយ​ដើម​គេ
បុគ្គលិក​ចូលចិត្ត​និយាយ​ដើម​គេ ជា​ទូទៅ​ចូលចិត្ត​តាមដាន​ព័ត៌មាន ឬ​រឿងរ៉ាវ​មិន​ល្អ​​ផ្សេងៗ​របស់​អ្នក​រួម​ការងារ​ និង​ក្រុមហ៊ុន ហើយ​បន្ទាប់​មក​យក​រឿងរ៉ាវ​ទាំង​នោះ​ទៅ​​ប្រាប់​អ្នក​ផ្សេង​បន្ត​​ទៀត​។ បុគ្គលិក​ប្រភេទ នេះ​បាន​ចំណាយ​ពេល​ជា​ច្រើន​​លើ​រឿង​ឥតប្រយោជន៍​ទាំង​នេះ ជាជាង​យក​ពេលវេលា​យកចិត្ត​ទុកដាក់​លើ​ការងារ​របស់​ខ្លួន​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​បាត់បង់​ទំនុកចិត្ត​ពី​អ្នក​រួម​ការងារ​ និង​គ្មាន​ឱកាស​អភិវឌ្ឍ​ខ្លួន​ទៅ​កាន់​តំណែង​ល្អ​ ​ព្រម​ទាំង​ដើរ​​ទៅ​មុខ​មិន​ឆ្ងាយ​នោះ​ឡើយ។

២. បុគ្គលិក​ដែល​​ចាំ​តែ​យល់​ស្រប​គំនិត​អ្នកដទៃ​
}បុគ្គលិក​ប្រភេទ​នេះ ជា​មនុស្ស​ដែល​​តែងតែ​និយាយ​ថា “យេស” គ្រប់ពេល។ សូម្បី​តែ​កិច្ចការ​ថ្មីៗ​ដែល​ត្រូវ​ធ្វើ គំនិត​​ផ្ដួចផ្ដើម​ដែល​មិន​ត្រឹមត្រូវ​ ក៏​ខ្លួន​មិន​ឆ្លើយ​បដិសេធន៍​ដែរ។ នៅ ពេល​ដែល​ខ្លួន​​ចូលចិត្ត​អ្នកណា​ហើយ ខ្លួន​នឹង​គាំទ្រ​ យល់​ស្រប​គ្រប់ពេល គ្មាន​ជំហរ​ផ្សេង​​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​ឡើយ។ បុគ្គលិក​ប្រភេទ​នេះ​បាត់បង់​ភាព​ជឿជាក់​លើ​ខ្លួន​ឯង ឆាប់​ជឿ​គេ គ្មាន​គំនិត​ច្នៃប្រឌិត ពោល​គឺ​អ្វីៗ​​គឺ​ចាំ​តែ​យល់​ស្រប​តាម​អ្នកដទៃ។ ​​

៣. បុគ្គលិក​ដែល​ចូលចិត្ត​ប្រឆាំង​គំនិត​អ្នក​រួម​ការងារ
ខុស​ពី​បុគ្គលិក​ដែល​ចាំ​តែ​យល់​ស្រប​គំនិត​របស់​អ្នក​រួម​ការងារ បុគ្គលិក​ដែល​ចូលចិត្ត​ប្រឆាំង​គំនិត​អ្នក​រួម​ការងារ​វិញ ពិបាក​អភិវឌ្ឍ​សមត្ថភាព​របស់​​ខ្លួន​ឲ្យ​ជឿនលឿន​ទៅ មុខ​ណាស់។ មិន​ចំពោះ​ថា អ្នក​រួម​ការងារ​មាន​គំនិត​ល្អ​​យ៉ាងណា​ក៏ដោយ ​ខ្លួន​គិតតែ​ប្រឆាំង​នេះ​ប្រឆាំង​នោះ មិន​យល់​ស្រប​​ និង​មិន​ឲ្យ​តម្លៃ​លើ​គំនិត ឬ​ការ​ខិតខំ​របស់​​អ្នក​រួម​ការងារ​នោះ​ឡើយ។ បុគ្គលិក​ប្រភេទ​នេះ មិន​ទុកចិត្ត​ក្រុម​ការងារ ហើយ​ចូលចិត្ត​ធ្វើ​ការងារ​មួយ​ដែល​ចង់​ត្រួតត្រា​គេ​គ្រប់​ច្រកល្ហក​តែម្តង។

៤. បុគ្គលិក​ដែល​ដើរតួ​ជា​អ្នក​រងគ្រោះ
បុគ្គលិក​ប្រភេទ​នេះ​យល់​​ឃើញ​ថា បើ​ទោះ​ជា​បញ្ហា​កើត​ឡើង​មក​លើ​ខ្លួន​នោះ​តូច​ក្តី ឬ​ធំ​ក្តី ជា​ទំនួលខុសត្រូវ​របស់​ខ្លួន​ក្តី​ក៏​នៅ​តែ​​យល់​ឃើញ​ថា វា​មិនមែន​ជា​កំហុស​របស់​ខ្លួន។ បុគ្គលិក​ប្រភេទ​នេះ​មាន​ការ​លំបាក​នៅ​ក្នុង​ការ​បំពេញ​ការងារ​ឲ្យ​ទាន់​ពេល​​វេលា និង​មាន​អត្តចរិត​មួយ​គឺ​ទម្លាក់​កំហុស​ទៅ​លើ​មិត្ត​រួម​ការងារ​តែម្តង។ មិន​តែ​ប៉ុណ្ណោះ ​ខ្លួន​យល់​ទៀត​ថា ការងារ​ទាំង​នោះ​គឺ​ជា​បន្ទុក​របស់​អ្នក​ផ្សេង​ទៀត។ ខ្លួន​មិន​គួរ​ត្រូវ​បាន​ស្តី​បន្ទោស ហើយ​​អ្នក​ផ្សេង​មិន​​គួរ​យក​ខ្លួន​ទៅ​ប្រឡូកប្រឡាក់​ទៅ​នឹង​​លទ្ធផល​មិន​ល្អ​នៃ​ការងារ​ណាមួយ​នោះ​ឡើយ។

៥. បុគ្គលិក​ដែល​តាំង​ខ្លួន​ជា​​មនុស្ស​ឆ្លាត​បំផុត​ក្នុង​ក្រុមហ៊ុន
វា​ជា​រឿង​ធម្មតា​ទេ​សម្រាប់​បុគ្គលិក​ប្រភេទ​នេះ ព្រោះ​ខ្លួន​បាន​តាំង​ខ្លួន​ឯង​ថា ជា​បុគ្គលិក​ដឹង​​គ្រប់​យ៉ាង​ ពូកែ​គ្រប់​​រឿង​ និង​​មាន​សមត្ថភាព​ខ្លាំង​ពូកែ​គ្មាន​អ្នកណា​ដូច​នៅ​ក្នុង​ក្រុមហ៊ុន​នោះ។ អ្នក​អាច​អង្កេត​បាន​ថា បុគ្គលិក​ប្រភេទ​នេះ​​​នឹង​ដាក់​បន្ទុក​លើ​​ក្រុម​ការងារ​ទាំងមូល​ថា មិន​បាន​ធ្វើ​តាម​គម្រោង​ផែនការ​របស់​ខ្លួន​ ប្រសិន​បើ​គម្រោង​ការងារ​មិន​ជោគជ័យ​។ ប៉ុន្តែ​ប្រសិន​បើ​ការងារ​នោះ​ជោគជ័យ​វិញ​នោះ មានន័យ​ថា ដោយសារតែ​ការ​ខិតខំ​ប្រឹងប្រែង និង​ភាព​វៃឆ្លាត​របស់​ខ្លួន។ បុគ្គលិក​ប្រភេទ​នេះ មាន​អំនួត​ខ្លាំង ពូកែ​យកចិត្ត​ចៅហ្វាយ​នាយ ចេញមុខ​ពេល​សមិទ្ធផល​ការងារ​ល្អ ប៉ុន្តែ​លាក់​មុខ​ពេល​ការងារ​​បរាជ័យ។

៦.​ បុគ្គលិក​​ដែល​​ឆាប់​ឆេវឆាវ
ហេតុ​អ្វី​បាន​ជា​បុគ្គលិក​ប្រភេទ​នឹង​មិន​ជោគជ័យ? ពីព្រោះ​តែ​អារម្មណ៍​​ឆាប់​ខឹង ឆាប់​ឆេវឆាវ​របស់​ខ្លួន​ហ្នឹងឯង។ បុគ្គលិក​ប្រភេទ​នេះ​ពេល​ខ្លះ​ចាស់​តែ​អាយុ​ទេ ប៉ុន្តែ​មិន​ចេះ​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង​ឲ្យ​បាន​ល្អ ហើយ​ថែម​ទាំង​​គ្មាន​​ភាព​អត់ធ្មត់​​ទៀត​ផង​។ មិន​ថា​នៅ​ក្នុង​ចំណោម​មនុស្សម្នា​ ឬ​នៅ​ម្នាក់​ឯង បុគ្គលិក​ប្រភេទ​នេះ​បង្ហាញ អារម្មណ៍​​ខឹងសំបារ​  ជា​ពិសេស​នៅ​ពេល​ដែល​ការងារ​មិន​ទទួល​បាន​លទ្ធផល​ដូច​ការ​គ្រោងទុក​របស់​ខ្លួន។ នេះ​ជះ​​ឥទ្ធិពល​ខ្លាំងក្លា​ដល់​​ប្រសិទ្ធភាព​នៃ​ការ​ទំនាក់ទំនង​​ជា​មួយ​បុគ្គលិក​ផ្សេងៗ​នៅ​​ក្នុង​ក្រុមហ៊ុន​ដែល​ជា​ឧបសគ្គ​មួយ​ប៉ះពាល់​ដល់​ភាព​ជា​អ្នកដឹកនាំ​នៅ​ពេល​អនាគត។

៧. បុគ្គលិក​អាត្មានិយម
បុគ្គលិក​ប្រភេទ​នេះ​មាន​មហិច្ឆតា​ធំ។ ប៉ុន្តែ​អ្វី​ដែល​ជា​ចំណុច​ខ្សោយ​នោះ​គឺ​ថា ខ្លួន​ជា​មនុស្ស​អាត្មានិយម។ ​ធ្វើ​អ្វីៗ​ដើម្បី តែ​ខ្លួន​ឯង បើ​មើល​ឃើញ​ប្រយោជន៍​មក​ដល់ នឹង​ឈោង​ចាប់​វា​ភ្លាម​ដើម្បី​ឡើង​ដល់​កន្លែង​កំពូល ទោះបី​​ជា​ត្រូវ​ប្រើ​មធ្យោបាយ​អ្វី​ក៏ដោយ។ បុគ្គលិក​ប្រភេទ​នេះ​មិន​ខ្វល់​ថា ការងារ​ទាំង​នោះ​ជា​ការ​ខិតខំ​ប្រឹងប្រែង​របស់​អ្នក​រួម​ការងារ​​ក្តី ខ្លួន​នឹង​ចេញ​យក​មុខ​មុន​គេ​ដើម្បី​បង្ហាញ​​ចំណាប់អារម្មណ៍​ឲ្យ​ថ្នាក់​ដឹកនាំ​មក​ចាប់​អារម្មណ៍​មក​លើ​ខ្លួន។ បន្ទោស​បង្អាប់​អ្នក​ផ្សេង លើក​ឡើង​ពី​គុណវិបត្តិ​របស់​អ្នក​រួម​ការងារ លើក​តម្កើង​សមត្ថភាព​ខ្លួន​ឯង ​ក្នុង​គោល​បំណង​តែ​មួយ​គត់ គឺ​ឆាប់​បាន​ឡើង​តំណែង និង​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ៕

ប្រភព៖ Businessinsider ​

 

X
5s