វិនិយោគិនតៃវ៉ាន់៖ បឹងកេងកងនឹងក្លាយជាតំបន់ដែលមានសក្ដានុពលខ្លាំង ដូចតំបន់ជីងអាននិងតាអាននៅតៃវ៉ាន់
ភ្នំពេញ៖ វិនិយោគិនតៃវ៉ាន់ ម្ចាស់គម្រោង The View ឲ្យដឹងថា តំបន់បឹងកេងកង នឹងក្លាយជាតំបន់ដ៏មានសក្តានុពលខ្លាំង ដូចទៅនឹងតំបន់ដែលមានសក្ដានុពលនៅជីងអានរបស់ចិន និងតំបន់តាអាននៃកោះតៃវ៉ាន់ ក្នុងពេលអនាគតដ៏ខ្លី ខាងមុន។
លោក George Hsieh ប្រធានក្រុមហ៊ុន HoHsin Gevelopment Co.,Ltd និងជាម្ចាស់គម្រោង The View បានលើកឡើងថា ស្របពេលដែលទីផ្សារខុនដូ អាផាតមិន និងឧស្សាហកម្មអចលនទ្រព្យកំពុងមានកំណើនយ៉ាងលឿនបំផុតនៅកម្ពុជា ក្រុមអ្នកវិនិយោគិន ជាច្រើនកំពុងស្វែងរកទីផ្សាររបស់ខ្លួន ហើយឧស្សាហកម្មនេះត្រូវបានគេរំពឹងថា នឹងរីកលូតលាស់យ៉ាងឆាប់រហ័ស ស្របពេលដែលកម្ពុជាបច្ចុប្បន្នកំពុងស្ថិតក្នុងក្របខ័ណ្ឌសហគមន៍សេដ្ឋកិច្ចអាស៊ាន ជាមួយនឹងកំណើនសេដ្ឋកិច្ច កើនឡើងជាប់ៗគ្នា៧%ក្នុងឆ្នាំៗ។
លោកបន្តថា តម្លៃអចលនទ្រព្យក្នុងតំបន់បឹងកេងកង នឹងបន្តឡើងថ្លៃខ្លាំងដូចតម្លៃទីផ្សារអចលនទ្រព្យរបស់ប្រទេសចិននាពេលឆាប់ៗខាងមុខនេះ ព្រោះថា ទីតាំងនេះ ប្រៀបដូចជាមជ្ឍមណ្ឌលពាណិជ្ជកម្មមួយ ដែលបណ្ដុំទៅដោយសា្ថប័នរដ្ឋ និងឯកជនធំៗ សាលារៀន ផ្សារទំនើប ហាងអាហារប្រែនៗ ហើយអ្នកដែលរស់នៅជុំវិញទីតាំងនេះ គឺជាអ្នកធូរធាច្រើន ឬអាចហៅថា ជាតំបន់ដែលមានតម្លៃអចលនទ្រព្យថ្លៃជាគេ ក្នុងរាជធានីភ្នំពេញ។
លោក ឈុន ហេង លាង នាយកគ្រប់គ្រងគម្រោង The View បានបញ្ជាក់ថា បើមើលពីតម្លៃអចលនទ្រព្យក្នុងរាជធានីភ្នំពេញ បឹងកេងកង គឺជាតំបន់មួយ មានតម្លៃខ្ពស់ជាងគេ ដូច្នេះ ការជ្រើសរើសវិនិយោគក្នុងទីតាំងនេះ នឹងកាន់តែធ្វើឲ្យទីតាំងនេះ មានសក្តានុពល និងមានជម្រើសច្រើនបន្ថែមសម្រាប់ការវិនិយោគ និងស្នាក់នៅលើខុនដូជាដើម។
គួរបញ្ជាក់ថា The View គឺជាប្រភេទអាគារខុនដូ កម្ពស់៣២ជាន់ ស្ថិតក្នុងសង្កាត់បឹងកេងកង១ អគារខុនដូនេះ បែងចែកចេញជាបីប្រភេទ មានដូចជា ប្រភេទបន្ទប់ស្ទីយ៉ូ បន្ទប់លក្ខណៈគ្រួសារដែលមានគ្រែ១និង២ ។ ហើយបច្ចុប្បន្នគម្រោងអគារនេះ ទទួលបានជោគជ័យក្នុងការបញ្ជាទិញពីអតិថិជនជាទាំងក្នុង និងក្រៅស្រុក ដោយក្នុងនោះអតិថិជនជាជនជាតិខ្មែរមានប្រមាណ៣០% ហើយគម្រោងទី២របស់The View2 គ្រោងនឹងបើកការដ្ឋានក្នុងខណ្ឌទួលគោកឆាប់ៗនេះ ៕
ដោយ៖ ស្រីពេជ្រ