គម្រោងអគារខុនដូខ្ពស់ៗកំពុងបណ្ដែតខ្លួនជាបន្ទបន្ទាប់ក្នុងតំបន់ទួលគោក​



ភ្នំពេញ ៖ ទួលគោក កំពុងទទួលបាននូវការវិនិយោគ លើគម្រោងខ្នាតធំ និងអគារខ្ពស់ៗជាបន្តបន្ទាប់ក្រោយទីតាំងនេះកំពុងត្រូវបានវិនិយោគិនក្នុងនិងក្រៅស្រុក ចាប់អារម្មណ៍វិនិយោគសម្រាប់គោលដៅបន្ទាប់ពីតំបន់បឹងកេងកង។

លោក George Hsieh ម្ចាស់គម្រោងខុនដូThe View ក្នុងតំបន់បឹងកេងកង បានឲ្យដឹងថា បន្ទាប់ពីទទួលបានជោគជ័យលើការអភិវឌ្ឍគម្រោងខុនដូ នៅបឹងកេងកងរួចមក បច្ចុប្បន្នក្រុមហ៊ុន បាននឹងកំពុងងាកមកសាងសងគម្រោងអគារខុនដូទី២ក្នុងតំបន់ទួលគោក ក្រោយមើលឃើញពីសក្ដានុពលក្នុងទីតាំងនេះ។

លោក George Hsieh ប្រធានក្រុមហ៊ុន HoHsin Gevelopment Co.,Ltd និងជាម្ចាស់គម្រោង The View 2 កម្ពស់៣០ជាន់បានឱ្យដឹងដែរថា តំបន់ទួលគោក នឹងក្លាយជាតំបន់ដ៏មានសក្តានុពលខ្លាំង ដូចទៅនឹងតំបន់បឹងកេងកងដែរក្នុងពេលអនាគតដ៏ខ្លី ខណៈដែលទីផ្សារខុនដូ អាផាតមិន និងឧស្សាហកម្មអចលនទ្រព្យកំពុងមានកំណើនយ៉ាងលឿនបំផុតនៅទីតាំងមួយនេះ។ 

លើសពីនេះ លោកបន្តថា ការបោះទុនរាប់លានដុល្លារវិនិយោគលើកម្រោងខុនដូ The View2 ក្នុងតំបន់ទួលគោកនេះ គឺដោយសារតែក្រុមហ៊ុនបានសិក្សាឃើញថា តំបន់នេះ នឹងក្លាយជាទីតាំងសក្ដានុពលថ្មីមួយទៀតក្នុងរាជធានីភ្នំពេញ ខណៈគម្រោងវិនិយោគធំៗមួយចំនួន បាននឹងកំពុងពង្រីកខ្លួនមកក្នុងតំបន់នេះ។

កាលពីដើមខែឧសភានេះ ក្រុមហ៊ុនខ្នាតធំក្នុងស្រុក Royal Group ក៏បានបង្ហាញពីគម្រោងអភិវឌ្ឍន៍ចម្រុះ ដ៏សំខាន់នៅក្នុងតំបន់ទួលគោក ជាមួយនឹងដៃគូសហការអភិវឌ្ឍអចលនទ្រព្យ Hong Lai Huat  ដែលមានទីតាំងនៅប្រទេសសិង្ហបុរី។ គម្រោងខ្នាតធំរបស់ក្រុមហ៊ុន Royal Group នេះ មានឈ្មោះថា  រ៉ូយ៉ាល់ផ្លាទីនីម (Royal Platinum) ជាមួយនឹងទំហំនៃការអភិវឌ្ឍន៍ចំនួន ១០០,០០០ ម៉ែតការ៉េ គម្រោងអភិវឌ្ឍន៍នេះ មានប្រភេទផ្ទះ អាផាតមិន ចំនួន 851ខ្នង និងផ្ទះដែលអាចធ្វើពាណិជ្ជកម្មបាន ចំនួន 50ខ្នង។

លោក Mark Hanna នាយកផ្នែកហិរញ្ញវត្ថុ របស់ក្រុមហ៊ុន Royal Group បាននិយាយថា ការអភិវឌ្ឍនេះមានសារៈសំខាន់ ប្រកបដោយភាពរីកចម្រើនក្នុងតំបន់ទួលគោក ដែលជាតំបន់ដ៏សម្បូរបែបមួយ នៅចំណុចកណ្តាលទីក្រុង។ លោក Hanna បានបន្ថែមថា៖«ពួកយើងជឿជាក់ថា ការអភិវឌ្ឍនេះនឹងផ្តល់នូវភាពទំនើប ទាក់ទាញ ក្នុងការររស់នៅដល់ក្រុមគ្រួសារ និងបរិយាកាសធ្វើការងារ សម្រាប់អាជីវកម្មធុនតូច និងមធ្យម ដ៏មានសក្តានុពល ជាមួយនឹងការិយាល័យការងារដ៏ទំនើប»។

គួរបញ្ជាក់ថា ក្រៅពីគម្រោងខាងលើ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន ជីប ម៉ុង គ្រុប ក៏បានបើកការដ្ឋានសាងសង់អគារពាណិជ្ជកម្មចម្រុះលំដាប់អន្តរជាតិ កំពស់៤៥ជាន់ នៅក្នុងតំបន់ទួលគោក ជាប់ទៅនឹងស្ពានអាកាសតិចណូផងដែរ៕

ដោយ៖ ស្រីពេជ្រ

X
5s