ហេតុផល​ចំនួន ៤ ដែល​បញ្ជាក់​ថា ហេតុ​អ្វី​អ្នក​គួរឆាប់ក្រោក​ពីដំណេក​នៅ​​ព្រឹកព្រលឹម?​



សម្រាប់​មនុស្ស​ភាគច្រើន ប្រហែល​មិន​ចូលចិត្ត​​ឆាប់​ក្រោក​ពី​ដំណេក​នៅ​ព្រឹក​ព្រលឹម​នោះ​ទេ លើកលែង​តែ​មាន​ភារកិច្ច ឬ​ការងារ​ចាំបាច់​ណា​មួយ​​ទើប​សម្រេចចិត្ត​បង្ខំ​ខ្លួន​ឯង​ឲ្យ​ឆាប់​ក្រោក​ពី​ដំណេក។ នេះ​វា​បាន​ក្លាយ​ជា​ទម្លាប់​ទូទៅ​មួយ​ រហូត​ដល់​​ពិបាក​កែប្រែ​បំផុត។ ​ក៏ប៉ុន្តែ​តើ​អ្នក​មាន​បាន​ដឹង​ទេ​ថា ការ​ឆាប់​ក្រោក​ពី​ដំណេក​ពី​ព្រឹកព្រលឹម ផ្តល់​គុណសម្បត្តិ​​អ្វី​ខ្លះ? សូម​អាន​អត្ថបទ​មួយ​នេះ ហើយ​​ចាប់​ផ្តើម​កែ​ទម្លាប់​របស់​អ្នក​ពី​ពេល​នេះ​តទៅ។  ​

១. មាន​ពេល​គ្រប់គ្រាន់​សម្រាប់​សុខភាព​រាងកាយ
ជា​ដំណើរ​ធម្មជាតិ នៅ​ពេល​អ្នក​ក្រោក​ពី​ទទួលទាន​ដំណេក អ្នក​មិន​គួរ​យក​ខួរក្បាល​របស់​អ្នក​ទៅ​ផ្តោត​លើ​ការងារ​​​​នេះ​ការងារ​នោះ​​ភ្លាមៗ​នោះ​ទេ ។ ជា​ទូទៅ​វា​ត្រូវ​ការ​ពេល​យ៉ាង​ហោច​ណាស់​ក៏ ២ ម៉ោង​ដែរ​ដើម្បី​ធ្វើ​ឲ្យ​ប្រព័ន្ធ​រាងកាយ​របស់​អ្នក​ធ្វើ​ចលនា​ជា​ប្រក្រតីវិញ ក្រោយ​ពេល​ទទួលទាន​អស់​រយៈពេល​ច្រើន​ម៉ោង។ នេះ​ជា​គុណសម្បត្តិ​មួយ ពិសេស ហើយ​អ្នក​អាច​​មាន​ពេល​ទៅ​ហាត់ប្រាណ​​ ឬមើល​ផែនការ​ការងារ​ដែល​ត្រូវ​ធ្វើ​ប្រចាំ​ថ្ងៃមុន​នឹង​ចាប់​ផ្តើម​ការងារ​របស់​អ្នក​។ ​ផ្ទុយ​មក​វិញ ​ប្រសិន​បើ​អ្នក​ក្រោក​ពី​ទទួលទាន​ដំណេក​​នៅ​ម៉ោង​ ៧ ឬ ៨ ព្រឹក  ​រួច​ចេញ​ទៅ​ធ្វើ​ការ​នៅ​ម៉ោង ៨ ឬ ៩ ព្រឹក  អ្នក​ប្រហែល​ជា​មិន​​បាន​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ធ្វើ​ការងារ​​របស់​​អ្នក​ឲ្យ​បាន​ល្អ​បំផុត​នោះ​ទេ​។

២. អ្នក​អាច​កាត់​បន្ថយ​ជំងឺ​ផ្លូវចិត្ត​បាន​ច្រើន
ចំណុច​នេះ​បើ​សិន​ជា​អ្នក​ស្ត្រី​វិញ អាច​កាត់​បន្ថយ​បាន​ជំងឺ​ផ្លូវចិត្ត​បាន​ច្រើន​ដូច​ជា ជំងឺ​ធ្លាក់​ទឹកចិត្ត និង​បញ្ហា​ថប់ អារម្មណ៍​ផ្សេងៗ​ជា​ច្រើន​ទៀត។ ជាង​នេះ​ទៅ​ទៀត ការ​ឆាប់​ក្រោក​ពី​ទទួលទាន​ដំណេក​នៅ​ព្រឹកព្រលឹម នឹង​ធ្វើ​ឲ្យអ្នក​ឆាប់​គេងលក់​ស្កប់ស្កល់​ឡើង​វិញ​​នៅ​ពេល​យប់​ដែល​នាំ​ឲ្យ​សុខភាព​របស់​អ្នក​​ល្អ​ប្រសើរ។ នៅ​ពេល​​សុខភាព​របស់​​ល្អ​ប្រសើរវា​នឹង​ជំរុញ​ឲ្យ​សុខភាព​​ផ្លូវចិត្តនិង​អារម្មណ៍​របស់​អ្នក​​ល្អ​ប្រសើរ​ទៅ​តាម​នោះ​ដែរ។ 

៣. ជួយ​ឲ្យ​ការ​គិត​របស់​អ្នក​រក្សា​បាន​នូវ​ភាព​​សុទិដ្ឋិនិយម
យោង​តាម​ការ​សិក្សា​​ស្រាវជ្រាវ​​មួយ​ធ្វើ​ឡើង​នៅ​ក្នុង​ឆ្នាំ ២០១៤ បាន​បង្ហាញ​ថា  អ្នក​ដែល​ឆាប់​ងើប​ពី​ទទួលទាន​ដំណេក​មិន​សូវ​មាន​គំនិត​អវិជ្ជមាន​ជាង​អ្នក​ដែល​​ចូលចិត្ត​គេង​យឺត និង​គេង​យូរ​នោះ​ឡើយ​។ មនុស្ស​ដែល​​ចូលចិត្ត​គេង​នៅ​យប់​ជ្រៅ ជា​រឿយៗ មាន​បញ្ហា​ស្ត្រេស​ច្រើន ហើយ​បើ​​​មិន​បាន​បង្កើត​ទម្លាប់​គេង​ឲ្យ​បាន​ត្រឹមត្រូវ​ ពោល​គឺ​ឆាប់​គេង និង​ឆាប់​ក្រោក​ពី​ដំណេក​ទៀត​នោះ មិន​យូរ​មិន​ឆាប់ ​សមត្ថភាព​ក្នុង​ការ​គិត​របស់​បុគ្គល​នោះ​នឹង​ចុះ​ខ្សោយ និង​តប់ប្រមល់​ជា​មិន​ខាន។ លទ្ធផល​នេះ​នឹង​ធ្វើ​ឲ្យ​​អ្នក​មាន​អារម្មណ៍​​អវិជ្ជមាន​ចំពោះ​ខ្លួន​​ឯង។

៤. ឆាប់​ក្រោក​ពី​ដំណេក​ ឱកាស​ជោគជ័យ​មាន​ច្រើន​ជាង​អ្នក​គេង​យូរ
ផ្អែក​លើ​ការ​សិក្សា​ស្រាវជ្រាវ​ពី​ជីវៈ​វិទូ លោក Christoph Randler លើ​និស្សិត​សាកលវិទ្យាល័យ ៣៦៧ នាក់​បាន​រក​ឃើញ​ថា វា​ជា​រឿង​ពិត​ដែល​អ្នក​ឆាប់​ក្រោក​ពី​ដំណេក​នៅ​ព្រឹកព្រលឹម​ទទួល​បាន​ជោគជ័យ​ជាង​​អ្នក​ចូលចិត្ត​គេង​យូរ។ នៅ​ក្នុង​ទិដ្ឋភាព​ជំនួញ ​និស្សិត​ដែល​គេង​​ឆាប់​ក្រោក​ពី​ព្រលឹម​ទទួល​បាន​លទ្ធផល​ល្អ​នៅ​ក្នុង​សាលា ហើយ​លទ្ធផល​ល្អ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ពួកគេ​មាន​ឱកាស​ល្អ​ទទួល​បាន​ការងារ​ច្រើន​ជាង​និស្សិត​ផ្សេង​ទៀត​។ ជីវៈ​វិទូ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា អ្នក​ដែល​គេង​ឆាប់​ក្រោក​ក៏​ជា​ប្រភេទ​មនុស្ស​ដែល​គិត​ទុក​ជា​មុន​ចំពោះ​បញ្ហា និង​ពូកែ​ដោះស្រាយ​បញ្ហា ព្រម​ទាំង​ជា​មនុស្ស​ដែល​បំពេញ​ការងារ​បាន​ល្អ​​ និង​មាន​ប្រាក់ខែ​​ច្រើន​ទៀត​ផង៕

ប្រភព៖ Businessinsider 

​​​​

 

 

 

X
5s