សុភាសិតចំនួន ៥ដែលមានប្រយោជន៍សម្រាប់អ្នកនៅក្នុងការរស់នៅ
សុភាសិតគឺជាឃ្លាដែលចងក្រងឡើងមកដោយមានគោលដៅចង់អប់រំមនុស្ស ដោយផ្អែកទៅតាមបទពិសោធន៍និងគតិបណ្ឌិតរបស់អ្នកមុនៗ។ តើភាសាអង់គ្លេសមានសុភាសិតអ្វីខ្លះ ? តើសុភាសិតទាំងនោះមាននៅក្នុងភាសាខ្មែរយើងដែរទេ ? ខាងក្រោមនេះគឺជាសុភាសិតចំនួន៥ដែលមានប្រយោជន៍សម្រាប់អ្នកនៅក្នុងការរស់នៅ៖
១) As you sow so shall you reap. = អ្នកទទួលបានអ្វីដែលអ្នកបានដាំដុះ (សាបព្រោះនូវគ្រាប់ពូជអ្វី អ្នកទទួលបានផលនោះ)
ខ្មែរយើងក៏មានសុភាសិតដែលមានអត្ថន័យដូចគ្នានេះដែរ ដូចដែលគេចំណាំលើកឡើងថា «ដាំអីបានហ្នឹង» វាគឺជាសុភាសិតដែលចង់ដាស់តឿនមនុស្សយើងឲ្យចេះត្រួតពិនិត្យមើលរាល់ទង្វើដែលខ្លួនបានធ្វើ និងយកមកត្រិះរិះពិចារណាថាតើអ្វីដែលខ្លួនធ្វើនោះត្រឹមត្រូវឬយ៉ាងណា។ បើអ្នកធ្វើល្អ នោះល្អនឹងតាមសង តែបើអ្នកធ្វើអាក្រក់ នោះអាក្រក់ក៏តាមសងអ្នកវិញដូចគ្នាដែរ។ អ្វីៗគ្រាន់តែស្ថិតលើពេលវេលាប៉ុណ្ណោះ។
២) A watched pot never boils. = គឺជាពេលមួយដែលអ្នកមានអារម្មណ៍ថាពេលវេលាដើរយឺត ខណៈពេលដែលអ្នករង់ចាំឲ្យអ្វីមួយកើតឡើង
និយាយពីអត្ថន័យចំរបស់សុភាសិតនេះគឺ អ្នកដែលរង់ចាំឃ្លាំមើលកំសៀវទឹកដែលត្រូវបានគេដាក់ដាំមានអារម្មណ៍ថាយូរប្រៀបបាននឹងកំសៀវទឹកនោះមិនចេះពុះសោះអ៊ីចឹង។ សុភាសិតនេះមានបំណងចង់ដាស់តឿនមនុស្សឲ្យចេះមានភាពអត់ធ្មត់ ព្រោះមានពេលខ្លះរឿងខ្លះត្រូវការពេលវេលា មិនមែនចេះតែកើតឡើងភ្លាមៗតាមតែចិត្តអ្នកចង់បាននោះឡើយ។
៣) Don't count your chickens before they hatch. = មិនត្រូវរំពឹងទុកនូវលទ្ធផលវិជ្ជមានទាំងដែលអ្នកមិនទាន់បានឃើញអ្វីៗជាក់ស្ដែងនៅឡើយនោះទេ
វាជារឿងល្អដែលអ្នកមានគំនិតវិជ្ជមានឬសុទិដ្ឋិនិយមចំពោះស្ថានភាពអ្វីមួយ។ ទោះជាយ៉ាងណា ភាពសុទិដ្ឋិនិយមរបស់អ្នកក៏ត្រូវតែមានកំណត់ និងត្រូវចេះយកការគិតគូរហ្មត់ចត់ប្រមើលឃើញពីហេតុការណ៍អវិជ្ជមានផ្សេងៗដែលអាចកើតឡើងយកមកថ្លឹងថ្លែងឲ្យមានតុល្យភាពគ្នាដែរ។
៤) Don't put all of your eggs in one basket = មិនត្រូវយកក្ដីសង្ឃឹមឬធនធានទាំងប៉ុន្មានដែលអ្នកមានដាក់នៅក្នុងក្ដីសុបិនតែមួយឬគោលដៅតែមួយនោះឡើយ
សុភាសិតនេះច្រើននិយាយចំពោះការធ្វើអាជីវកម្ម ប៉ុន្តែអត្ថន័យអប់រំរបស់វាក៏ពង្រីកទៅដល់ស្ថានភាពផ្សេងៗដែរ។ និយាយចំពោះការធ្វើអាជីវកម្ម បើអាច អ្នកគួរតែវិនិយោគធនធានរបស់អ្នកទៅលើមុខរបរផ្សេងៗដើម្បីបង្កើនប្រាក់ចំណូល ហើយការធ្វើបែបនេះក៏អាចជួយដល់មុខរបរណាមួយដែលជួបស្ថានភាពមិនល្អ នោះយើងអាចប្រើប្រាស់ចំណូលពីមុខរបរមួយទៀតមកស្រោចស្រង់អាជីវកម្មដែលកំពុងជួបហានិភ័យនេះបាន។ ទោះជាយ៉ាងណា សុភាសិតនេះក៏មិនមែនសុទ្ធតែអាចប្រើត្រូវគ្រប់ស្ថានការណ៍នោះដែរ ព្រោះមានពេលខ្លះអ្នកគួរផ្ដោតទៅលើមុខរបរមួយមុខប្រសើរជាងចាប់ច្រើនមុខក្នុងពេលតែមួយ។
៥) Easy come, Easy go. = អ្វីដែលបានមកដោយស្រួលពេលបាត់ទៅវិញក៏ស្រួលដូចគ្នាដែរ
មនុស្សភាគច្រើនចង់បានរបស់ស្រាប់ៗ របស់ដែលងាយស្រួលនឹងទទួលបាន។ ប៉ុន្តែអ្នកមិនត្រូវភ្លេចទេថា របស់ដែលបានមកស្រួល នៅពេលបាត់បង់ទៅវិញក៏ស្រួលដូចដែលពេលវាមកដែរ។ ហេតុផលមួយគឺដោយសារតែអ្នកមិនបានប្រើប្រាស់ការខិតខំប្រឹងប្រែងរបស់អ្នក កម្លាំងញើសឈាមរបស់អ្នក ដើម្បីទទួលបានវា តែអ្នកទទួលបានវាមកតាមវិធីផ្សេងៗ។ មនុស្សដែលទទួលបានរបស់អ្វីមួយនៅក្នុងជីវិតពួកគេដោយកម្លាំងញើសឈាមខ្លួនពិតប្រាកដ ពួកគេសុទ្ធតែបានឆ្លងកាត់បទពិសោធន៍ដ៏មានតម្លៃជាច្រើន ដែលអ្នកមិនធ្លាប់មាន។ ដូច្នេះពួកគេដឹងថាធ្វើយ៉ាងណាដើម្បីអាចរក្សាអ្វីដែលពួកគេមានឲ្យនៅបានយូរអង្វែង។ ពួកគេបានមកដោយលំបាក ដូច្នេះនៅពេលបាត់បង់ទៅវិញក៏លំបាកដែរ៕
ដោយ៖ ស្រីពៅ