ក្រុមហ៊ុន Royal Group បើកសម្ពោធគម្រោងអភិវឌ្ឍន៍ថ្មីក្នុងតំបន់ទួលគោក
ព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ ក្រុមហ៊ុន Royal Group មានមោទនភាពក្នុងការបង្ហាញគម្រោងអភិវឌ្ឍន៍ចម្រុះ ដ៏សំខាន់នៅក្នុងតំបន់ទួលគោក ជាមួយនឹងដៃគូសហការ អភិវឌ្ឍន៍អចលនទ្រព្យ Hong Lai Huat ដែលមានទីតាំងនៅប្រទេសសិង្ហបុរី។
ជាមួយនឹងទំហំដីអភិវឌ្ឍន៍ចំនួន ១០ម៉ឺនម៉ែតការេ គម្រោងអភិវឌ្ឍន៍នេះនឹងបង្កើតឱកាសដល់ប្រជាជនទាំងការសាងសង់លំនៅដ្ឋាន និងឱកាសធ្វើពាណិជ្ជកម្ម ពង្រឹងសេដ្ឋកិច្ចគ្រួសារ បង្កើតការងារ និងទាក់ទាញអ្នកវិនិយោគឲ្យបានកាន់តែច្រើនថែមទៀតនៅចំណុចកណ្តាលនៃទីក្រុងដ៏រីកចម្រើនមួយនេះ។
ប្រភេទផ្ទះអាផាតមិនចំនួន 851ខ្នង និងផ្ទះដែលអាចធ្វើពាណិជ្ជកម្មបានចំនួន 50ខ្នង នឹងត្រូវបានសាងសង់លើដីអភិវឌ្ឍន៍ដែលនឹងមានឈ្មោះថា រ៉ូយ៉ាល់ផ្លាទីនីម (Royal Platinum)។
ហាងលក់ទំនិញដែលស្ថិតលើផ្លូវក្នុងបុរី នឹងមានភាពទាក់ទាញដល់អាជីវករ និងជាកន្លែងដែលផ្តល់សេវា បទពិសោធន៍ធ្វើពាណិជ្ជកម្មលើយីហោអន្តរជាតិល្បីៗ ក៏ដូចជាបំពាក់នូវទំនិញថ្មីចម្រុះជាច្រើនប្រភេទរួមមានភោជនីយដ្ឋាន សំលៀកបំពាក់ ជាដើម។ល។
សំណង់អគារលំនៅដ្ឋាន និងស្តង់លក់ទំនិញនេះ នឹងត្រូវបានចាប់ផ្តើមដាក់លក់នៅខែ មិថុនា ឆ្នាំនេះ ជាមួយនឹងការសាងសង់ដែលរំពឹងថានឹងត្រូវបានបញ្ចប់ក្នុងរយៈពេល២ឆ្នាំកន្លះ។
អ្នកឧកញ្ញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន Royal Group និង លោក Dato Dr Johnny Ong នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Hong Lai Huat Group គ្រុប បានចូលរួមក្នុងកម្មពិធីសម្ពោធបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃនេះ។
លោក Mark Hanna នាយកផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Royal Group បាននិយាយថា ការអភិវឌ្ឍនេះមានសារៈសំខាន់ប្រកបដោយភាពរីកចម្រើនក្នុងតំបន់ទួលគោក ដែលជាតំបន់ដ៏សម្បូរបែបមួយនៅចំណុចកណ្តាលទីក្រុង។
លោក Hanna បានបន្ថែមថា៖ «ពួកយើងជឿជាក់ថា ការអភិវឌ្ឍនេះនឹងផ្តល់នូវភាពទំនើប ទាក់ទាញក្នុងការររស់នៅដល់ក្រុមគ្រួសារ និងបរិយាកាសធ្វើការងារ សម្រាប់អាជីវកម្មធុនតូច និងមធ្យម ដ៏មានសក្តានុពលជាមួយនឹងការិយាល័យការងារដ៍ទំនើប»។
ការអភិវឌ្ឍនេះ ក៏នឹងផ្តល់នូវជម្រើសក្នុងការទិញទំនិញដ៏ច្រើន និងកន្លែងកម្សាន្តសម្រាប់មនុស្សគ្រប់វ័យ រួមបញ្ចូលទាំងហាងទំនិញក្នុងបុរី ភោជនីយដ្ឋាន ក្លឹបហាត់ប្រាណ ជាដើម។
ការអភិវឌ្ឍនេះ គឺជាគម្រោងចុងក្រោយមួយរបស់ក្រុមហ៊ុន Royal Group រួមបញ្ចូលទាំងសហគមន៍ Northbridge Communities អាគារខុនដូNorth Park Condominium និងសាលាអន្តរជាតិ Southbridge International School ៕