ក្រុមហ៊ុន Royal Group ចុះអនុស្សារណៈមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លើកំណែទម្រង់ ICT
នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ ក្រុមហ៊ុន Royal Group នៃប្រទេសកម្ពុជា បានចុះអនុស្សារណៈយោគយល់ជាមួយនឹងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(MPTC) ដើម្បីលើកកម្ពស់ និងគាំទ្រដល់ការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធឌីជីថល និងបច្ចេកវិទ្យា 5G ក្នុងប្រទេសកម្ពុជា។
កម្មវិធីនេះ ត្រូវបានប្រាព្ធឡើងជាផ្លូវការនៅទីស្នាក់ការកណ្តាលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងទីក្រុងភ្នំពេញ ក្រោមអធិបតីភាព អ្នកឧកញ្ញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន Royal Group ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍ រួមដំណើរដោយ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា។
កិច្ចព្រមព្រៀងលើអនុស្សារណៈយោគយល់ នឹងបង្កើនការសហការរវាងគ្នា ក៏ដូចជាការបង្កើតផែនការសម្រាប់ការដាក់ឲ្យប្រើប្រាស់លើបច្ចេកវិទ្យាជំនាន់ក្រោយទំហំធំ ដូចជាកម្មវិធីអេឡិចត្រូនិចសម្រាប់រដ្ឋាភិបាល បច្ចេកវិទ្យា (AI) បច្ចេកវិទ្យា IoT ក៏ដូចជាមជ្ឈមណ្ឌល ការបង្កើតថ្មីលើប្រព័ន្ធទូរគមនាគម (ICT Innovation) និងមជ្ឈមណ្ឌលផ្ទុកទិន្នន័យ។
អនុស្សារណៈយោគយល់មួយនេះ ក៏នឹងជួយពង្រឹងសុវត្ថិភាពផ្សេងៗទាក់ទងនឹងបច្ចេកវិទ្យាដែលអាចនឹងកើតមានឡើងនាពេលអនាគត ដូចជាការទាញយកឯកសារដែលបាត់បង់ អត្តសញ្ញាណ និងគេហទំព័រលើប្រព័ន្ធឌីជីថល និងសុវត្ថិភាពអ៊ីម៉ែលរបស់រដ្ឋាភិបាល។
អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា៖ «យើងនឹងបង្កើតគណៈកម្មាធិកាមួយសម្រាប់រៀបចំដឹកនាំធ្វើកិច្ចការងារលើប្រព័ន្ធឌីជីថលនេះ ដែលមានសមាសភាពមកពីក្រុមហ៊ុន Royal Group និងក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ដើដើម្បីជំរុញរបៀបវារៈឌីជីថលតាមរយៈការធ្វើសិក្ខាសាលាជាផ្លូវការជាបន្តបន្ទាប់»។
លោកបន្តថា៖ «យោងតាមទិសដៅលើប្រព័ន្ធ ICT ក្រុមហ៊ុន Royal Group នឹងធ្វើការជាមួយក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ដើម្បីដំណើរការលើបច្ចេកវិទ្យា5G នៅក្នុងប្រទេសកម្ពុជា »។
លោកបន្ថែម៖ «ពួកយើងមានគម្រោងជាច្រើនដែលកំពុងដំណើរការ ហើយយើងជឿជាក់ថាយើងនឹងអាចក្លាយទៅជាអ្នកតំណាងដ៏ខ្លាំងក្លាមួយសម្រាប់ប្រទេសកម្ពុជា ជាក់ស្តែងដូចជា «ខ្សែក្រវ៉ាត់ និងផ្លូវ» និង វេទិកា «ផ្លូវសូត្រឌីជីថល »។
លោកបន្ថែមថា៖ «យើងបានដាក់ដំណើរការបច្ចេកវិទ្យា 5G របស់យើងជាលើកដំបូងនៅក្នុងខែកញ្ញា ឆ្នាំ 2018 និងកំពុងចាប់ផ្តើមដាក់សម្ពោធសេវាកម្មបច្ចេកវិទ្យា 5G សម្រាប់សាធារណជនទូទៅនៅចុងឆ្នាំនេះ»
លោកបន្ថែមទៀតថា៖ «យើងនឹងធានាថា ប្រទេសកម្ពុជានឹងក្លាយជាឧទាហរណ៍ដ៏រឹងមាំមួយនៅក្នុងតំបន់លើការវិវត្តបច្ចេកវិទ្យា ដែលស្របតាមការរីកចម្រើនយ៉ាងឆាប់រហ័ស និងកំណើននៃវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច»៕