មេរៀនជីវិត ៧ យ៉ាងដែលអ្នកត្រូវចង់ចាំពេលឈានដល់វ័យ ៣៥ ឆ្នាំ
ពេលខ្លះអ្នកប្រហែលជាធ្លាប់ខ្សឹបក្នុងចិត្តថា ប្រសិនបើជីវិតកាន់តែស្មុគស្មាញបែបនេះ គួរតែនៅក្មេងរហូតប្រសើរជាង។ ត្រឹមត្រូវហើយ អ្នកមានអាយុកាន់តែ ច្រើន ជីវិតអ្នកកាន់តែស្មុគស្មាញដោយសារតែអ្នកមានទំនួលខុសត្រូវកាន់តែធំ ជាពិសេសគឺថា តើត្រូវធ្វើដូចម្តេចដើម្បីឲ្យជីវិតជោគជ័យ?
មានមេរៀនជីវិតជាច្រើនដែលអ្នកនឹងជួបប្រទះ បើទោះបីជាអ្នកមិនចង់ជួប ក៏អ្នកគ្មានជម្រើសដែរប្រសិនបើអ្នកចង់ឲ្យខ្លួនឯងជោគជ័យក្នុងជីវិត។ ខាងក្រោមនេះនឹងបង្ហាញអ្នកថា មានមេរៀនជីវិតមួយចំនួនដែលអ្នកត្រូវស្វែងយល់៖
១. រៀនស្នើសុំដំបូន្មាន
ជួនកាលអ្នកបានទុកឲ្យភាពភ័យខ្លាច ឬបញ្ហារបស់អ្នកនៅឈឺរ៉ាំរ៉ៃក្នុងខ្លួនមិនស្នើសុំមតិយោបល់ពីមនុស្សជុំវិញខ្លួន។ ប៉ុន្តែដំណោះស្រាយដ៏ល្អគឺអ្នកត្រូវបណ្តេញវាចេញពីក្នុងខ្លួន ឬនិយាយវាចេញមក ពីព្រោះថា ពេលខ្លះអ្នកដែលផ្តល់ដំបូន្មានឲ្យអ្នកក៏ជួបបញ្ហាដូចគ្នាដែរ។ ហេតុដូច្នេះ ការស្វែងរកជំនួយសុំយោបល់ វាមិនមែនជារឿងគួរឲ្យខ្មាសអៀននោះឡើយ។ អ្នកគួរជ្រើសរើសអ្នកណាម្នាក់ដែលអ្នកស្និទ្ធស្នាលបំផុត និងគួរឲ្យទុកចិត្ត ដើម្បីសុំជំនួយដំបូន្មានពីអ្នកទាំងនោះ។
២. ចំណាយពេលដើម្បីធ្វើរឿងផ្គាប់ចិត្តបេះដូងខ្លួនឯង
នៅវ័យនេះ អ្នកអាចធ្វើរឿងជាច្រើនដើម្បីផ្គាប់ចិត្តគ្រួសារ មនុស្សដែលអ្នកស្រលាញ់ បងប្អូន មនុស្សផ្សេងៗទៀតដែលសំខាន់សម្រាប់អ្នក។ យ៉ាងណាមិញ អ្នកត្រូវដឹងថា អ្នកក៏ត្រូវការពេលវេលាមួយដើម្បីធ្វើរឿងមួយចំនួនដែលអ្នកចង់ធ្វើនិងស្រលាញ់បំផុត ដើម្បីផ្គាប់ចិត្តខ្លួនឯងផងដែរ។ ដូច្នេះ អ្នកអាចចំណាយពេលថ្ងៃណាមួយក្នុងមួយសប្តាហ៍ដើម្បីធ្វើរឿងនោះ។ ដើរលេងម្នាក់ឯង សមាធិ លេងតន្ត្រី រាំកម្សាន្ត ជុំមិត្តភក្ដិ ជាដើម ទាំងនេះ អ្នកគួរតែធ្វើទៅដើម្បីឲ្យខ្លួនឯងសប្បាយចិត្ត។
៣. ប្រើថាមពលរបស់អ្នកឲ្យចំទិសដៅ
នៅក្នុងវ័យ ៣០ ជាង ទំនួលខុសត្រូវរបស់អ្នកគឺកាន់តែធំ ទាំងការរកលុយ ធ្វើការ បង្កើតគ្រួសារ ជាពិសេសគឺនាំភាពជោគជ័យសម្រាប់ខ្លួនឯង។ អ្វីៗទាំងនេះ គឺទាមទារឲ្យ អ្នកប្រើប្រាស់ថាមពលច្រើនណាស់ ព្រមទាំងត្រូវមានការប្ដេជ្ញាចិត្ត អត់ធ្មត់ និងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព។ ដោយសារតែបែបនេះហើយ អ្នកត្រូវប្រាកដថា រាល់ថាមពលដែលអ្នកបានចំណាយលើ គឺចាំបាច់ត្រូវតែជាកិច្ចការដែលមានប្រយោជន៍បំផុត ជៀសវាងប្រើថាមពលដោយគ្មានលទ្ធផលអ្វីត្រឡប់មកវិញ។
៤. រៀនគ្មានថ្ងៃឈប់
បើទោះបីជាអ្នកខ្លះឈានដល់វ័យនេះ បានសល់លុយ មានឡាន មានផ្ទះ មានការងារល្អ ឬមុខជំនួញជោគជ័យក៏ដោយ អ្នកមិនគួរយកសមិទ្ធផលទាំងនេះមកដាក់កំហិត បញ្ចប់ការរៀនសូត្ររបស់អ្នក។ សូមចាំថា ពិភពលោកមានការប្រែប្រួលរហូត ដូច្នេះអ្នកក៏ត្រូវរៀនអ្វីៗដែលថ្មី ហើយក៏មិនចាំបាច់ទាល់តែអង្គុយក្នុងថ្នាក់ ទើបចាត់ទុកថា ជាការរៀនសូត្រនោះឡើយ។ អ្នកត្រូវបើកចិត្តឲ្យទូលាយ រៀនពីសង្គមខាងក្រៅ វគ្គសិក្សាខ្លី សិក្ខាសាលា រៀនចែករំលែកផ្លាស់ប្ដូរយោបល់ ។ល។ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់មាគ៌ាជីវិតរបស់អ្នកតទៅមុខទៀត។
៥. ដើរចេញពីតំបន់សុវត្ថិភាពរបស់អ្នក
នៅពេលដែលអ្នកកំពុងផ្ដេកផ្ដួលលើព្រេងវាសនា ហើយមានអារម្មណ៍ធុញថប់ទៅនឹងទម្លាប់មិនល្អរបស់អ្នក វាគ្មានជម្រើសអ្វីល្អជាងការដើរចេញពីវានោះឡើយ។ មនុស្សភាគច្រើនយល់ថា វាមិនល្អ ប៉ុន្តែនៅតែបណ្តោយខ្លួនត្រាំត្រែង ជាមួយនឹងវាអស់មួយជីវិត។ មធ្យោបាយដ៏ល្អបំផុតនៅពេលនេះ គឺអ្នកត្រូវហ៊ានសម្រេចចិត្តផ្លាស់ប្ដូរខ្លួនឯងដើម្បីធ្វើអ្វីៗដែលថ្មី។ មុនដំបូង វាអាចលំបាកសម្រាប់អ្នកដើម្បីផ្លាស់ប្ដូរខ្លួនឯង ក៏ប៉ុន្តែយូរៗទៅវាជារឿងមួយគួរឲ្យពេញចិត្ត។ មានតែការផ្លាស់ប្ដូរប៉ុណ្ណោះដែលអាចធ្វើឲ្យអ្នកមានការអភិវឌ្ឍ។
៦. បរាជ័យមិនមែនមានន័យថា ជីវិតបរាជ័យ
តើអ្នកអាចប្រាប់បានទេថា តាំងពីដឹងក្តីមកអ្នកបានជួបរឿងបរាជ័យប៉ុន្មានដងមកហើយ? អ្នកអាចបរាជ័យក្នុងការងារ ស្នេហា ការសិក្សា គ្រួសារ ជាដើមដែលបញ្ហាទាំងនេះបានធ្វើឲ្យអ្នកខកបំណង អស់សង្ឃឹម ហើយពេលខ្លះចង់បញ្ឈប់វាទាំងពាក់កណ្តាលទី។ យ៉ាងណាមិញ សូមចាំថា វ័យជាង ៣០ នេះ បើទោះបីជាអ្នកមានអ្វីៗគ្រប់យ៉ាងក៏ មិនមែនមានន័យថា ពេញមួយជីវិតរបស់អ្នកជោគជ័យដែរ។ ទន្ទឹមនឹងនេះបើអ្នកបរាជ័យ ក៏មិនមែនមានន័យថា ជីវិតរបស់អ្នកបរាជ័យដែរ។ ពេលជួបបរាជ័យ អ្នកត្រូវទទួលស្គាល់ ហើយចេះកែប្រែវាទៅជាបទពិសោធន៍ រៀនសូត្រ ពីវា ហើយចាប់ផ្តើមវាឲ្យបានល្អប្រសើរជាងមុន។
៧. មិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នា
វាជារឿងមួយគួរឲ្យអស់សំណើច ប្រសិនបើអ្នកបណ្តែតបណ្តោយឲ្យខ្លួនឯងធ្វើរឿងជាច្រើនដើម្បីផ្គាប់ចិត្តមនុស្សគ្រប់គ្នា។ សូមចាំថា គ្មានអ្នកណាម្នាក់កើតមកល្អឥតខ្ចោះនោះឡើយ ហើយក៏គ្មានអ្នកណាម្នាក់មិនធ្លាប់ធ្វើខុសនោះដែរ។ មនុស្សម្នាក់ៗតែងជួបការឲ្យតម្លៃ ក្តីស្រលាញ់ និងភាពស្អប់ខ្ពើមមិនពេញចិត្តពីមនុស្សជុំវិញខ្លួន។ នេះគឺជារឿងធម្មតារបស់មនុស្ស។ ហេតុដូច្នេះ នៅក្នុងវ័យនេះ អ្នកត្រូវទទួលស្គាល់ថា ការធ្វើរឿងជាច្រើនដើម្បីផ្គាប់ចិត្តខ្លួនឯង និងមនុស្សដែលស្រលាញ់អ្នក ហើយមិនប៉ះពាល់ដល់អ្នកដទៃ គឺជារឿងត្រឹមត្រូវបំផុត៕
ប្រភព៖ Businessinsider