យុវជនមួយក្រុមបានបង្កើតកម្មវិធីថ្មីមួយដែលមានវាគ្មិនចូលរួមរហូតដល់ទៅ១០០០រូប
នៅថ្ងៃសៅរ៍ទី ១៨ ឧសភា ខាងមុខនេះ មាន យុវជនមួយក្រុមបានចាប់ដៃគ្នាបង្កើតកម្មវិធីថ្មីប្លែកដែលមានកិច្ចពិភាក្សានៅក្នុងតុមូលមួយ ជាមួយនឹងវាគ្មិនល្បីៗមានដូចជា CEO ម្ចាស់អាជីវកម្ម អតីតសិស្សនិទ្ទេស A & B នឹង បុគ្គលជោគជ័យដែលមាន បទពិសោធន៏ នឹង ជំនាញ។
ដោយកិច្ចពិភាក្សាទាំងនោះទាក់ទងជាមួយ វិស័យអប់រំ និង អាជិពការងារដែលមិនធ្លាប់មានពីមុន។ GENIUS Tables Cambodia ជាកម្មវិធីថ្មីមួយដែលបានបង្កើតឡើងដោយសហការគ្នារវាងយុវជនមួយក្រុម ដើម្បីចូលរួមចំណែកលើកស្ទួយវិស័យអប់រំ និងអាជីពការងារក្នុងសង្គម។ ក្នុងនោះផងដែរ កម្មវិធីមួយនេះមានការចែករំលែក ការស្តាប់ និងកិច្ចពិភាក្សារវាងសិស្សច្បង និងប្អូនៗជំនាន់ក្រោយក្រោមប្រធានបទ «ការសិក្សា និងអាជីពការងារដ៏ធំប្រចាំឆ្នាំ»។
ម្យ៉ាងវិញទៀត ជាការរួមចំណែកដ៏ធំដល់សង្គមជាតិ ដោយក្នុងនោះក្រុមយុវជន បានអញ្ជើញវាគ្មិនចំនួន ១.០០០នាក់ ដែលមកពីស្ថាប័នធំៗក្នុងប្រទេសកម្ពុជា ដើម្បីចូលរួម ព្រមទាំងសិស្សានុសិស្ស ដែលជាសិស្សឆ្នើមប្រចាំឆ្នាំទូទាំងប្រទេស នឹងមកចែករំលែកបទពិសោធជីវិតជោគជ័យក្នុងវិស័យសិក្សា និងអាជីពការងារផងដែរ។
លើសពីនេះទៅទៀត GENIUS Tables Cambodia បង្កើតឡើងក្នុងគោលបំណងឱ្យមានការតាំងពិព័រណ៌ចំនួន២៥ប្រភេទ ដែលចូលរួមតាំងបង្ហាញពីឱកាសការងារ ព្រមទាំងឱកាសទទួលបានអាហារូបករណ៍ក្នុងស្រុក និងក្រៅស្រុក ការតាំងបង្ហាញអំពីផលិតផលនានា មកពីស្ថាប័ន និងក្រុមហ៊ុនរោងចក្រក្នុងស្រុកជាច្រើនផងដែរ។
សូមបញ្ជាក់ថា កម្មវិធី GENIUS Tables Cambodia នឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី ១៨ ឧសភា ឆ្នាំ ២០១៩ នៅThe Premier Centre Sen Sok ហើយកម្មវិធីនេះមានការបើកទូលាយសម្រាប់យុវជន សិស្ស និងនិស្សិត ក្នុងការស្វែងយល់ទាក់ទងនឹងកម្មវិធីនេះ។
នៅវេលាចុងក្រោយនៃកម្មវិធី GENIUS Tables Cambodia ក៏មានការសំដែងល្ខោនខោលខា្នតធំសម្រាប់អ្នកចូលរួម ដែលមានលក្ខណៈពិសេស ប្លែក មិនធ្លាប់មានពីមុនមក៕