អាស៊ានជាតំបន់មួយដែលកំពុងមានភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចសាកល និងកំពុងមានភាពភាពទាក់ទាញការវិនិយោគពីបណ្តាប្រទេសនានាជាច្រើនពិសេសប្រទេសចិន។ ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក World Economic Forum ២០១៧-២០១៨ បានបង្ហាញពីប្រទេសដែលមានការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធខ្លាំងនៅក្នុងតំបន់។
ក្នុងការលើកឡើងពី ៩ ក្នុងចំណោម ១០ ប្រទេសនៃតំបន់អាស៊ាន (លើកលែងមីយ៉ាន់ម៉ា) មាន ៥ ប្រទេសដែលគេសិក្សាឃើញថាទទួលបានពិន្ទុខ្ពស់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងនោះមានដូចជា៖ សិង្ហបុរី ព្រុយណេ ម៉ាឡេស៊ី ថៃ និងឥណ្ឌូនេស៊ី។ គេសង្កេតឃើញថា ព្រុយណេ និងឥណ្ឌូនេស៊ី មានការរីកចម្រើនខ្លាំងពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសខ្លួន ខណៈដែលសិង្ហបុរីហាក់មានបញ្ហាបន្តិចក្នុងពេលថ្មីៗនេះ តែទោះជាយ៉ាងណាក៏សិង្ហបុរីនៅតែវ៉ាដាច់គេក្នុងតំបន់ដដែល។
Graphics by Raffy de Guzman/Rappler
ប្រភេទហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់
មានតែប្រទេសមីយ៉ាន់ម៉ាមួយគត់ ដែលមិនបានចូលក្នុងរបាយការណ៍មួយនេះ។ នៅក្នុងរបាយការណ៍ចេញដោយ World Economic Forum នេះធ្វើការបង្ហាញពីគុណភាពផ្លូវថ្នល់ ផ្លូវដែក ផ្លូវអាកាស កំពង់ផែ ប្រព័ន្ធអគ្គិសនី និងគមនាគមន៍ទូរស័ព្ទសម្រាប់សេដ្ឋកិច្ច សម្រាប់ប្រទេសទាំងអស់។ ហើយការបង្ហាញដោយក្រាហ្វបានឲ្យឃើញថា ទោះបីប្រទេសសិង្ហបុរីមានពិន្ទុមិនល្អក្នុងការពង្រឹងគុណភាពហេដ្ឋារចនាសម្ព័ន្ធក៏ពិតមែនពេលនេះ ក៏សិង្ហបុរីនៅតែកាន់តំណែងជាប្រទេសដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបានល្អជាងគេដដែល។
១) ផ្លូវថ្នល់
ចំពោះផ្លូវថ្នល់ សិង្ហបុរីឈរនៅលំដាប់លេខ ១ ខ្ពស់ជាងគេក្នុងតំបន់អាស៊ាន ជាអ្នកដែលមានផ្លូវស្អាត និងលំដាប់លេខ ២ ក្នុងពិភពលោក នេះបើយោងតាមទិន្នន័យពី WEF ឆ្នាំ ២០១៧-២០១៨។ ទន្ទឹមនឹងនេះ ហ្វីលីពីនទទួលបានពិន្ទុទាបជាងគេក្នុងតំបន់អាស៊ាន និងលំដាប់ទី ១០៤ នៃប្រទេស ១៣៧ (គិតពីគុណភាពផ្លូវ)។
បើធៀបនឹងពិន្ទុកាលពីឆ្នាំ ២០១៦-២០១៧ ឥណ្ឌូនេស៊ីមានការរីកចម្រើនខ្លាំងពាក់ព័ន្ធនឹងគុណភាពផ្លូវថ្នល់ ដែលមកទល់ពេលនេះគេទទួលបានពិន្ទុ ៤.១០ លើ ៧ ដែលកាលពីពេលកន្លងទៅមាន ៣.៩ពិន្ទុ។
២) ផ្លូវដែក
និយាយពីផ្លូវដែកវិញ សិង្ហបុរីក៏នៅតែបន្តនាំមុខគេក្នុងតំបន់អាស៊ាន ខណៈដែលកម្ពុជាទទួលបានការប្រកួតប្រជែងទាបជាងគេលើគុណភាពផ្លូវដែកនេះ។ សម្រាប់កម្ពុជា ផ្លូវដែកមានការរំខានច្រើន យោងតាមសិក្សាពី Centre for Public Impact ចរាចរណ៍ផ្លូវដែកនៅកម្ពុជាត្រូវធ្លាក់ចុះដោយសារតែលក្ខខណ្ឌមួយចំនួនដូចជាខ្វះ ឧបករណ៍ដើម្បីជួសជុល សម្ភារ បច្ចេកទេស ភាពមិនទុកចិត្តលើការប្រើប្រាស់ផ្លូវដែក និងភាពយឺតយ៉ាវខ្លាំងជាងបណ្តាប្រទេសដទៃ។ ដើម្បីដោះស្រាយបញ្ហានេះរាជរដ្ឋាភិបាលកម្ពុជានៅឆ្នាំ ២០០៧ បានចាប់ដៃគូជាមួយធនាគារអភិវឌ្ឍន៍អាស៊ីដើម្បីស្តារផ្លូវដែករបស់ខ្លួនឡើងវិញ។
៣) កំពង់ផែ
កំពង់ផែដើរតួនាទីយ៉ាងសំខាន់ក្នុងការបើកទ្វារពាណិជ្ជកម្ម រវាងសេដ្ឋកិច្ចពីរប្រទេស ហើយក្នុងនោះសិង្ហបុរីត្រូវបានគេមើលឃើញថាជាអ្នកទទួលបានល្អបំផុត។ ដោយសារតែទីតាំងភូមិសាស្រ្តជាយុទ្ធសាស្រ្តរបស់ខ្លួន "កំពង់ផែល្អក្នុងការសម្របសម្រួលសកម្មភាពសេដ្ឋកិច្ច” នាំឲ្យសិង្ហបុរីក្លាយជាជម្រើសដ៏ល្អបំផុតក្នុងការដឹកជញ្ជូនផ្លូវទឹក។ ក្នុងរបាយការណ៍នេះបង្ហាញថា ឡាវជាអ្នកមានការប្រកួតប្រជែងទាបជាងគេផ្នែកផ្លូវទឹកដោយសារឡាវគ្មានដែនសមុទ្រដូចប្រទេសផ្សេងៗទៀត។
៤) ផ្លូវអាកាស
វាត្រូវបានគេព្យាករណ៍ដែរថា វានឹងល្អនាពេលអនាគតសម្រាប់ប្រទេសសិង្ហបុរីទាក់ទងទៅនឹងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវអាកាស។ ដោយដកស្រង់ពីសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) របាយការណ៍ពី Straits Times បាននិយាយថាអាកាសចរណ៍អាចមានតម្លៃ ៨៨ ប៊ីលានដុល្លារដល់សេដ្ឋកិច្ចប្រទេសសិង្ហបុរីនាឆ្នាំ ២០៣៥។ ប្រទេសដែលមានពិន្ទុទាបជាងគេក្នុងវិស័យអាកាសចរណ៍នេះគឺប្រទេសហ្វីលីពីន នៅក្នុងឆ្នាំ ២០៣៥ គេរំពឹងថានឹងមានអ្នកដំណើរតាមផ្លូវអាកាសប្រមាណ ១៤០ លាននាក់ធ្វើដមណើរតាមរយៈអាកាសយានដ្ឋានម៉ានីល ដែលបច្ចុប្បន្នមានតែ ៦០ លាននាក់ប៉ុណ្ណោះ។
៥) ការផ្គត់ផ្គង់អគ្គិសនី
សិង្ហបុរីនៅតែឈានមុខគេក្នុងការផ្គត់ផ្គង់អគ្គសនី បើតាមរបាយការណ៍ពី Business Time កាលពីខែមេសា ឆ្នាំ២០១៨។ ផ្ទុយទៅវិញ កម្ពុជាមានការផ្គត់ផ្គង់អគ្គិសនីមិនសូវល្អប៉ុន្មានទេ ដោយសារតម្លៃអគ្គិសនីនៅខ្ពស់នៅឡើយ ឯការផ្គត់ផ្គង់ថាមពលនៅទាប៕
ដោយ៖ យ៉ាយ៉ា