អត្ថប្រយោជន៍ទាំង ១២ចំនុចក្នុងការគ្រប់គ្រងគុណភាពផលិតកម្ម (Quality Control)
ទាំងអស់គ្នាសុទ្ធតែបានដឹងច្បាស់ហើយថា ក្នុងខ្សែសង្វាក់ផលិតកម្មនីមួយៗ មិនងាសិប្បកម្ម ឬឧស្សាហកម្មកម្រិតណាទេតែងតែត្រូវការចាំបាច់នូវការត្រួតពិនិត្យគុណភាពផលិត Quality Control ឬហៅ កាត់ថា QC។ តើធ្លាប់ដឹងទេថា QC នេះមានសារៈសំខាន់អ្វីខ្លះ ទើបបានជាទាមទារឲ្យមានវាជាចាំបាច់បែបនេះក្នុងការងារផលិតកម្ម?
ខាងក្រោមនេះជាអត្ថប្រយោជន៍ទាំង ១២ ចំនុចរបស់ QC ក្នុងការគ្រប់គ្រងផលិតកម្ម៖
១) ជំរុញឲ្យការផលិតមានគុណភាព
អត្ថប្រយោជន៍ដ៏សំខាន់បំផុតតាមរយៈការធ្វើការគ្រប់គ្រងគុណភាពគឺអភិវឌ្ឍនិងជំរុញគុណភាពផលិតកម្មនៅក្នុងរោងចក្រ។ ត្រួតពិនិត្យថាផលិតផលដែលផលិតចេញ (Output) ស្របតាមគោលការណ៍ដែលយើងចង់បាន គោលការណ៍ដែលកំណត់ដោយស្ថាប័នណាមួយ ឬត្រូវតាមស្តង់ដារហើយឬនៅ?
២) បំពេញចិត្តអតិថិជន
ការដែលផលិតនូវផលិតផលមានគុណភាពល្អ ស្របតាមកម្រិតស្តង់ដារត្រឹមត្រូវជាអ្វីដែលអតិថិជនត្រូវការខ្លាំងបំផុត។ បើរោងចក្រឬសហគ្រាសអាចត្រួតពិនិត្យលើគុណភាពផលិតផលរបស់ខ្លួនបានល្អ គ្មានអ្វីត្រូវបារម្ភពីការមិនពេញចិត្តរបស់អតិថិជនទេក្នុងលក្ខខណ្ឌគុណភាពនេះ។
៣) កាត់បន្ថយការចំណាយលើការផលិត
ការបន្ថយថ្លៃចំណាយផលិតកម្មត្រង់ចំនុចនេះមានន័យថា រាល់ការផលិតមានការតាមដានបានដិតដល់ពីមួយដំណាក់កាលទៅមួយដំណាក់កាល មុនពេលបានជាផលិតផលសម្រេច និងបញ្ចេញទៅទីផ្សារ។ ពេលយើងរកឃើញថាមានកំហុសនៅចំនុចណាមួយ យើងត្រូវរុញវាទៅកែតម្រូវឬផលិតសារថ្មី ហើយវាមានចំនួនតិច ជាជាងផលិតហើយអស់តែក៏ខុសទាំងអស់ នាំឲ្យខាតបង់ច្រើន។
៤) ការប្រើប្រាស់ធនធានយ៉ាងមានប្រសិទ្ធិភាព
QC ជួយធានានូវការប្រើប្រាស់ធនធានដែលមានអស់ពីលទ្ធភាព និងកាត់បន្ថយការខ្ជះខ្ជាយលើការប្រើប្រាស់ធនធានក្នុងកម្រិតអតិបរមា។
៥) កាត់បន្ថយថ្លៃអធិការកិច្ច
ការត្រួតពិនិត្យគុណភាព នាំមកនូវការសន្សំសំចៃក្នុងការធ្វើអធិការកិច្ចលើគុណភាពផលិតផល ហើយកាត់បន្ថយថ្លៃនៃការត្រួតពិនិត្យពីស្ថាប័នច្រើន។ មានន័យថាបើក្នុងរោងចក្ររបស់យើង មានការត្រួតពិនិត្យដែលទទួលបានការទទួលស្គាល់ពីស្ថាប័នពាក់ព័ន្ធផ្នែកគុណភាពហើយ យើងអាចកាត់បន្ថយការចំណាយនៅពេលផលិតផលទៅដល់ទីផ្សារ។
៦) បង្កើនកេរ្តិ៍ឈ្មោះ
ពេលដែលអ្នកអាចផលិតបាននូវផលិតផលដែលមានគុណភាព និងអាចបំពេញចិត្តអតិថិជនបានហើយ QC នេះវានឹងជួយឲ្យផលិតផលរបស់អ្នកដក់ជាប់ក្នុងការគិតរបស់អតិថិជន ដោយសារគុណភាពដ៏ល្អនេះ។
៧) បុគ្គលិក ឬកម្មករមានសីលធម៌ខ្ពស់
មានន័យថាអ្នកជាម្ចាស់ រួមជាមួយបុគ្គលិកអ្នកមានភាពទទួលខុសត្រូវ មានសីលធម៌ក្នុងការប្រកបអាជីវកម្ម មិនកេងបន្លំឬបោកប្រាស់អតិថិជន ផលិតនូវផលិតផលល្អដើម្បីបំរើដល់សេចក្តីត្រូវការរបស់អតិថិជន។
៨) ពង្រឹងទំនាក់ទំនងរវាងនិយោជកនិងនិយោជិត
ការត្រួតពិនិត្យគុណភាពផលិតផលបានអភិវឌ្ឍសមស្របទៅនឹងបរិយាកាសឧស្សាហកម្មផលិតរបស់អ្នកប្រសើរជាងមុន វាបានបង្កើននូវសីលធម៌របស់និយោជិតដែលធានាបានទំនាក់ទំនងការងាររវាងនិយោជកនិងនិយោជិត នាំឱ្យមានការយល់ដឹងកាន់តែប្រសើរនិងកាន់តែភាពជិតស្និទ្ធរវាងពួកគេ។
៩) បង្កើនតិចនិក និងវិធីសាស្រ្តក្នុងផលិតកម្ម
ដោយមានការផ្គត់ផ្គង់ផ្តល់នូវទិន្នន័យបច្ចេកទេស និងវិស្វកម្មសម្រាប់ដំណើរការផលិតនិងផលិតកម្ម ការកែលម្អវិធីសាស្រ្តនិងរចនាផ្សេងៗនៃផលិតកម្មនេះ វាត្រូវបានធានាដោយការគ្រប់គ្រងគុណភាព។
១០) ការផ្សព្វផ្សាយដ៏មានប្រសិទ្ធិភាព
ជាក់ណាស់ដែលថា ការត្រួតពិនិត្យលើដំណើរការផលិកម្មវាមានជះឥទ្ធិពលដល់ការផ្សព្វផ្សាយរបស់យើង។ ដោយសារគុណភាពផលិតផលល្អ ដូចនេះជួយឲ្យគេទទួលបានភាព ជោគជ័យលើផ្នែកទំនុកចិត្តរបស់អតិថិជន។
១១) សម្របសម្រួលដល់ការកំណត់ថ្លៃ
ដោយការគ្រប់គ្រងលើគុណភាព ជួយដល់ការប្រើប្រាស់ធនធានយ៉ាងមានប្រសិទ្ធិភាព និងការបន្ថយចំណាយខ្ជះខ្ជាយបានកម្រិតអតិបរមា នោះវានាំឲ្យមានភាពងាយស្រួលក្នុងការកំណត់ថ្លៃផលិតផលបានយ៉ាងសមរម្យងាយស្រួលប្រកួតលើទីផ្សារ។
១២) បង្កើនការលក់
ស្របពេលដែលផលិតផលមានគុណភាពតាមការកំណត់ស្តង់ដារ មានភាពទាក់ទាញ អាចបំពេញចិត្តអតិថិជន ការកំណត់តម្លៃផលិតផលមានភាពសមរម្យ នាំឲ្យងាយស្រួលដល់ការប្រកួតប្រជែងក្នុងទីផ្សារ នោះគ្មានអ្វីត្រូវខ្លាចទេក្នុងការទទួលបានចំនួនលក់ខ្ពស់ទេ (increase in sale volume)។ ខណៈនេះប្រាក់ចំនេញនឹងមានការកើនឡើងជាលំដាប់៕
ដោយ៖ យ៉ាយ៉ា