បងធំអាស៊ានទាំង ៤ ដែលនឹងមាន GDP ច្រើនជាង ១ទ្រីលានដុល្លារក្នុងឆ្នាំ ២០៣០​



អាស៊ាន​ត្រូវ​បានគេ​រំពឹង​ទុក​ថា​នឹង​ក្លាយ​ជា​ប៉ូល​ដែលមាន​ភាពរីក​ចម្រើន​ខ្លាំង​មួយក្នុ​ងពិភព​លោកដោយ​សារ​តែឥទ្ធិពលប្រទេស​ចំនួន​៤ នៅ​ឆ្នាំ ២០៣០។ ប្រទេស​ទាំង៤​នេះ​ត្រូ​វ​បាន​គេ​ព្យាករណ៍​ថា​នឹង​ស្ថិត​នៅក្នុ​ងលំដាប់​ផលិតផលក្នុងស្រុកសរុប (GDP) ច្រើន​ជាង ​១ទ្រីលាន​ដុល្លារ​អាមេរិកក្នុ​ងឆ្នាំ ២០៣០ ខាង​មុខ​នេះ។ ​ដែលនេះ​នឹង​ជួយ​ជំរុញឲ្យ​មាន​ការ​កើន​ឡើង​នូវ​កត្តា​ភូមិ​សាស្ត្រ​នយោ​បាយ និងសារៈសំខាន់សេដ្ឋកិច្ចរបស់អាស៊ាន​ដូច​ជា នយោបាយនិងសេដ្ឋកិច្ចក្នុងការប្រមូលផ្តុំការទូតអន្តរជាតិនិងកិច្ចសន្ទនាសកលស្តីពីពាណិជ្ជកម្ម ការ​វិនិ​យោគ និង​ការ​កំណត់​ស្តង់​ដារ​អន្តរជាតិ​ជាដើម​។ ​

ប្រទេស​ដែល​នឹង​នាំ​ឲ្យ​សេដ្ឋ​កិច្ច​តំបន់​អាស៊ាន​ឈាន​មុខ​គេ​នោះ​មាន​ដូចជា៖ ឥណ្ឌូនេ​ស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងថៃ៖

១) ប្រទេសឥណ្ឌូ​នេស៊ី


ឥណ្ឌូ​នេស៊ី​ជា​ប្រទេស​ដែល​មាន​សេដ្ឋ​កិច្ច​ធំ​ជាង​គេ​ក្នុ​ងតំបន់​អាស៊ាន​ ហើយ​ក៏​ជា​ទី​ផ្សារ​មួ​យ​ដែ​ល​មាន​ភាពលេច​ធ្លោ​បំផុត​ក្នុ​ងពិភព​លោក​។ តាម​ការ​ព្យាករណ៍​ GDP ប្រទេស​នេះ​មានការ​កើន​ឡើង​ ៥% ក្នុ​ងមួយ​ឆ្នាំ ២០១៦-២០២០។ នេះដោយ​សារ​ភាពរីកលូ​តលាស់​ខ្លាំង និង​មាន​ភាព​រឹង​ម៉ាំ​លើ​តម្រូវ​ការ​អ្នក​ប្រើ​ប្រាស់ និង​ការ​វិនិ​យោគលើ​ហេដ្ឋ​រចនា​សម្ព័ន្ធ​ក្នុ​ងប្រទេស។ ឥណ្ឌូ​នេស៊ី​បាន​ត្រៀម​ខ្លួន​រួចជាស្រេចសម្រាប់ឆ្នាំ ២០២០​ ក្នុ​ងការ​ក្លាយ​ខ្លួន​ជា​នាំ​មុខ​ក្នុ​ងតំបន់ និង​ជា​ប្រទេស​​ដែល​នឹង​មាន​ GDP ​លើសពី ១ទ្រី​លាន​ដុល្លារ​នៅ​ឆ្នាំ ២០៣០ ដោយ​គ្រោង​កាន់​តំណែង ៣,៧ ទ្រីលាន​ដុល្លារ។ ការធ្វើបែបនេះនឹងបង្កើនឥទ្ធិពលភូមិសាស្ត្រនយោបាយរបស់ឥណ្ឌូណេស៊ីជាទីផ្សារមួយ​ឈានមុខគេ ក៏ជា​ការបង្កើតគោលនយោបាយអន្តរជាតិនានា​នៅក្នុងវេទិកាសកលដូចជា G-20 និងអង្គការសហប្រជាជាតិជាដើម​។

២) ប្រទេស​ម៉ាឡេស៊ី

បន្ទាប់​ពី​ឥណ្ឌូ​នេស៊ី គេ​បាន​កត់​សម្គាល់​ថា ម៉ាឡេស៊ីក៏កំពុង​ខិត​ខំ​ធ្វើ​យ៉ាង​ណា​ដើម្បីបានសម្រេច​គោល​ដៅ​របស់​ខ្លួន​ដើម្បីទទួល​បាន GDP សម្រាប់​ប្រជាជន​ម្នាក់ (GDP per capita) ២០,០០០ ដុល្លារក្នុ​ងឆ្នាំ ២០២៥ និង​ GDP ប្រទេស លើសពី​ ១ទ្រី​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០៣០។ រចនាសម្ព័ន្ធ​សេដ្ឋ​កិច្ច​របស់​ប្រទេស​នេះ​នឹង​បន្តកើន​ឡើង​ខ្ពស់​នូវ​តម្លៃបន្ថែម​ផ្នែក​ផលិត​កម្ម​ និង​សេវាកម្ម​។ ​យុទ្ធសាស្រ្ត​នៃភាព​រីក​ចម្រើន​ក្នុ​ងវិស័យ​សេវាកម្ម​​រួម​មាន​ដូច​ជា វិស័យ​ហិរញ្ញ​វត្ថុ ការ​ថែ​ទាំ​សុខុ​មាល​ភាព ពាណិជ្ជកម្ម​អាកាស​ចរណ៍ ទេស​ចរណ៍ និង​ផ្នែក​ព័ត៌​មាន​វិទ្យាជាដើម​ ដែលជា​ហេតុ​នាំ​ឲ្យ​ម៉ាឡេស៊ី​ក្លាយ​ជា​ប្រទេស​មួយ​ដែល​នាំ​មុខ​គេ​ផ្នែកសេដ្ឋ​កិច្ច​នៃ​ការ​នាំ​ចេញលើឆាក​អាស៊ាន​។​ ចំនុច​មួយ​ផ្សេង​ទៀ​តដែល​គេ​បាន​ព្យាករណ៍​នោះ​គឺ ចំនួន​ប្រជា​ជន​នឹង​មានការ​កើន​ឡើងដល់ ៣៦​លាន​នាក់សម្រាប់​ត្រឹមឆ្នាំ ២០៣០​ គិតជា​ភាគ​រយ​គឺ​មានការ​កើន​ឡើងប្រមាណ ២២,៦% ធៀប​នឹង​ឆ្នាំ ២០១២។ ​

៣)​ ប្រទេស​ហ្វី​លី​ពីន

ហ្វីលី​ពីន​ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​សេដ្ឋ​កិច្ច​រីក​ចម្រើន​ឆាប់​រហ័ស​ដែរ ផ្អែក​លើ​កំណើន​ GDP ប្រមាណ ៦% ក្នុង​មួយឆ្នាំ ២០១១-២០១៥ និង ៥,៨% ចន្លោះ​ពី ២០១៦ ទៅ ២០១៨។ ធ្លាប់​មាន​ការការ​ព្យាករណ៍​ថា សេដ្ឋ​កិច្ច​ប្រទេស​ហ្វី​លីពីនមាន​ការរីក​ចម្រើន ៣០០ ប៊ី​លាន​ដុល្លារ​ក្នុ​ងឆ្នាំ ២០១៦ និង កើន​ដល់ ៧០០ ប៊ី​លាន​ដុល្លារ​ក្នុ​ងឆ្នាំ ២០២៥ ហើយ​ក៏​មិន​ខុស​ពី ១ ទ្រី​លា​ន​ដុល្លារ​ដែរ​សម្រាប់​ឆ្នាំ ២០៣០។ ​


៤) ប្រទេស​ថៃ

ទោះ​បី​ថៃ​បាន​ជួប​ប្រទះ​បញ្ហា​កាលពី​ឆ្នាំ​ ២០១៤​ ដោយសារអស្ថិរភាពន​យោ​បាយ និង​ការ​កើន​ឡើង​នៃ​រូ​បិយ​ប័ណ្ណបរទេស​ដូចជា​ប្រាក់​យ័ន និង​ប្រាក់​ដុល្លារ​ក្តី តែ​បច្ចុប្បន្ន​វា​មាន​ភាពប្រសើរ​ឡើង​វិញ។ ជាមួយ​អត្រាកំណើន​ប្រចាំឆ្នាំត្រូវ​បាន​គេ​សម្មតថាជា​មធ្យម ៣% ចន្លោះ​ឆ្នាំ ២០១៦ ទៅ ២០២០ នោះ​វា​បាន​ធ្លាក់​ចុះ​មកនៅ ១% កាល​ពីឆ្នាំ ២០១៤ហើយ​ក៏​ជា​ប្រវត្តិ​សាស្រ្ត​មួយ​ដែល​កំណើន​មានកម្រិត​ទាប​បែប​នេះ។ តែ​ទោះ​ជា​យ៉ាង​ណា​វាក៏​មាន​កើន​ឡើង​វិញ​បន្ទាប់​ពី​មានការ​លូក​ដៃ​ពី​អ្នក​កេង​ចំណេញ​ទីផ្សារ Speculator ដើម្បី​ឲ្យ​មាន​ចរាចរណ៍​សាច់​ប្រាក់​ និង​ដំណើរ​ការ​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ​ក្នុ​ងប្រទេស​ឡើង​វិញ​ ក៏​ដូចជាការ​បញ្ចេញ​សាច់​ប្រាក់​ជួយ​ស្រោច​ស្រង់​ពី​សំណាក់​មូល​និធិ​រូបិយ​វត្ថុ​អន្តរជាតិ​ IMF។ មាន​ក្រុមហ៊ុនចំនួន ៣០៥ បានចុះបញ្ជីទាំងនៅ SET និង​ Market for Alternative Investment AIM មាន​ទឹក​ប្រាក់​ប្រមាណ ២៤ប៊ី​លានដុល្លារ ឬ ៧៧០ប៊ី​លាន​បាត។ ការរកឃើញគួរឱ្យកត់សម្គាល់មួយទៀតគឺថាប្រទេសថៃស្ថិតក្នុងចំណោមទីផ្សារកំពូលដែលត្រូវបានគេរំពឹងថា នឹងនាំមកនូវការបង្កើនដើមទុននៅឆ្នាំ ២០៣០។​

ទន្ទឹមនឹងនេះដែរទីផ្សារនៃ​ប្រទេសព្រំដែនអាស៊ានដូចជា ប្រទេសវៀតណាម មីយ៉ាន់ម៉ា កម្ពុជា និងឡាវត្រូវបានគេព្យាករណ៍ថានឹងបន្តកើនឡើងយ៉ាងឆាប់រហ័សផងដែរ។ វៀតណាមនឹងកើនឡើងក្នុងកម្រិតប្រហែល ៦,៥% ក្នុងមួយឆ្នាំក្នុងរយៈពេលមធ្យម ដោយមានកំណើនយ៉ាងឆាប់រហ័សក្នុងការនាំចេញផលិតផលអេឡិចត្រូនិក និងសម្លៀកបំពាក់ដែលជំរុញដល់ការអភិវឌ្ឍឧស្សាហកម្ម។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU -Vietnam និងកិច្ចព្រមព្រៀង TPP ដែលបានគ្រោងទុក នឹងជួយបង្កើនទីផ្សាររបស់វៀតណាមដល់សហភាពអឺរ៉ុបនិងអាមេរិកសម្រាប់ការនាំចេញផលិតផលរបស់ខ្លួនដោយកាត់បន្ថយឧបសគ្គផ្នែក​ពន្ធគយ៕

ដោយ៖ យ៉ាយ៉ា​

 

X
5s