ធនាគារ ប្រេដ ប៊ែង ខេមបូឌា បានពង្រីកសាខារបស់ខ្លួនដល់ខេត្ដបាត់ដំបងហើយ​​



ធនាគារ ប្រេដ ប៊ែង ខេមបូឌា ដែលជាធនាគារអឺរ៉ុបតែមួយគត់​​នៅកម្ពុជា​​បាន​បើក​សម្ពោធ​សាខា​ថ្មី​មួយ​ទៀតហើយ​​នៅ​ខេត្ត​បាត់ដំបងនាពេលថ្មីៗនេះ។


សាខាបាត់ដំបងគឺជាសាខាទី៥ នៅក្នុងប្រទេសកម្ពុជា និងជាសាខាទី២ នៅតាមបណ្តាខេត្តដែល​ត្រូវ​បានបើក​សម្ពោធនៅ​ព្រឹក​ថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ ២០១៩ ​ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង  ឯកឧត្តម រ័ត្ន សុវណ្ណនរៈ  អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា និង លោក Guillaume Perdon អគ្គនាយកនៃធនាគារ ប្រេដ ប៊ែង ខេមបូឌា។​ 

ការពង្រីកខ្លួនទៅកាន់​ទឹកដី​ប្រកប​ដោយ​សក្ដានុពល​កសិកម្ម​មួយ​នេះ​ ​ធ្វើ​ឱ្យ​គេ​មើល​ឃើញ​ថា​ ​ធនាគារ​ ប្រេដ ប៊ែង ខេមបូឌា ​ជា​ដៃគូដែល​ផ្ដល់​នូវ​​ភាពងាយស្រួល​ក្នុងការដាក់ប្រាក់ ដកប្រាក់ បើកគណនីសន្សំ និងប្រើប្រាស់សេវាកម្ម    ផ្សេងៗ​សម្រាប់​អតិថិជន​នៅ​តាម​បណ្ដា​ខេត្ត​ដែល​មាន​សក្ដានុពល​ខ្ពស់។

ចាប់តាំងពី ធនាគារ ប្រេដ ប៊ែង ខេមបូឌា ​ បានបើកដំណើររយៈពេល ២ ឆ្នាំមកនេះ ធនាគារមួយនេះមានការគ្រាំទ្រខ្លាំងពីសំណាក់ប្រជាជនកម្ពុជាដោយសារ ធនាគារ ប្រេដ ប៊ែង ខេមបូឌា ​បានផ្ដល់នូវទំនុកចិត្ដ បម្រើសេវាកម្មប្រកបដោយគុណភាពខ្ពស់ មានប្រសិទ្ធភាព វិជ្ជាជីវៈ ភាពបត់បែន និងការយកចិត្ដទុកដាក់ខ្ពស់សម្រាប់អតិថិជន។

លោក Olivier Klein នាយកប្រតិបត្តិ ក្រុមធនាគារ ប្រេដ គ្រុប បានមាន​ប្រសាសន៍​ថា​ ៖«ក្រុមធនាគារ ប្រេដ គ្រុប (BRED Group) បានដាក់យុទ្ធសាស្រ្ត "ធនាគារគ្មានរយៈចម្ងាយ" ចាប់តាំងពីឆ្នាំ ២០១៦ តាមរយៈការដាក់ឲ្យប្រើប្រាស់នូវ "ធនាគារមួយដែលនៅជិតអតិថិជនរបស់ខ្លួន ទាំងទីតាំងភូមិសាស្ដ្រ ក៏ដូចជាទំនាក់ទំនង ធ្វើយ៉ាងណាឲ្យទទួលបាននូវអ្វីដែលល្អបំផុតតាមដែលការខិតជិតផ្នែកឌីជីថល និងបណ្តាសាខាអាចផ្តល់ទៅបាន»។

ពាក់ព័ន្ធ​នឹង​ចំណុច​នេះ​ដែរ​ លោកស្រី មាស គន្ធា នាយិកាគ្រប់គ្រងបណ្តាញសាខារបស់ធនាគារ ប្រេដ​ ប៊ែង ខេមបូឌា បាន​​លើក​ឡើង​​​ថា​ ៖«ការបើកទីតាំងជាច្រើននៅរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្តាខេត្តសំខាន់ៗ ផ្តល់ឱកាសឱ្យយើងក្នុងការពង្រីកវិសាលភាពនៅក្នុងប្រទេស និងពង្រីកសេវាកម្ម សម្រាប់អតិថិជនរបស់យើងនាពេលបច្ចុប្បន្ននិងអនាគត។ ការបើកបណ្តាញនេះគឺជាបំណែកដ៏សំខាន់ក្នុងការផ្តល់សេវាកម្មធនាគារដ៏ពេញលេញមួយ។ បន្ថែមពីលើកម្មវិធីធនាគារចល័ត (Mobile App) និងប្រព័ន្ធផ្តល់សេវាធនាគារតាមអ៊ីនធឺណែត ទីតាំងថ្មីៗរបស់យើងជួយយើងក្នុងការនាំយកសេវាកម្មធនាគារកាន់តែកៀកទៅនឹងអតិថិជនរបស់យើង។ អាទិភាពរបស់យើងគឺបំពេញតម្រូវការផ្នែកធនាគារនិងការផ្តល់ប្រាក់កម្ចីតាមរយៈបណ្ដាញដែលមានទាំងអស់»។

ក្រុមការងារប្រកបដោយបទពិសោធន៍នៃធនាគារ ប្រេដ ប៊ែង ខេមបូឌា នឹងធានាផ្តល់ជូនអតិថិជននូវជំនួយហិរញ្ញវត្ថុនិងប្រឹក្សាយោបល់ដ៏ល្អបំផុត សមស្របទៅតាមតម្រូវការរបស់ពួកគាត់។

“គោលបំណងរបស់យើងគឺការបំបាត់នូវគម្លាតនិងផ្តល់ជូនប្រជាជនកម្ពុជានូវដៃគូទំនាក់ទំនងដែលអាចទុកចិត្តបាននិងដែលអាចពិភាក្សាដោយសេរីជាមួយបាន ពីគម្រោងនិងមហិច្ឆតារបស់ពួកគាត់។ អ្វីដែលសំខាន់សម្រាប់យើងគឺធ្វើយ៉ាងណាដើម្បីឲ្យយើងអាចបម្រើលោកអ្នក និងជួយលោកអ្នកឱ្យរីកចម្រើនបាន។ ចាប់ផ្តើមជាមួយ ប្រេដ រីកចម្រើនជាមួយ ប្រេដ។" នេះបើតាមការលើកឡើងរបស់ លោក Guillaume Perdon អគ្គនាយកនៃធនាគារ ប្រេដ ប៊ែង ខេមបូឌា។

​យើង​មើល​ឃើញ​ថា​ ​ធនាគារ ប្រេដ ប៊ែង ខេមបូឌា ​កំពុង​វិវឌ្ឍន៍ខ្លួនទៅជាធនាគារបែបឌីជីថល។ បន្ថែមពីលើសាខាដែលមាននៅក្នុងតំបន់ដែលផ្តល់ជូននូវដំណោះស្រាយពីចម្ងាយដល់សាធារណជននិងអាជីវកម្ម តាមរយៈគេហទំព័រ សេវាធនាគារតាមអ៊ីនធឺណេត (Internet Banking) សេវាធនាគារតាមកម្មវិធីទូរសព្ទដៃ និងសេវាទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក នឹងមានវត្តមាននៅលើបណ្តាញសង្គមដើម្បីបំពេញតាមតម្រូវការទីផ្សារក្នុងពេលបច្ចុប្បន្ននេះ។

​រឹត​តែ​គួរ​ឱ្យ​ចាប់អារម្មណ៍​ទៅ​ទៀត​នោះ​ ធនាគារ ប្រេដ ប៊ែង ខេមបូឌា គ្រោង​នឹងបើកបណ្តាញសាខាថ្មីៗជាច្រើនទៀតនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា នាពេលឆាប់ៗខាងមុខនេះ​ដូចជានៅចោមចៅ នៅខែមិថុនា នៅម្តុំផ្សារអូឡាំពិក នៅខែកញ្ញា និងនៅផ្លូវ ២៧១ ក្រុងភ្នំពេញឬនៅក្រុងព្រះសីហនុនៅចុងឆ្នាំ ២០១៩។

ទិសដៅរបស់ ធនាគារ ប្រេដ ប៊ែង ខេមបូឌា គឺបើកសាខាចំនួន ២០ និងដាក់ឲ្យដំណើរការទូអេធីអឹមចំនួន ១០០ នៅចុងឆ្នាំ ២០២០ ខាងមុខនេះ។

​សូម​បញ្ជាក់​ថា​ កាល​ពី​ពេល​ថ្មី​ៗ​នេះ  ធនាគារប្រេដ ប៊ែង ខេមបូឌា ​ បានបង្កើតគម្រោងធនាគារថ្មីមួយ ដែលមានឈ្មោះថា Women Initiative ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុខាងផ្នែកអាជីវកម្មរបស់សហគ្រិនស្រ្តី ក្នុងទិសដៅគាំទ្រដល់ការពង្រីកអាជីវកម្មរបស់ពួកគាត់ឲ្យកាន់តែប្រសើរឡើងជាងមុន៕

 

 

 

 

X
5s